ភ្នំពេញ ៖ និយាយដល់ឈ្មោះ ពូណុយ ពូណម និងនាយស្ពៃ បងប្អូនប្រិយមិត្តច្បាស់ជាបានស្គាល់ច្បាស់ហើយថា ក្រុមគាត់តែងតែបង្កើតនូវសំណើចគ្រប់រសជាតិជូនប្រិយមិត្តអ្នកទស្សនា។ អ្វីដែលកាន់តែសំខាន់ជាងនេះទៅទៀតនេះ មួយរយៈពេលចុងក្រោយ គេសង្កេតឃើញថា ក្រុមតារាកំប្លែងនេះកាន់តែមានយីអ៊ុនឡើងខ្លាំងៗ ដោយក្តោបបានការងារសម្តែងកាន់តែច្រើន ជាពិសេសនៅកម្មវិធីរបស់បណ្តាស្ថានីយទូរទស្សន៍ល្បីនៅកម្ពុជាផងដែរ។
ជាពិសេសនោះ គឺពូ ណុយ ដែលមានឈ្មោះពិត បណ្ណ សំណាង ហាក់ទទួលការងារសម្តែងតាមស្ថានីយទូរទស្សន៍ជាច្រើន មិនថាការសម្តែងជាប្រភេទកំប្លែង ប្រម៉ូតផលិតផល និងការសម្តែងកម្មវិធីខ្លីៗ (show) អ្វីនោះទេ គឺតារាកំប្លែងរូបនេះ បានទទួលយកទាំងអស់ ដោយធ្វើអោយតារាកំប្លែងពូណុយ មានការមមាញឹកជាខ្លាំងនៅក្នុងរង្វង់សិល្បៈរបស់លោក។
ប្រាកដណាស់ កាលពីពេលថ្មីៗនេះ គេឃើញក្រុមរបស់ពូណុយ បានចូលសម្តែងនៅតាមកម្មវិធីទូរទស្សន៍ជាច្រើន ដោយមួយរយៈចុងក្រោយនេះ ធ្វើតារារូបនេះមានការគាំទ្រកាន់តែច្រើនឡើងៗ និងជាពិសេសក្រុមរបស់លោកបានចូលមកសម្តែងក្នុងកម្មវិធីផ្សេងៗ ដូចជា សំណើចតាមភូមិ Saturday Night Light របស់ស្ថានីយ៍ទូរទស្សន៍ CTN និងតាមបណ្តាស្ថានីយទូរទស្សន៍ជាច្រើនទៀត។
តាមរយៈបទសម្ភាសន៍ជាមួយសារព័ត៌មានកោះសន្តិភាព តារាកំប្លែងពូណុយ បានថ្លែងថា លោកពិតជាសប្បាយរីករាយជាខ្លាំង ដោយលោកបានទទួលការងារជាច្រើនជាមួយទូរទស្សន៍ ហើយលោកក៏មានការមមាញឹកជាខ្លាំងជាមួយការងាររបស់លោកសព្វថ្ងៃ ដោយរកពេលសម្រាកសឹងតែមិនបាន។ មួយរយៈចុងក្រោយនេះ គេបានឃើញក្រុមរបស់ពូណយ ដែលមាននាយស្ពៃ ពូណម ពូណយ និងតារាកំប្លែងជាច្រើនទៀត បានចូលមកសម្តែងនៅក្នុងកម្មវិធីសំណើចតាមភូមិ និងកម្មវិធីជាច្រើនទៀត ដោយទទួលការរិះគន់ផង និងការសរសើរផង។
ប្រាកដណាស់ តារាកំប្លែងពូណុយ ក៏ចង់បង្ហាញអារម្មណ៍ទាក់ទងជាមួយការរិះគន់ទាំងអស់នោះដែរ ដោយលោកនិងក្រុមកំប្លែងពេលខ្លះមិនហ៊ានចូលមើលខមិននោះទេ ព្រោះមានការរិះគន់ច្រើន ដោយខ្លះបានលើកឡើងថា ជាក្រុមដែលជំនួសគេ ជាក្រុមដែលបែបនេះបែបនោះ និងការលើកឡើងដោយការរិះគន់ និងការប្រើប្រាស់ពាក្យសម្តីមិនសមរម្យជាច្រើនទៀត។ សម្រាប់លោកផ្ទាល់ លោកមិនមានការខឹងអ្វីនោះទេ គឺលោកទទួលយកទាំងអស់ ព្រោះការរិះគន់ធ្វើអោយលោក និងក្រុមរបស់លោកនឹងល្អប្រសើរឡើងមួយកម្រិតទៀត។
បើទាក់ទងជាការសម្តែងនៅលើកញ្ចក់ទូរទស្សន៍លើកបានអោយដឹងថា ក្រុមលោកដែលបានសម្តែងនៅក្នុងនៅកម្មវិធីទូរទស្សន៍នោះ គឺមិនមានការចុះក្នុងត្រាអ្វីនោះ ដោយគ្រាន់តែជាសម្តែងដោយគេហៅទៅសម្តែងតែប៉ុណ្ណោះ ហើយនាពេលនេះលោកបានសម្តែងចប់ហើយដែរ។
តារាកំប្លែងពូណុយបានបន្តថា សព្វថ្ងៃនេះ លោកពិតជារវល់ជាមួយការងាររបស់លោកជាខ្លាំង ដោយលោកត្រូវទៅសម្តែងអោយទូរទស្សន៍រហូតដល់ទៅ ៤ ឬ ៥ ស្ថានីយទូរទស្សន៍ឯណោះ ដូច្នេះសម្រាប់លោកពិតសប្បាយចិត្តជាមួយការងារដ៏ច្រើនរបស់លោក។ តារាកំប្លែងពូណុយបានបន្តថា ប្រសិនបើមានទូរទស្សន៍ហៅអោយទៅសម្តែង នោះលោកនឹងយកទូរទស្សន៍ហើយ ដោយមូលហេតុការសម្តែងសូរខ្លីៗលោកពុំសូវទទួលបានអ្វីច្រើននោះទេ ប៉ុន្តែតាមរយៈសូរខ្លីៗនេះដែលធ្វើអោយលោកមានគេស្គាល់ច្រើន។
តាមរយៈការសម្តែងតាមកញ្ចក់ទូរទស្សន៍ លោកក៏បានអោយដឹងថា លោកទទួលបានតម្លៃខ្លួនគួរសម្យ ជាពិសេសមានក្រេឌីត មុខមាត់ ហើយក៏មានការគាំទ្រច្រើនពីទស្សនិជន និងសំណាក់មហាជនជាច្រើន៕