ភ្នំពេញ ៖ តារាស្រីក្នុងរឿង «នាងកែវមុខសេះ» ថុន មរកត បច្ចុប្បន្ន នាងកាន់តែមានទីផ្សារសិល្បៈខ្ពស់ ដោយនៅក្នុងនោះខ្សែភាពយន្តចំនួន៣រឿង នាងទទួលបានតំណែងជាតួឯកទាំងអស់នោះ។ ហើយប្រឡូកក្នុងវិស័យសិល្បៈកាន់តែពេញដៃ និងសាងកេរ្តិ៍ឈ្មោះកាន់តែល្បីនាពេលនេះ ថុន មរតក កាន់តែបង្ហាញក្តីបារម្ភ និងខ្លាចរអាពាក់ព័ន្ធទៅនឹងរឿងរ៉ាវសេ្នហា ដែលត្រូវគេលើកយកមកផ្សព្វផ្សាយជាសាធារណៈ ក្នុងពេលដែលបច្ចុប្បន្ននាងកំពុងស្ថិតនៅក្រោមការគ្រប់គ្រងពីឪពុកម្តាយរបស់នាង។
តារាសម្តែងដែលមានវ័យ១៩ឆ្នាំរូបនេះ បានអះអាងប្រាប់កោះសន្តិភាពតាមសារអេឡិចត្រូនិចថា «រឿងបញ្ហាស្នេហា នាងមិនចង់និយាយឡើយ បើទោះបីជាបច្ចុប្បន្ននាងបានប្រឡូកក្នុងសិល្បៈ និងមានអ្នកស្គាល់កាន់តែច្រើនក៏ដោយ»។ នាងនិយាយថា «រឿងនេះ ខ្ញុំមិនអាចនិយាយបានឡើយ ដោយសារបច្ចុប្បន្ន ខ្ញុំកំពុងស្ថិតនៅក្រោមការគ្រប់គ្រងពីប៉ាម៉ាក់ខ្ញុំ ចឹងខ្ញុំមិនចង់ឲ្យមានបញ្ហានឹងទៅផុសនៅលើបណ្តាញផ្សេងៗឡើយ ហើយម្យ៉ាង ប៉ាម៉ាក់ខ្ញុំមិនចង់ឲ្យមានបញ្ហាអញ្ចឹង»។
យ៉ាងណា តារាស្រីរូបនេះមិនទាន់បញ្ជាក់ទេថា តើបច្ចុប្បន្ននាងមានម្ចាស់បេះដូងហើយឬនៅ? ខណៈគេជឿថា សម្រាប់នាងជាអ្នកសិល្បៈ និងមានរូបសម្រស់ស្រស់សោភា ថុន មរកត នាពេលនេះ មិនខ្វះទេបុរសជាច្រើនតាមសុំស្នេហ៍នាងនោះឡើយ។
ដោយឡែកពាក់ព័ន្ធបញ្ហាការងារសិល្បៈវិញ តារាសម្តែងដែលមានដើមកំណើតមកពីក្រុងតាខ្មៅ ខេត្តកណ្តាល ថុន មរកត រូបនេះលើកឡើងថា បន្ទាប់ពីនាងបានថតបញ្ចប់ខ្សែភាពយន្តរឿង «នាងកែវមុខសេះ» ដែលជារឿងដំបូងរបស់នាងនោះមក ពេលនេះនាងក៏ទើបតែថតបញ្ចប់រឿងចំនួន៣បន្ថែមទៀតដែរ។ នាងបញ្ជាក់ថា រឿងទាំង៣នោះ មានរឿង «ចៅហ្វាយមាត់ដាច» និងរឿង «គង់ហ៊ាន» រឿងទាំងពីរនេះ គ្រោងនឹងចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍នានាក្នុងពេលឆាប់ៗនេះ ចំណែករឿងទី៣ ដែលគ្រោងចាក់បញ្ចាំងតាមរោងភាពយន្តនាពេលខាងមុខនេះ នាងសុំលាក់ចំណងជើងសិន។
នាងបន្តថា ខ្សែភាពយន្តទាំង៣រឿងខាងលើនេះ គឺនាងជាតួឯកទាំង៣រឿង ខណៈពេលដែលនាងរំពឹងថា រឿងទាំង៣ដែលនាងបានសម្តែងនេះ នឹងទទួលបានការគាំទ្រពីសំណាក់អ្នកទស្សនា ដូចរឿងដំបូងដែលនាងបានសម្តែងនោះដែរ។
ស្រីស្អាត ថុន មរកត បន្ថែមថា ក្រៅពីការសម្តែងក្នុងខ្សែភាពយន្តនេះ នាងក៏ថតស្ពតពាណិជ្ជកម្ម សម្អាងការ និងឡើងថតសម្តែងក្នុងកម្មវិធីផ្សេងៗ ហើយចប់ពីការថតនោះ នាងថែមទាំងឆ្លៀតបន្តការសិក្សាផងដែរ ក្នុងពេលដែលនាងធ្លាប់ផ្អឹបការសិក្សានេះមួយឆ្នាំហើយ ដោយសារការថតខ្សែភាពយន្ត។
នាងបញ្ជាក់ថា កាលពីនាងថតរឿង «នាងកែវមុខសេះ» នោះ នាងបានលះបង់ចោលការសិក្សាមួយរយៈ ពោលគឺនាងបានសម្រេចធីបចោលការសិក្សារបស់ខ្លួនរយៈពេលមួយឆ្នាំពេញ ដើម្បីមានឱកាសបានចូលថតភាពយន្តជាលើកដំបូងរបស់ខ្លួន ដែលបានធ្លាក់មកដោយមិននឹកស្មានដល់។
យ៉ាងណា បើតាមស្រីស្អាត ថុន មរតក បានបន្តទៀតថា បើទោះបីជានាងស្រឡាញ់ការងារសិល្បៈ ហើយកំពុងមានការមមាញឹកក្នុងអាជីពនេះក៏ដោយ ប៉ុន្តែក្នុងអំឡុងពេលនេះ នាងមិនអាចចោលការសិក្សាទាំងស្រុងនោះឡើយ ពោលគឺនាងនៅតែឆ្លៀតបន្តការងារសិល្បៈរបស់ខ្លួន ដើម្បីឲ្យនាងមានអ្វីជារំពឹងសម្រាប់ខ្លួនឯងជាមុនសិន។ នាងបន្ថែមថា បច្ចុប្បន្ន នាងបាននិងកំពុងសិក្សាតែនៅពេលព្រឹកប៉ុណ្ណោះ ហេតុនេះពេលថ្ងៃនាងអាចទទួលថតធម្មតា ហើយបញ្ហានេះខាងផលិតករ ក៏មានការយោគយល់ច្រើនសម្រាប់រូបនាងផងដែរ។
ទោះជាយ៉ាងណា ក្នុងពេលដែលកេរ្តិ៍ឈ្មោះក្នុងវិស័យសិល្បៈកំពុងតែល្បីល្បាញនោះ ស្រីស្អាត ថុន មរតក ថា នៅតែរក្សាតម្លៃខ្លួនថតដដែល ពោលគឺនាងមិនបានតម្លើងថ្លៃខ្លួនឲ្យថ្លៃជាងមុន នៅពេលដែលខ្លួនចាប់ផ្តើមល្បីនោះទេ។ នាងថា សម្រាប់តម្លៃការថត គឺនាងនៅតែរក្សាដដែល ពោលគឺមិនមានការឡើងឡើយ ហើយតម្លៃដែលនាងដាក់ទៅនោះ ខាងផលិតក៏អាចទទួលបានដែរ ខណៈពេលដែលតម្លៃដែលនាងទទួលបាននាពេលបច្ចុប្បន្នក៏មិនក្រោមតម្លៃតួដែលល្បីៗមួយចំនួនទៀតដែរ៕