ភ្នំពេញ ៖ ភាពរំជើបរំជួលបានកើតឡើងម្តងហើយម្តងទៀត ដោយសារតែផ្ទុះរឿងលាឈប់តំណែងលំដាប់រងទី១ របស់កញ្ញា ដេវីណា មិនទាន់ទាំងស្ងប់ខ្យល់ផង ស្រាប់តែម្ចាស់ជ័យលាភី២រូបទៀត នៃកំពូល Top ទាំង៥ បានបបួលគ្នាប្រកាសលាឈប់ និងបោះបង់តំណែងជាបន្តបន្ទាប់ បង្កឱ្យមានការតាមដានជាថ្មី។ នេះជាឆ្នាំដ៏ទាក់ទាញ ដែលក្រោយការប្រកួតចប់ ម្ចាស់ជ័យលាភីនៃ Miss Queen Cambodia ឆ្នាំ២០២៣ កំពូលទាំង៥ មាន៣ដួងហើយបានបន្តគ្នាបោះបង់ផ្អើលអស់អ្នកតាមដានតែម្តង។
ដំណឹងលាលែងតំណែងខាងលើនេះ បានកើតចេញពីការលេចឮថា ម្ចាស់កម្មវិធីប្រកួតមានការប្រកាន់បក្សពួក មើលឃើញតែអ្នកស្គាល់យកចិត្តយូរមកហើយទើបអោយតំណែងម្ចាស់មកុដកញ្ញា ម៉ៃ យ៉ា ជាអ្នកឈ្នះ។ ប៉ុន្តែប្រឆាំងនឹងសំដីខុសពីការពិតនេះ អ្នកគ្រប់គ្រងបានប្រកាសមកវិញថា តំណែងនីមួយៗកើតចេញពីការតាមដាន និងវិនិច្ឆ័យត្រឹមត្រូវ អមដោយបណ្តាគណៈកម្មាការជ្រើសរើសជាច្រើននាក់។ ការបោះបង់នេះ ជាសិទ្ធិរបស់ពួកគេ ហើយយើងក៏ភ្ញាក់ផ្អើលនឹងការសម្រេចចិត្តនេះដែរ។ ហើយខាងកម្មវិធីក៏មានគម្រោងរៀបចំបញ្ជូនជើងខ្លាំងទាំង៥ដួង មានឱកាសចូលប្រកួតនៅក្រៅប្រទេសរៀងៗខ្លួនទៀតផង។
ហើយអ្វីដែលកាន់តែភ្ញាក់ផ្អើលម្តងទៀតនោះ ដែលមុននេះគេបានដឹងថា កញ្ញាលំដាប់រងទី១ បវរកញ្ញាអ្នកស្រឡាញ់ភេទដូចគ្នា កម្ពុជា ២០២៣ ស្រីស្អាត ដេវីណា បានដើរចេញភ្លាមៗ លាឈប់តួនាទីតំណែង ក្រោយជាប់បានត្រឹម៤៨ម៉ោងប៉ុណ្ណោះ។ ហើយចុងក្រោយនេះ បវរកញ្ញាដ៏ស្រស់សោភាចំនួន២នាក់ទៀត ដែលត្រូវបានគេស្គាល់ឈ្មោះថា កញ្ញា ស្លឹកឈើ ដែលជាតារាច្នៃម៉ូដដ៏ជំនាញ និងកញ្ញា ម៉ៃ ដារីកា ក៏សម្រេចចិត្តបោះបង់តំណែងទាំង២នាក់តែម្តង។
បេក្ខភាព កញ្ញា ស្លឹកឈើ លំដាប់រងទី៣ Third Runner Up ដែលជាបវរកញ្ញាអ្នកស្រឡាញ់ភេទដូចគ្នា កម្ពុជា @Miss Queen Cambodia ឆ្នាំ២០២៣ បានប្រកាសជាសាធារណៈថា នាងបានលាលែងពីតំណែងម្នាក់ទៀតហើយ។ ចំណែកកញ្ញា ម៉ៃ ដាវីកា លំដាប់រងទី២ Second Runner Up ដែលជាបវរកញ្ញាអ្នកស្រឡាញ់ភេទដូចគ្នា កម្ពុជា @Miss Queen Cambodia ឆ្នាំ២០២៣ ក៏បានប្រកាសជាសាធារណៈដែរថា នាងបានលាលែងពីតំណែងនេះហើយ។
នេះហាក់បីដូចជាលឿនពេកហើយ ក្រោយការប្រកួតត្រឹមពេលតែ២ថ្ងៃតែប៉ុណ្ណោះ។ ចំណែកឯអ្នកខមមិនខ្លះមានការសោកស្តាយចំពោះការតស៊ូ ហើយចុងក្រោយបានត្រឹមតែបោះបង់។ លើសពីនេះ ក៏បង្កអោយភាគីទាំងអស់គួរតែចេញមុខនិយាយលើកឡើងពីហេតុផលអោយហ្វេនៗបានអស់ចិត្ត ជុំវិញកត្តាអ្វីខ្លះដែលក្លាយជាភាពភ្ញាក់ផ្អើលជាបន្តបន្ទាប់បែបនេះ។