ពុកម៉ែបងប្អូន ក៏ដូចជាអ្នកគាំទ្រជាច្រើនប្រាកដជាបានដឹង និងបានតាមដានខ្លះៗហើយ នៅព័ត៌មានដែលបានផ្ទុះចេញយ៉ាងព្រោងព្រាតពាសពេញបណ្ដាញសង្គមInternet នៅក្នុងប្រទេសថៃ ទើបតែបានស្ងប់ស្ងាត់ប៉ុន្មានថ្ងៃមកនេះ ជាពិសេសកក្រើកនៅក្នុងរង្វង់ពិភពសិល្បៈសម្ដែងខ្សែភាពយន្តថៃតែម្ដង នូវរឿងរ៉ាវរបស់កំពូលតារាសម្ដែងស្រីដ៏មានទេពកោសល្យសមត្ថភាពដ៏អស្ចារ្យមួយរូបនោះ គឺអ្នកនាង Aum patchrapa ជាមួយនឹងគូស្នេហ៍ហៃសូរបស់តារាស្រីរូបនេះ បើយើងគិតមកទល់នឹងពេលនេះផងដែរ គឺវាមានរយៈពេលជិត១ខែមកហើយ ក្រោយពេលពួកគេបានប្រកាសក្ដែងៗ ដោយក្នុងនោះមិត្តប្រុសរបស់អ្នកនាង Aum patchrapa ក៏បាននិយាយនៅក្នុងគណនី Instagram របស់ខ្លួនថា «អ្នកទាំងពីរត្រូវបានបញ្ចប់ចំណងស្នេហ៍រយៈពេល៥ឆ្នាំ»។
ក្រោយបានឃើញមានការផ្សព្វផ្សាយបែបនេះរួចមក គេក៏សង្កេតឃើញថា ចាប់តាំងតែពីគូស្នេហ៍របស់តារាស្រីរូបនេះ លោកហៃសូ Pok Phornbrapha ដែលត្រូវជាគូស្នេហ៍របស់កំពូលតារាស្រី Aum Patchrapa រូបនេះ ចេញមុខមកប្រកាសថា «ពួកគេបានបែកបាក់គ្នាហើយ» អ្នកគាំទ្រហាក់តាមដាន មិនឃើញសកម្មភាពតារាស្រី Aum ចេញមុខមកនិយាយ ឬមួយក៏បញ្ជាក់អ្វីនោះទេ គឺស្ងប់ស្ងាត់ល្អតែម្ដង។
ដោយជារឿយៗនាងតែងតែនិយាយនៅសារដែលនាងបានបង្ហោះ ក៏ដូចជាបង្ហោះរូបរបស់ខ្លួនយ៉ាងសប្បាយរីករាយ ហាក់ដូចជាមិនខូចចិត្តឈឺចាប់អ្វីនោះឡើយ រហូតហ្វេនៗនាំគ្នាលើកឡើងចំៗថា «មិចពេលបែកគ្នា គាត់អត់ពិបាកចិត្តអញ្ជឹង ខ្ញុំដូចជាឆ្ងល់ដល់ហើយ»។ អ្នកខ្លះទៀតក៏បាននិយាយបញ្ចេញមតិបែបនេះថា «មិនមែនគាត់មិនខូចចិត្ត ឬមួយក៏ឈឺចាប់អ្វីនោះទេ គ្រាន់តែពេលខ្លះគាត់មិនបញ្ចេញអោយអ្នកគាំទ្រឃើញនូវភាពទន់ជ្រាយរបស់គាត់តែប៉ុណ្ណោះ»។
បន្ទាប់ពីមានការលើកឡើងពីមហាជនដូច្នេះរួចមក ពួកគេក៏សង្ឃឹមថា តារាស្រីដែលមានរូបសម្រស់ស្រស់ស្អាតមិនចេះចាស់ក្មេងជាងវ័យ អ្នកនាង Aum parchrapa រូបនេះ និងឆាប់ចេញមុខមកប្រាប់បញ្ជាក់អោយកាន់តែច្បាស់នៅរឿងរ៉ាវបែកបាក់នេះផងទៅចុះ ក្រោយស្ងប់ស្ងាត់បាត់មួយរយៈពេល។ នេះបើយោងទៅតាមរយៈសារព័ត៌មានថៃជាច្រើនបានប្រាប់អោយដឹង។ ស្រាប់តែថ្មីៗនេះផងដែរ គេក៏បានប្រទះឃើញស្រីស្រស់ អ្នកនាង Aum patchrapa មិនលាក់ទុកតទៅទៀត ភ្លាមៗនោះក៏បានសម្រេចចិត្តចេញមុខមកទម្លាយការពិតទាំងអស់ខ្ទេចគ្មានសល់នៅក្នុងកម្មវិធីមួយ ចំពោះមុខអ្នកសារព័ត៌មាន ក៏ដូចជាអ្នកគាំទ្រជាច្រើននាក់ កុំអោយមានការសង្ស័យ និងងឿងឆ្ងល់តទៅទៀត អំពីរឿងរ៉ាវរបស់អ្នកនាងជាមួយនឹងលោកហៃសូ ដែលមូលហេតុដែលនាំឱ្យនាង និងអតីតគូស្នេហ៍ លោក Pok Phornbrapha ចែកផ្លូវគ្នា។
ដោយក្នុងនោះ នៅចំពោះមុខអ្នកការសែតដែលប្រព្រឹត្តិទៅនៅក្នុងពិធីសម្ពោធផ្សារទំនើបមួយកន្លែង កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣កន្លងទៅនេះ តារាសម្ដែងស្រី Aum Patchrapa ទ្រាំលែងបានតទៅទៀត ក៏បានចេញមុខមកបើកកកាយលាតត្រដាងយ៉ាងច្បាស់ ក្រោយមានអ្នកសួរដេញដោលមិនឈប់បែបនេះថា «ចំពោះនាង និងអតីតមិត្តប្រុស ដែលបានប្រកាសបែកបាក់គ្នានេះដែរ គឺមិនមែនដោយសារតែមានអ្នកទី៣ មកជ្រៀតជ្រែកអ្វីដូចដែលគ្រប់គ្នាបានដឹងនោះទេ សូមកុំនាំគ្នាមានការយល់ច្រឡំទៀតអី ដែលមូលហេតុពិត គឺមកពីអ្នកទាំងពីរជាអ្នកបង្កសុទ្ធសាធ»។
មិនតែប៉ុណ្ណោះ តារាស្រីវ័យ៤៣ឆ្នាំ រាងតូចច្រឡឹងរូបនេះ បានផ្ដល់បទសម្ភាសន៍បន្តអោយដឹងទៀតយ៉ាងដូច្នេះថា «នាងមិនមែនជាមនុស្សពូកែប្រចណ្ឌ ឬចូលចិត្តរករឿងឈ្លោះឡើយ ហើយចំណែក Pok ឯណោះវិញ ក៏ជាមនុស្សបើកចិត្តទូលាយផងដែរ ប៉ុន្តែអ្នកទាំងពីរមិនអាចបន្តជាមួយគ្នាទៀតបាននោះឡើយ ព្រោះតែអត្តចរិតផ្ទាល់ខ្លួន ដែលនាំអោយអ្នកទាំងពីររស់នៅមិនចុះសម្រុងនឹងគ្នា»៕