ភ្នំពេញ ៖ បើគិតមកទល់នាពេលនេះ ចំណងស្នេហាក្រៅឆាករវាងតារាសម្តែងវ័យក្មេងនាង ម៉ៅ គឹមធីតា និងតារាចម្រៀងលោក គូម៉ា គឺ មានរយៈពេលប្រមាណជា៦ឆ្នាំមកហើយ ខណៈពេលដែលទំនាក់ទំនងរបស់ពួកគេនៅមិនទាន់លេចលឺដំណឹងពីការចូលរោងការនាពេលណានៅឡើយទេ។
ទាំងតារាសម្តែង ម៉ៅ គឹមធីតា និងលោក គូម៉ា បានបើកចំហរពីទំនាក់ទំនងស្នេហារបស់ពួកគេអស់រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីពួកគេបានចាប់ផ្តើមស្វែងយល់ចិត្តគ្នាទៅវិញទៅមកកាលពីអំឡុងឆ្នាំ២០១៧។ បច្ចុប្បន្ន ស្នេហារបស់ពួកគេក៏កាន់តែផ្អែមល្ហែម និងស្និទ្ធស្នាលគ្នាកាន់តែខ្លាំង និងទទួលបានការដឹងលឺពីចាស់ទុំទាំងសងខាង បើទោះបីជាពួកគេនៅមិនទាន់កំណត់ថ្ងៃចូលរោងការនៅពេលណាមួយនោះក៏ដោយ។
អ្វីដែលកាន់តែពិសេសទៀត គឺកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ដែលជាថ្ងៃខួបកំណើតរបស់តារាសម្តែង ម៉ៅ គឹមធីតា នោះ លោក គូ ម៉ា បានបង្ហោះសារជូនពរយ៉ាងចាក់ដោតទៅកាន់រូបនាង ដោយនៅក្នុងនោះលោកក៏បានបញ្ជាក់ពេលវេលាពីទំនាក់ទំនងស្នេហារបស់ពួកគេដែលមានរយៈពេល៦ឆ្នាំមកហើយ។
តារាចម្រៀងលោក គូម៉ា បានបង្ហោះរូបភាពនៃការប្រារព្ធពិធីខួបកំណើតរបស់តារាសម្តែង ម៉ៅ គឹមធីតា នៅលើវាលខ្សាច់ ដោយអមជាមួយនឹងសារជូនពរថា «រីករាយថ្ងៃកំណើតអូនសម្លាញ់ អរគុណអូនខ្លាំងណាស់ដែលមានក្ដីស្រលាញ់ចំពោះបង បងសូមជូនពរអោយគ្រួសារយើងទាំងពីរ ហើយនឹងអូនមានសុខភាពល្អ សូមអោយអូនមានសម្រស់កាន់តែស្អាត ទៅទីណាជួបតែមនុស្សល្អៗ ជួបតែរឿងល្អៗនៅក្នុងជីវិត ប្រាថ្នាអ្វីបានដូចបំណង លុយចូលអោយច្រើនៗ និងសូមអោយក្ដីស្រលាញ់ពួកយើងទាំងពីរនៅស្ថិតថេររៀងរហូតទៅ»។
លោកបញ្ជាក់ថា «ពេលវេលាពិតជាលឿនណាស់ ៦ឆ្នាំហើយដែលយើងកាន់ដៃគ្នា នៅសល់ក្ដីស្រម៉ៃជាច្រើនទៀតដែលពួកយើងទាំងពីរត្រូវធ្វើរួមគ្នា ដើម្បីអោយក្លាយជាការពិត អរគុណចំពោះភាពស្មោះត្រង់ដែលអូនបានផ្ដល់អោយបង love u my love 16 01 2017 16 01 2023 KuMa ThyDa»។
ជាការកត់សម្គាល់ កន្លងមក ទាំងតារាសម្តែង ម៉ៅ គឹមធីតា និងលោក គូម៉ា បានទទួលស្គាល់ពីចំណងស្នេហាក្រៅឆាកជាមួយគ្នា និងបានលើកសរសើរពីគុណសម្បត្តិចំពោះគ្នាមុននឹងសម្រេចចិត្តភ្ជាប់ទំនាក់ទំនងស្នេហារហូតមកដល់ពេលនេះ។
ម៉ៅ គឹមធីតា លើកឡើងថា នាងស្រឡាញ់ គូម៉ា ដោយសារតែតារាចម្រៀងរូបនេះមានសំឡេងពីរោះ ចេះយល់ចិត្តខ្លួនគ្រប់បែបយ៉ាង ពេលនៅជាមួយគ្នា គូម៉ា តែងតែធ្វើឲ្យនាង មានអារម្មណ៍ល្អ សប្បាយច្រើនជាងកើតទុក្ខ។
ចំណែកលោក គូ ម៉ា វិញ ក៏បានលើកឡើងដែរថា ម៉ៅ គឹមធីតា នាងគឺជាក្មេងស្រីម្នាក់ដែលគួរឲ្យស្រឡាញ់ខ្លាំងបំផុត ជាមួយភាពរួសរាយរាក់ទាក់ និងកាយវិការក្រមិចក្រមើមធ្វើឲ្យអ្នកនៅជុំវិញខ្លួនមានអារម្មណ៍សប្បាយរីករាយពេលធ្វើការជាមួយគ្នា។
ទោះជាយ៉ាងណា ម៉ៅ គឹមធីតា ធ្លាប់បានបញ្ជាក់ថា ក្រោយមានការយល់ចិត្តគ្នាបានយ៉ាងល្អនោះ ពួកនាងនឹងត្រៀមរៀបចំពិធីមង្គលការនាពេលឆាប់ៗខាងមុខនេះ៕