ភ្នំពេញ ៖ ពិតជាគំរូមួយដ៏ល្អ និងជាទឹកចិត្តដ៏ប្រពៃកម្ររកបានខ្លាំងណាស់ លោកឆេង សុភ័ក្ត្រ ដែលត្រូវបានមហាជនអ្នកនិយមប្រើប្រាស់បណ្ដាញសង្គម ក៏ដូចជាអ្នកចូលចិត្តតាមដាន Podcast បង្ហាញអំពីបច្ចេកវិទ្យា ឯកទេសថតរូបអំពីកាមេរ៉ា និងការកែពណ៌អំពីរូបភាព ស្គាល់យ៉ាងច្បាស់ និងប្រិយមិត្តមួយចំនួនទៀតតែងតែហៅលោកថា ពូជ្រួញនោះ ថ្មីៗនេះ បានធ្វើអោយមហាជនមានការភ្ញាក់ផ្អើល និងកោតសរសើរនូវទឹកចិត្តដ៏ថ្លៃថ្លារបស់លោកយ៉ាងក្រៃលែង ក្រោយលោកបានជូនថវិការចំនួន 1000$ ទៅកាន់លោកតាព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ សិល្បករចាប៉ីដងវែងដ៏ល្បីល្បាញរបស់កម្ពុជា។
ប្រាកដណាស់ នាថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ ម្សិលមិញនេះ លោក ឆេង សុភ័ក្ត្រ ហៅ ពូ ជ្រួញ បានបង្ហោះរូបភាពមួយសន្លឹករបស់សិល្បករចាប៉ីដងវែងដ៏ល្បីល្បាញរបស់កម្ពុជា ដោយលោកបានធ្វើការជូនថវិកាចំនួន1000$ ដល់លោកតា គង់ ណៃ។ ក្នុងនោះថវិការចំនួន 767$ គឺលោករកបានពី youTube និង Facebook ដែលលោកបានធ្វើវីដេអូរួមគ្នាជាមួយលោកវណ្ណដា និងលោក RavenBlaze ហើយ 233$ ជាលុយផ្ទាល់ខ្លួនរបស់លោក ដែលលោកជួយអោយគ្រប់ 1000$ តែម្ដង។
នេះបើយោងតាមសំណេរដែលលោកបង្ហោះលើហ្វេសប៊ុកផេកផ្លូវការ ដែលមានឈ្មោះថា ( រៀនថត-Rean Thort ) បានអោយដឹងថា ៖ ខ្ញុំបានជូនថវិការដែលរកបានពី Podcast ដល់លោកតា គង់ណៃ រួចរាល់ហើយ។ ក្នុងនោះលោកក៏បានបញ្ជាក់ថា៖ ថវិការរកបានសរុបទាំង Youtube និង Facebook គឺ 767 ដុល្លារ ខ្ញុំបន្ថែមឲ្យគ្រប់ ១០០០ ដុល្លារ។
ជាមួយគ្នានេះ លោកក៏បានធ្វើការអរគុណទៅកាន់ក្រុមហ៊ុន Baramey Production និងតារាចម្រៀងរ៉េបលំដាប់ប្រទេសលោក ម៉ាន់ វណ្ណដា ហៅវណ្ណដា ( Vann Da – វណ្ណដា) រួមទាំងលោក RavenBlaze ដែលជា Content creator និងជាអ្នក Reaction video ដ៏ល្បីល្បាញមួយរូបក្នុងប្រទេសកម្ពុជា ដែលបានចូលរួមធ្វើបុណ្យ និងសាងអំពើល្អទាំងអស់គ្នា។
ទន្ទឹមនឹងការប្រកាសជូនថវិការដល់លោកតា គង់ ណៃ និងថ្លែងអំរគុណទៅដល់ ក្រុមហ៊ុន Baramey Production និងលោក ម៉ាន់ វណ្ណដា ក៏ដូចជាលោក RavenBlaze ពូជ្រួញ ក៏បានធ្វើការអំពាវនាវទៅដល់មហាជនទាំងអស់ថា៖ បងប្អូនអាចបន្តចូលរួមបានដោយគ្រាន់តែ Scan QR Code ក្នុងរូបជាការស្រេច។
លោកបញ្ជាក់ពីមូលដែលយូរក្នុងការជូនថវិការដល់លោកតា គង់ ណៃ ដោយហេតុផលថា ចង់ឲ្យថវិការឡើងបានច្រើន ហើយឥឡូវនេះវីដេអូបានបិទ Monetize ហើយផងដែរ ទើបលោកសម្រេចចិត្តយកថវិការនោះ បាញ់បញ្ជូនចូលទៅក្នុងកុងធនាគាឈ្មោះ ( Samay Kong ) ដែលនេះជាកុងធនាគាមូលនិធិប្រាក់១០០លានរៀល សម្រាប់ព្រឹទ្ធចារ្យ គង់ ណៃ ដែលបង្កើតឡើងដោយលោកវណ្ណដា និងផលិតកម្ម Baramey Production ក្នុងគោលបំណងអបអរបទ Time To Rise ក៏ដូចជាជួយសម្រាលបន្ទុកថ្លៃចំណាយព្យាបាលជំងឺ និងជីវភាពប្រចាំថ្ងៃរបស់ ព្រឹទ្ធាចារ្យ គង់ ណៃ ដែលលោកតាបាននិងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យយូរមកហើយ។
ក្នុងពេលបច្ចុប្បន្ននេះ ស្ថានភាពរបស់ ព្រឹទ្ធាចារ្យ គង់ ណៃ ក៏បានធូរស្បើយជាងមុន ប៉ុន្តែលោកតាមិនទាន់មានកម្លាំងគ្រប់គ្រាន់ និងមិនអាចធ្វើដំណើរ ក៏ដូចជាមិនអាចធ្វើការសម្ដែងបានធម្មតាដូចមុននោះទេ ។ យ៉ាងណាមិញ ទឹកចិត្តដ៏ថ្លៃថ្លារបស់លោក ត្រូវបានមហាជនអ្នកគាំទ្រ ក៏ដូចជាអ្នកនិយមប្រើប្រាស់បណ្ដាញសង្គមផ្ទុះការស្ងើចសរសើរ និងមានមោទនភាពចំពោះលោកយ៉ាងខ្លាំងក្លាតែម្ដង ក្នុងការជួយសម្រាលទុក្ខលំបាកដល់សិល្បករចាប៉ីដងវែង និងជាមរតកមនុស្សរស់ លោកតាគង់ ណៃ ។