ភ្នំពេញ ៖ អតីតតារាសម្តែង និងចម្រៀង អ្នកនាង ឈិន សុធារី បានប្រកាសពីការពពោះកូនដំបូងរបស់នាងជាមួយនឹងស្វាមីដែលជាឧកញ៉ា ក្រោយកសាងគ្រួសារជាមួយគ្នាអស់រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ដំណឹងដ៏រីករាយនេះ ត្រូវបានអតីតតារាសម្តែង និងចម្រៀង ឈិន សុធារី ប្រកាសជាសាធារណៈតាមបណ្តាញសង្គម ខណៈពេលដែលដំណឹងនេះក៏បានធ្វើឱ្យមិត្តភក្តិ និងសាច់ញាតិរបស់នាងជាច្រើនបានសម្តែងការអបអរសាទរផងដែរ។
អ្នកនាង ឈិន សុធារី បានបង្ហោះសារនៅលើគណនីហ្វេសប៊ុកខ្លួនថា «ឆ្នាំថ្មី គ្មានអ្វីអួតនឹងគេទេ ហើយក៏គ្មានអ្វីពិសេសដែរ តែអ្វីដែលសំខាន់ពិសេស និងមានតម្លៃជាងអ្វីៗទាំងអស់សម្រាប់យើងទាំងពីរ គឺជាកាដូដែលមិនអាចកាត់ថ្លៃបាន ដែលមានសមាជិកថ្មីនេះឯង ជូនពូសិដ្ឋ តាមសំណូមពរ ០១.០១.២០២៣»។
នាងបន្ថែមថា «សុំពរពីទេវតាមិនច្រើនទេ សូមរឿងរ៉ាវឆ្នាំចាស់អ្វីៗដែលមិនល្អ គ្រោះកា.ចចង្រៃ មនុស្សកា.ចសា.ហាវ បោ.កប្រាស់កម្លាំងញើសឈា.មខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំកន្លងមក ទទួលយកអ្វីដែលពួកគេបានសាងទៅចុះ មនុស្សណាមានចិត្តគំនិតអាក្រក់ សូមចៀសឲ្យឆ្ងាយ សុំជួបតែមនុស្សល្អៗ សូមអំណាចនៃសេចក្តីផលបុណ្យកុសលដែលនាងខ្ញុំបានធ្វើកន្លងមក សូមទេវតាតាមថែរក្សាឲ្យទទួលបានលទ្ធផលល្អ និងសម្រេចសេចក្តីប៉ងប្រាថ្នាគ្រប់យ៉ាងផងចុះ»។
ជាការកត់សម្គាល់ បន្ទាប់ពីកាត់ផ្តាច់ចំណងស្នេហ៍ជាមួយតារាសម្តែងលោក សុវណ្ណ មករា ក្រោយរួមរស់ជាមួយគ្នាបានកូន២នាក់នោះមក អ្នកនាង ឈិន សុធារី ក៏បានភ្ជាប់ចំណងស្នេហ៍ជាប្តីប្រពន្ធជាមួយឧកញ៉ាសម្បូរទ្រព្យមួយរូប។ រហូតមកទល់នាពេលនេះ ឈិន សុធារី ហាក់មិនបាននឹកប្រឡូកក្នុងអាជីពសិល្បៈទៀតឡើយ ខណៈពេលដែលនាងបាននិងកំពុងជាប់ដៃក្នុងអាជីវកម្មផ្ទាល់ខ្លួនផងនោះ។ ទោះជាយ៉ាងណា ចំណងដៃកូនដំបូងនាពេលនេះនឹងធ្វើអោយចំណងស្នេហ៍រវាងនាងនិងស្វាមីជាឧកញ៉ាកាន់តែផ្អែមល្ហែម និងរឹងមាំបន្ថែមទៀត៕