ភ្នំពេញ ៖ តារាចម្រៀងប្រុសវ័យក្មេង និងជាម្ចាស់ពានក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី១ ពេជ្រ ថៃ ចេញមុខមកទម្លាយយ៉ាងច្បាស់ៗ ពាក់ព័ន្ធទៅនឹងរឿងរ៉ាវស្នេហាថា តើនៅលីវ ឬក៏កំពុងមានគូរស្មេហ៍? ដើម្បីជាការជម្រាបជូនដល់អ្នកគាំទ្រ ក្រោយមានការចោទសួរជាច្រើនពីសំណាក់ប្រិយមិត្តពុកម៉ែ បងប្អូនដែលជាហ្វេន ខណៈតារាចម្រៀងប្រុសវ័យ១៧ឆ្នាំរូបនេះ ទើបតែប្រឡងជាប់បាក់ឌុប ឬប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងលទ្ធផលដោយទទួលបាននិទ្ទេស C សម័យប្រឡងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ។
ប្រាកដណាស់ ក្រោយប្រឡងជាប់បាក់ឌុបមក យើងសង្កេតឃើញថា មហាជនអ្នកគាំទ្រជាច្រើនតែងតែចង់ដឹងរឿងរ៉ាវជីវិតឯកជនរបស់តារាចម្រៀងប្រុសតូចល្អិត ពេជ្រ ថៃ ដោយមានមតិជាច្រើនបានចោទសួរទៅកាន់តារាប្រុសរូបនេះ។
សំណួរជាច្រើនបានចោទសួរទៅកាន់ពេជ្រ ថៃ ថា បច្ចុប្បន្នមានស្នេហាឬអត់? បច្ចុប្បន្ននៅទំនេរ ឬក៏មានគូស្នេហ៍ហើយ?បងប្អូនអ្នកគាំទ្រផ្សេងទៀតចោទសួរថា តាំងពីដើមមកមានចិត្តស្រលាញ់នារីណាម្នាក់កក់ទុកក្នុងចិត្តហើយឬនៅ? ឬក៏មិនទាន់គិតគូររឿងស្នេហាទេក្នុងវ័យ១៧ឆ្នាំនេះ? សំណួររបស់បងប្អូនអ្នកគាំទ្រផ្សេងទៀតក៏បានលើកឡើងចោទសួរថា ក្រោយពីប្រឡងជាប់ថ្នាក់ទី១២ តើពេជ្រ ថៃ បន្តការសិក្សានៅសាកលវិទ្យាល័យ ឬបញ្ឈប់ការសិក្សារត្រឹមថ្នាក់ទី១២នេះ? ហើយចាប់យកតែវិថីសិល្បៈតែមួយមុខ ឬយ៉ាងណា? ហើយប្រសិនបើបន្តការសិក្សា តើបន្តរៀននៅសាកលវិទ្យាល័យមួយណា? ហើយជ្រើសរើស និងសម្រេចចិត្តរៀនជំនាញអ្វីឲពិតប្រាកដ?
ជាការឆ្លើយតបនឹងសំណួរខាងលើ នាថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣នេះ បើតាមរយៈបទសម្ភាសន៍ជាមួយសារព័ត៌មានកោះសន្តិភាព ពេជ្រ ថៃ បានថ្លែងប្រាប់ឲ្យអ្នកគាំទ្របានដឹងថា គិតចាប់តាំងពីតូចដឹងក្ដី រហូតមកទល់នឹងបច្ចុប្បន្ន ហើយស្របពេលប្រឡងនេះ ប្អូនមិនដែលធ្លាប់មានស្នេហា សង្សារ ឬគូស្នេហ៍ម្ដងណាឡើយ។ ជាមួយគ្នានេះ ក្រោយប្រឡងថ្នាក់ទី១២ចប់ ដោយជាប់បាក់ឌុបជាស្ថាពរ និងទទួលបាននិទ្ទេស C ក្នុងវ័យ១៧ឆ្នាំនេះក្ដី ក៏ប្អូនគ្មានគូស្នេហ៍នោះដែរ ហើយក៏មិនទាន់មាននារីណាម្នាក់ទុកក្នុងចិត្តឡើយ។
ពេជ្រ ថៃ បានបញ្ជាក់យ៉ាងច្បាស់ៗថា ប្អូនមិនមានស្នេហាឡើយក្នុងវ័យនេះ ព្រោះប្អូននៅក្មេងពេក ពោលគឺប្អូនមិនទាន់គិតគូររឿងស្នេហាតែម្ដង ដោយមូលហេតុប្អូនយកពេលវេលាទាំងប៉ុន្មានចំណាយទៅលើគ្រួសារ សាច់ញាតិ ការងារសិល្បៈ និងខិតខំរៀនសូត្របន្ត ដើម្បីសម្រេចបាននៅក្ដីស្រមៃ និងគោលបំណងនៅថ្ងៃអនាគតរបស់ប្អូនផងដែរ។
ពេជ្រ ថៃ បានប្រាប់ថា ប្អូនមិនអាចបញ្ជាក់ក្នុងអាយុប៉ុន្មានទើបគិតគូររឿងគូអនាគតនោះទេ ប្អូនដឹងត្រឹមថា បច្ចុប្បន្នមិនគិតរឿងស្នេហាតែម្ដង ដោយមូលហេតុដូចបានជម្រាបជូនខាងលើ។
ជាមួយគ្នានេះ ចំពោះសំណួរ តើពេជ្រ ថៃ បន្តការសិក្សានៅសាកលវិទ្យាល័យ ឬបញ្ឈប់ការសិក្សារត្រឹមថ្នាក់ទី១២នេះ? ហើយចាប់យកតែវិថីសិល្បៈតែមួយមុខ ឬយ៉ាងណានោះ?
ជាការឆ្លើយតប ពេជ្រ ថៃ ក៏បានជម្រាបជូនអ្នកគាំទ្របន្តថា ប្អូននឹងបន្តការសិក្សានៅសាកលវិទ្យាល័យ ហើយជ្រើសរើសជំនាញសិក្សា គឺនីតិសាស្ត្រ ផ្នែកច្បាប់ ដោយមិនបញ្ឈប់ការសិក្សាត្រឹមថ្នាក់ទី១២ឡើយ មូលហេតុព្រោះប្អូនមានក្ដីស្រមៃបន្តទៅមុខទៀត ដែលមិនទាន់ជម្រាបជូនបាន។ មួយវិញទៀត អ្វីដែលប្អូនមិនអាចជម្រាបជូនបាននៅពេលនេះ គឺប្អូនមិនទាន់ដឹងច្បាស់ថា ត្រូវបន្តការសិក្សានៅសាកលវិទ្យាល័យមួយណាអោយប្រាកដនោះទេ ព្រោះតាមសាលាជាច្រើនបានផ្ដល់អាហារូបករណ៍ក្នុងការបន្តការសិក្សាដល់ប្អូន ទើបប្អូនកំពុងសម្រេចចិត្តថា គួរជ្រើសរៀនសាលាមួយណា? ដែលត្រូវនឹងជំនាញរបស់ប្អូន។
ដោយឡែក ងាកមកចាប់អារម្មណ៍រឿងសិល្បៈ។ ចំពោះវីថីសិល្ប:វិញ ពេជ្រ ថៃ បញ្ជាក់ថា គឺប្អូនមិនបញ្ឈប់ជាដាច់ខាត ព្រោះវាជាអាជីពដែលប្អូនស្រលាញ់ចូលចិត្តតាំងតែពីតូច ហើយប្អូននឹងបន្តខិតខំប្រឹងប្រែងដុះខាតសមត្ថភាពបន្ថែមលើវិស័យសិល្បៈឲ្យកាន់តែខ្លាំងឡើង ដើម្បីបំពេរអារម្មណ៍ពុកម៉ែបងប្អូនអ្នកគាំទ្រ ក៏ដូចជាសម្រេចនៅក្ដីស្រមៃរបស់ប្អូនផងដែរ ។
រឿងដែលកាន់តែពិសេសជាងនេះទៅទៀតនោះ ប្អូននឹងត្រៀមជ្រើសរើសអាជីពមួយទៀត ដែលជាក្ដីស្រមៃរបស់ប្អូន គ្រាន់តែឥឡូវនេះប្អូនមិនទាន់អាចបញ្ជាក់បានប៉ុណ្ណោះ។ ហើយអាជីពបន្ថែមមួយទៀតនោះ នឹងត្រូវដើរទន្ទឹមគ្នាជាមួយនិងសិស្ប: ហើយមិនបោះបង់មួយណាចោលឡើយ។ ចំពោះមូលហេតុ ត្រៀមអាជីពថ្មីមួយទៀតនេះដែរ ពេជ្រ ថៃ បានប្រាប់ថា មូលហេតុ ដោយសារប្អូនគិតថា សិល្ប:មិនស្ថិតឋេររហូតទេ ដូច្នេះហើយទើបប្អូនមានបំណង និងក្ដីស្រមៃជាច្រើននៅក្នុងដៃ៕