ភ្នំពេញ ៖ យើងតែងតែសង្កេតឃើញថា ភាពស្និទ្ធស្នាលមិនដែលលួសថ្ងៃរវាងអ្នកសិល្បៈប្រុសស្រស់សង្ហា ២ រូបនោះ គឺតារាចម្រៀងបែបរ៉ក លោក ហ្សូណូ ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញមិនធម្មតានៅក្នុងផលិតកម្មហង្សមាស និងតារាចម្រៀងលោក វង្ស តារារតនា ពីមួយថ្ងៃទៅមួយថ្ងៃ អ្នកទាំងពីរកំពុងតែទទួលបានការគាំទ្រ និងផ្ទុះការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មិត្តភក្ដិនៅក្នុងចង្កោមសិល្បៈជាច្រើន ជាពិសេសមហាជនដែលនិយមលេងនៅក្នុងបណ្ដាញសង្គមតែម្ដង ពីព្រោះជារឿយៗអ្នកទាំងពីរតែងតែបង្ហាញនៅសកម្មភាពជិតដិតគ្នាយ៉ាងខ្លាំង ហើយថែមទាំងហៅគ្នាថា «ប្ដីប្រពន្ធ» ពេញៗមាត់ថែមទៀតផង រហូតធ្វើអោយគ្រប់គ្នាលួចច្រណែននឹងលោកមិនស្ទើរនោះឡើយ។
ជាក់ស្ដែងថ្មីៗនេះ តារាចម្រៀងប្រុសលោក វង្ស តារារតនា បានចេញមកបង្ហោះរូបភាពរបស់ខ្លួនជាមួយនឹងតារាប្រុសលោក ហ្សូណូ ប៉ុន្មានសន្លឹក ក្រោយមានអ្នកពូកែសួរខ្លាំងពេក ទប់ចិត្តមិនជាប់លោកក៏បានភ្ជាប់ជាមួយសារប៉ុន្មានម៉ាត់ ធ្វើអោយហ្វេនៗនាំគ្នាសើចចុកពោះ យ៉ាងដូច្នេះថា «ឈប់សួរខ្ញុំថា ចែណាបាត់ប្តីទៅណាទៀតលឺហេ៎ ប្តីខ្ញុំមិនដែលទៅណាចោលខ្ញុំទេ ពីណាឈ្នះតែផុសរូបជាមួយគ្នាទេវេស ខ្លាចផុសច្រើនគេច្រណែន ហើយជ្រេញ មែនហេ៎ប្តី លើលោកនេះអូនចាឡាញ់ប្តីណូជាងគេ»។
មិនទុកចាំយូរ បន្ទាប់ពីបានឃើញលោកបង្ហោះសាររួចមក ក៏មានហ្វេនៗទាំងប្រុសទាំងស្រី ក៏ដូចជាមិត្តៗនៅក្នុងសិល្បៈនាំគ្នាចូលទៅខមិនយ៉ាងព្រោងព្រាតថា «ចាំគ្នាឧបត្ថម្ភប្រេងឆាមួយធុង» «ជូនពរពួកបងៗស្រលាញ់គ្នាដល់តេវរៀងៗខ្លួន ជួបគ្នារាប់រយជាតិ ស្នេហ៍ជាអមតៈ សូមអមោទនា» «សមគ្នាណាស់ គូរនេះ ប្រេងម៉ាស៊ូតចុះថោក ប្រេងឆាឡើងថ្លៃ» «Idol ធ្វើស៊ីអារម្មណ៍ណាស់» «Sweet Nas papa» «ខ្ញុំសូមជូរពរបងទាំងពីរអោយស្រលាញ់គ្នាដល់ចាស់កោងខ្នងជារៀងរហូតតទៅ» «ថ្ងៃណាមានកូនមួយគ្នាទៅបង ឃើញយកគ្នាយូរដែលហើយ»។
យ៉ាងណាមិញ ចំពោះទំនាក់ទំនងរវាងតារាចម្រៀងប្រុសដ៏ល្បីល្បាញ២រូបនេះ គ្រាន់តែជាមិត្តល្អ មិត្តយល់ចិត្ត មិត្តសម្លាញ់នឹងគ្នាប៉ុណ្ណោះ គ្មានអ្វីលើសពីនឹងនោះឡើយ ព្រោះបើមើលទៅតាមទង្វើអ្នកទាំងពីរ គ្រាន់តែជាមិត្តសម្លាញ់ដោយស្មោះស្ម័គ្រមួយដែលមិនអាចខ្វះបាន ដោយកាលពីពេលកន្លងទៅ តារាប្រុសពីរដួងខាងលើនេះ ក៏ធ្លាប់ចេញមុខមកបកស្រាយម្ដងរួចមកហើយ តាមរយៈនៅក្នុងកម្មវិធីជជែកកម្សាន្តមួយបែបនេះថា «ពួកគេគ្រាន់តែមិត្តដ៏ល្អប៉ុណ្ណោះ គ្មានអ្វីលើសពីនេះទេ គ្រាន់តែពួកគេទាំងពីរចូលចិត្តលេងសើចច្រើន និងហៅគ្នាប្ដីៗបែបនេះឡើងធ្លាប់ និងសាំទៅហើយ ដូច្នេះកុំនាំគ្នាយល់ច្រឡំអោយសោះ»៕