~
~
ទប់ទឹកភ្នែ.កសឹងមិនជាប់ជាមួយរឿងដ៏រំជួលចិត្តបំផុតមួយនៅលើបណ្តាញទំនាក់ទំនងសង្គម ក្រោយបានឃើញវីដេអូបង្ហាញអំពីកសិករម្នាក់ រស់នៅក្នុងខេត្ត Anhui ប្រទេសចិន បានផ្លាស់ប្តូរចិត្ត ដោយបដិសេធលក់គោចិញ្ចឹមរបស់គាត់១ក្បាលវិញភ្លាមៗ បន្ទាប់ពីវាលុតជង្គង់លុនតួអង្វរនៅចំពោះមុខគាត់ នៅពេលឈ្មួញមកទិញព្យាយាមចង់អូសវាចេញពីក្រោល។
~
~
យោងតាមសារព័ត៌មានចិន China Times បានរាយការណ៍កាលពីពេលថ្មីៗនេះថា កសិករម្នាក់ ដែលមានឈ្មោះថា Yuan បានបង្ខំចិត្តប្រគល់ប្រាក់ទាំងអស់ដែលទទួលបានត្រឡប់ទៅឈ្មួញវិញ និងលុបចោលការទិញដូរតែម្តង។ ដោយលោកបានបញ្ជាក់ថា សត្វគោញី១ក្បាល ដែលគាត់ចិញ្ចឹមអស់រយៈពេលជាង៦ឆ្នាំមកហើយនោះ បានលុតជង្គង់ចំពោះមុខគាត់ហាក់អង្វរគាត់កុំលក់វាទៅឱ្យអ្នកដទៃ។
~
~
ដើមឡើយ លោក Yuan បានចរចាតម្លៃត្រូវរ៉ូវគ្នាជាមួយឈ្មួញទិញរួចទៅហើយ ប៉ុន្តែពេលឃើញវាលុតជង្គង់ចំពោះមុខគាត់ គាត់ក៏សម្រេចចិត្តមិនលក់តែម្តង។ លោក Yuan ដែលជាកសិករតាំងពីតូចមកបាននិយាយថា នេះគឺជាលើកទី១ហើយ នៅក្នុងឆាកជីវិតរបស់គាត់ដែលឃើញគោលុតជង្គង់បែបនេះ។
~
~
បន្ទាប់ពីវីដេអូឃ្លីបសត្វគោលុតជង្គង់ដោយក្តីអាណិតអាសូរនេះ ត្រូវបានចែកចាយយ៉ាងច្រើនលើសលុប អ្នកនិយមលេងបណ្តាញសង្គមបានបញ្ចេញមតិថា សូម្បីតែសត្វក៏បង្ហាញអារម្មណ៏សោកសៅដូចមនុស្សផងដែរ។ ហើយអ្នកខ្លះទៀតលើកឡើងថា គោនោះរស់នៅជាមួយកសិកររូបនោះយូរមកហើយ ដូច្នេះគាត់មិនគួរលក់វាទេ។ ខណៈអ្នកផ្សេងទៀតបានបន្ថែមថា វាចង់ឱ្យអ្នកជាម្ចាស់របស់វាតែម្នាក់ប៉ុណ្ណោះ ដូច្នេះគួរតែចិញ្ចឹមវារហូតដល់វាអស់ជីវិតតែម្តងទៅ៕ (ប្រភពពី Malay Mail)
~
~
~
~
~
~
~