ស្រីៗពពោះម៉េចបានចេះតែឃ្លាន? ដោះស្រាយបែបណា?​

0
637

ស្រីៗ​យើង​​​ធ្លាប់​ពពោះ ឆ្ងល់​អត់​ម៉េច​បាន​ពេល​ពពោះ​មាន​អារម្មណ៍​ចេះ​តែ​ឃ្លាន​នេះ ​ឃ្លាន​នោះ​មិន​ឈប់? មាន​ហេតុ​ផល​មួយ​ចំនួន​ធ្វើ​ឲ្យ​ស្រីៗ​យើង​ពេល​ពពោះ​មាន​អារម្មណ៍​ឃ្លាន ប៉ុន្តែ​មូល​ហេតុ​មួយ​ធំ​គឺ​ការ​ប្រែ​ប្រួល​អ័រម៉ូន​។

អំឡុង​ពេល​ពពោះ អ័រម៉ូន​ពពោះ​ដូចជា​អឺស្រ្តូហ្សែន និង​ប្រូចេស្តេរ៉ូន កើ​នឡើង​​ភ្លាមៗ។ អ័រម៉ូន​ទាំង​នេះ​ធ្វើ​ឲ្យ​ស្រ្តី​មាន​ផ្ទៃ​ពោះ​ជឿថា​ខ្លួន​ឯង​ត្រូវ​ការ​អាហារ​ច្រើន​បន្ថែម​ទៀត និង​នាំឲ្យ​មាន​អារម្មណ៍​ឃ្លាន ពិសេស​ឃ្លាន​ចំណី​ជូរៗ ​ផ្អែម និង​អាហារ​បំពង​ជា​ដើម​។ ហេតុ​ដូច​នេះ​ហើយ ស្រីៗ​កំពុង​ពពោះ​ត្រូវ​ដឹង​វីធី​ដោះស្រាយ​បញ្ហា​ឃ្លាន​នេះ ព្រោះ​ថាបើ​យើង​បន្ត​ញ៉ាំ​អាហារ​មិន​មាន​ជីវជាតិ​ច្រើន នឹង​នាំឲ្យ​ខ្លួន​យើង​ខ្វះ​ជីវជាតិ ទោះ​ជា​បាន​ញ៉ាំ​ឆ្អែត​ពេញ​ពោះ​ក៏​ដោយ​។ ខាង​ក្រោម​នេះ​ជា​តិច​និក​មួយ​ចំនួន​ស្រីៗ​យើង​អាច​យក​ទៅ​សាក​ល្បង​បាន។

១. ញ៉ាំ​អាហារ​មាន​តុល្យភាព

ស្រ្តី​មាន​ផ្ទៃពោះ​ភាគ​ច្រើន​​ឃ្លាន​តែ​អាហារ​ណា​មិន​សូវ​ល្អ​ចំពោះ​សុខភាព ដែល​នាំ​ឲ្យ​ខ្វះ​សារធាតុ​ចិញ្ចឹម​។ ប្រសិនជា​យើង​ញ៉ាំ​អាហារ​ល្អៗ​ចំពោះ​សុខភាព យើង​នឹង​អាច​រក្សា​សារធាតុ​ចិញ្ចឹម​ក្នុង​ខ្លួន​ឲ្យ​មាន​តុល្យភាព ហើយ​ក៏​អាច​កាត់​បន្ថយ​ការ​ឃ្លាន​អាហារ​មិន​ល្អ​ចំពោះ​សុខភាព​ទាំង​នោះ​ទៀត​ដែរ។

២. ញ៉ាំ​ឲ្យ​បាន​ទៀង​ទាត់​

ពេល​យើង​ញ៉ាំ​អាហារ​មិន​បាន​ទៀងទាត់​តាម​ពេល នោះ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​យើង​អាច​​នឹង​ធ្លាក់​ចុះ ដែល​នាំ​ឲ្យ​យើង​ឃ្លាន​ខ្លាំង។ ដូច​នេះ ស្រីៗ​យើង​កំពុង​ពពោះ​ គួរ​មាន​ទម្លាប់​ញ៉ាំ​អាហារ​តិច តែ​ច្រើន​ដង ដូច​ជា​រាល់​ពីរ​ម៉ោង​ម្ដង ដែល​ការណ៍​នេះ​នឹង​មិន​ធ្វើ​ឲ្យ​យើង​ឃ្លាន​ផ្ដេស​ផ្ដាស​នោះ​ទេ​។​​

៣. ញ៉ាំ​អាហារ​មាន​កាឡូតិច​

បើ​យើង​ឃ្លាន មិន​ទាន់​ដល់ពេល​ញ៉ាំ​បាយ យើង​អាច​ញ៉ាំ​ទឹក​ផ្លែ​ឈើ​មួយ​កែវ ឬ​យ៉ាអ៊ួរ​ផលិត​ពី​ផ្លែ​ឈើ ឬ​គ្រាប់​ផ្លែ​ឈើ​ ជា​ជាង​ញ៉ាំ​ភេសជ្ជៈ​កំប៉ុង ឬ​ទឹក​ក្រូច​។ ការ​ធ្វើ​ដូច​នេះ យើង​អាច​រក្សា​កម្រិត​កាឡូរី​មិន​ឲ្យ​លើស និង​អាច​បំពេញ​ចំណង់​អាហារ​យើង​បាន​ទៀត​ផង ជាជាង​យើង​ញ៉ាំអាហារ​ផ្អែម ឬ​ប្រៃ​ផ្សេងៗ។​

៤. ហាត់​ប្រាណ​បាន​ទៀង​ទាត់​

ការ​ហាត់​ប្រាណ​បែប​ស្រាលៗ​ដូចជា​យ៉ូហ្កា ដើរ និង​សមាធិ ជា​ដើម សុទ្ធ​តែ​សក្ដិសម​ចំពោះ​ស្រីៗ​មាន​ផ្ទៃ​ពោះ។ ការ​ហាត់​ប្រាណ​ជួយ​ឲ្យ​រាង​កាយ​យើង​មាន​សកម្មភាព និង​ធ្វើ​ឲ្យ​យើង​មិន​សូវ​នឹង​ដល់​ការ​ស្រេក​ឃ្លាន​ផ្ដេស​ផ្ដាស​​ផង​ដែរ​។​ យ៉ាងណា មុន​សម្រេច​ចិត្ត​ជ្រើស​រើស​វិធី​ហាត់​ប្រាណ​ណាមួយ យើង​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជាមុន​ ដើម្បី​ដឹង​ថា​លំហាត់​ប្រាណ​ប្រភេទ​ណា​ល្អ​ចំពោះ​យើង​ផ្ទាល់។​

ដូច​បាន​លើក​ឡើង​ខាង​លើ​អ៊ីចឹង​ មិន​មែន​មាន​ន័យ​ថា​ស្រ្តី​មាន​ផ្ទៃ​ពោះ​​មិន​អាច​ញ៉ាំ​អាហារ​ប្រភេទ​ junk foodបាន​នោះ​ទេ គ្រាន់​តែ​ថា​កុំ​ញ៉ាំ​ច្រើនពេក ព្រោះ​ថា​អាហារ​ទាំងនេះ​មាន​ជាតិ​ប្រៃ​អាច​ធ្វើ​ឲ្យ​ស្រីៗ​យើង​ឡើង​គីឡូ និង​ធ្វើ​ឲ្យ​យើង​ពិបាក​ទៅ​វិញ​ទេ​។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ 

LEAVE A REPLY

Please enter your comment!
Please enter your name here