~
~
ជារឿងមួយដ៏គួរឲ្យភ្ញាក់ផ្អើល និងតក់ស្លុតខ្លាំងមែនទែន ក្រោយឃើញតារាសម្ដែងស្រីជើងចាស់អំឡុងឆ្នាំ១៩៩៨ អ្នកស្រី ច័ន្ទ ជាលីដា ប្រកាសអំពីទុក្ខជាទម្ងន់ដែលពិបាកទទួលយកបាន ដោយកូនស្រីតូចបណ្ដូលចិត្តរបស់គាត់កំពុងតែកើតជំងឺមហារីកខួរក្បាលប្រភេទថ្មី ដែលក្រុមគ្រូពេទ្យអះអាងបញ្ជាក់ថា មិនធ្លាប់ជួបពីមុនមក ខណៈឥឡូវនេះកូនស្រីគាត់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
~
~
ប្រាកដណាស់ កាលព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ម្សិលមិញនេះ តារាសម្ដែងស្រីជើងចាស់ ដែលកំពុងរស់នៅលើទឹកដីប្រទេសអូស្ត្រាលី អ្នកស្រី ច័ន្ទ ជាលីដា បានប្រកាសនៅលើបណ្ដាញសង្គមដោយបង្ហាញអារម្មណ៍ពិបាកចិត្តថា «កូនម្ដាយ តើឱ្យម្ដាយជួយកូនរបៀបណាទៅ? អ្វីដែលម្ដាយមិនចង់ជួប វាបានធ្លាក់មកលើកូនស្រីម្ដាយខ្ញុំហើយ ព្រះអើយជួយកូនខ្ញុំផង កូនខ្ញុំនាងនៅក្មេងណាស់»។
~
~
លោកស្រីបញ្ជាក់ប្រាប់មហាជនលើបណ្ដាញសង្គមថា «បងប្អូនអើយ ឥឡូវនេះពេទ្យឱ្យចម្លើយថា កូនខ្ញុំកើតមហារីកខួរក្បាលប្រភេទថ្មី ដែលពួកគេមិនដែលជួបពីមុនមក»។
~
~
យ៉ាងណាមិញ បើតាមរយៈរូបភាពដែលបង្ហោះលើបណ្ដាញសង្គមបានបង្ហាញឲ្យឃើញពីទិដ្ឋ ភាពអ្នកស្រី ច័ន្ទ ជាលីដា មុខឡើងក្រហម ចង់ស្រក់ទឹកភ្នែកអោបកូនស្រីបណ្ដូលចិត្តនៅលើគ្រែក្នុងមន្ទីរពេទ្យ រីឯកូនស្រីបិទបង់រុំក្បាលជាមួយភ្នែកឡើងខៀវខ្មៅផងដែរ។ ក្រោយឃើញការប្រកាសអំពីជំងឺកូនស្រីបែបនេះ អ្នកលេងបណ្ដាញសង្គមជាច្រើនបាននាំគ្នាចូលទៅខមិនជូនពរអោយកូនស្រីអ្នកនាងឆាប់ជាផងដែរ។
~
~
នេះបើតាមការខមិនរបស់មហាជនបានជូនពរកូនស្រីរបស់អតីតតារាសម្ដែងជើងចាស់រូបនេះថា «សូមព្រះប្រទានពរក្មួយសំណាងល្អ ឆាប់ជាពីជំងឺដ៏ចង្រៃមួយនេះផង»។ បងប្អូនខ្លះទៀតជូនពរថា «ជូនពរកូនស្រីបងឆាប់ជា សូមឲ្យសុភមង្គលកើតមានឡើងវិញ ចំពោះគ្រួសារបង សូមឲ្យជំងឺមួយនេះរលាយសាបសូន្យពីរាងកាយកូនស្រីបង ឲ្យក្មួយស្រីបានជាសះស្បើយឡើងវិញក្នុងពេលឆាប់ៗ»។
គួររំលឹកផងដែរថា មុនលោកគ្រូពេទ្យផ្ដល់ចម្លើយថាកើតជំងឺមហារីកខួរក្បាលនេះ អ្នកស្រី ច័ន្ទ ជាលីដា ក៏បានបង្ហោះសំណេរមួយឃ្លាអំពីកាលដែលកូនស្រីត្រូវបានវះកាត់ជោគជ័យថា «អរគុណយ៉ាងជ្រាលជ្រៅដល់ពូមីងបងប្អូនទាំងអស់ ដែលបានចូលរួមព្រួយបារម្ភ និងជូយបន់ស្រន់អោយកូនស្រីរបស់ខ្ញុំបានធូរស្បើយ ឥឡូវនាងបានធូរស្បើយបន្តិចហើយ បន្ទាប់ពីក្រោយការវះកាត់ខួរក្បាលយកដុំឈា.មចេញបានមួយថ្ងៃដោយជោគជ័យ សូមអរគុណ»។
~
~
គួរបញ្ជាក់ថា អ្នកស្រី ច័ន្ទ ជាលីដា គឺជាអតីតតារាសម្ដែងស្រីដ៏ល្បីល្បាញម្នាក់ ក្នុងឆ្នាំ១៩៩៨ ជាតួអង្គឯកក្នុងរឿងខ្មែរដែលមានចំណងជើងថា «រាត្រីមួយក្រោយសង្គ្រាម» ដឹកនាំសម្ដែងដោយលោក ប៉ាន់ រិទ្ធី។ ក្នុងអំឡុងពេលនោះដែរ អ្នកស្រីទទួលបានការគោរពស្រលាញ់យ៉ាងខ្លាំងពីសំណាក់ទស្សនិកជនអ្នកគាំទ្រ ហើយបច្ចុប្បន្នអ្នកស្រីកំពុងរស់នៅលើទឹកដីប្រទេសអូស្ត្រាលី ជាមួយនឹងក្រុមគ្រួសារផងដែរ៕
~
~
~
~