~
~
ភ្នំពេញ ៖ តារាចម្រៀងល្បីប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាងពេជ្រ សោភា ដែលជាអ្នកមានជំនឿលើព្រះយេស៊ូ នៃសាសនាគ្រិស្ត បានលើកឡើងថា ក្នុងគម្ពីប៊ីប ស្ដីពីលោកុប្បត្តិ (ដើមកំណើតពិភពលោក) ព្រះយេស៊ូ សន្យាមិនពន្លិចផែនដោយទឹកទេ ។
~
~
អ្នកនាងពេជ្រ សោភា បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់អ្នកនាង នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ ថា “បងប្អូនដែលមានព្រះគម្ពីប៊ីប សូមមើល : លោកុប្បត្តិ 9:8.12.13 រួចព្រះទ្រង់មានបន្ទូលទៅលោកណូអេ ថា នេះជាសញ្ញាដែលព្រះអង្គសន្យាថាមិនពន្លិចផែនដីដោយទឹកទៀតនោះទេ គឺទ្រង់ដាក់សញ្ញា ដាក់ធ្នូ (ឥន្ទធនូ) របស់ទ្រង់ នៅនាពពក“ ។
~
~
អ្នកនាងពេជ្រ សោភា បានសរសេរបន្ថែមថា “ព្រះជាម្ចាស់ មានព្រះបន្ទូលថា ៖ នេះជាសញ្ញាសម្គាល់នៃសម្ព័ន្ធមេត្រី ដែលយើងចងជាមួយអ្នករាល់គ្នា ព្រមទាំងអ្វីៗទាំងអស់ដែលមានជីវិត ហើយនៅជាមួយអ្នករាល់គ្នាគ្រប់ជំនាន់តរៀងទៅ គឺយើងដាក់ឥន្ធធនូរបស់យើង នៅលើមេឃ ជាសញ្ញាសម្គាល់នៃសម្ព័ន្ធមេត្រី ដែលយើងបានចងជាមួយផែនដី ។ ពេលណាយើងប្រមូលពពកឲ្យមូលផ្ដុំគ្នាពីលើផែនដី ឥន្ធធនូ ក៏នឹងលេចចេញនៅលើមេឃដែរ ។ ពេលនោះ យើងនឹងនឹកដល់សម្ព័ន្ធមេត្រីដែលយើងបានចងជាមួយអ្នករាល់គ្នា និងជាមួយសត្វមានជីវិតទាំងអស់ ទឹកនឹងលែងជន់លិចបំផ្លាញសត្វលោកទាំងអស់ទៀតហើយ ។ ឥន្ធធនូ នឹងស្ថិតនៅលើមេឃ ពេលណាយើងមើលឥន្ធធនូ យើងនឹងនឹកដល់សម្ព័ន្ធមេត្រីដ៏នៅស្ថិតស្ថេរជាអង្វែងតរៀងទៅ ជាសម្ព័ន្ធមេត្រីដែលព្រះជាម្ចាស់ បានចងជាមួយសត្វលោកទាំងប៉ុន្មាន ដែលមានជីវិតរស់នៅលើផែនដី ។ ព្រះជាម្ចាស់ មានបន្ទូលមកកាន់លោកណូអេ ថា “ឥន្ធធនូនេះ ជាសញ្ញាសម្គាល់នៃសម្ព័ន្ធមេត្រីដែលយើងបានចងជាមួយសត្វលោកទាំងអស់ នៅលើផែនដី “ ។ លោកកុប្បត្តិ 9ៈ12-17 “ ។
~
~
បន្ថែមលើសំណេរតាមហ្វេសប៊ុក ខាងលើនេះ អ្នកនាងពេជ្រ សោភា បានបញ្ជាក់ប្រាប់ “នគរធំ” នៅល្ងាចទី០៣ ខែកញ្ញា ឆ្នាំ២០២២ នៅឯព្រះវិហារជីវិតថ្មី ស្ថិតក្នុងសង្កាត់បឹងកេងកង២ ខណ្ឌចម្ការមន (ទល់មុខមន្ទីរពេទ្យរបេង) ថា អ្វីដែលនាងសរសេរនេះ គឺសរសេរតាមបន្ទូលព្រះយេស៊ូ ដែលមាននៅក្នុងគម្ពីប៊ីប ហើយក៏អត់មានសរសេរទាក់ទងនឹងអ្នកណាដែរ គ្រាន់តែបញ្ជាក់ថា យើងរស់នៅនឹងសេចក្ដីពិត ហើយហេតុអីបានជាគ្រិស្តបរិស័ទ ត្រូវតែអានព្រះបន្ទូល? ព្រោះនេះអ្វីដែលឪពុកយើងបានសរសេរទុកឲ្យយើងមើល ហើយហេតុអីបានជាយើងមិនមើល? ដួច្នេះបានជាគេថា គ្រិស្តបរិស័ទ ដាច់ខាតត្រូវតែមានគម្ពីប៊ីប នៅក្នុងដៃ ។ ពោលគឺអ្វីដែលសំខាន់ យើងជាប្រូតេស្ដង់ ត្រូវតែមើលព្រះគម្ពីប៊ីប ហើយ សូម្បីតែកូនក្មេង ក៏មើលដែរ ។ នៅពេលដែលយើងចាប់ផ្ដើមមើលគម្ពីរ ជាការប្រៀនប្រដៅយើងហើយ ឲ្យកែប្រែ ឲ្យស្មោះត្រង់ និងចេះជួយគ្នា ជាពិសេស ពេលដើរតាម បណ្ដើរតាមបន្ទូលព្រះអង្គ នឹងមានសេចក្ដីសុខក្នុងចិត្ត ។ ដូច្នេះហើយ ទើបនាងជឿលើព្រះអង្គ ហើយការជឿនេះ មិនមែនទើបតែឥឡូវនេះទេ គឺតាំងពីនាងអាយុ៩ឆ្នាំ មកម៉្លេះ ។ សរុបទៅ រឿងទឹកលែងលិចហើយនេះ គឺនាងសរសេរតាមបន្ទូលព្រះ មិនមែនសរសេរតាមចិត្តនឹកឃើញខ្លួនឯងទេ ព្រះអង្គជាសេចក្ដីពិត ព្រះបន្ទូល គឺជាព្រះ ដែលគ្រិស្តបរិស័ទ ត្រូវតែមើល។
អ្នកនាងពេជ្រ សោភា បន្តថា នាងអត់កាត់ចូលទៅរឿងគេអ្នកផ្សេងទេ គឺយោងតាមព្រះបន្ទូល ហើយទោះបីឲ្យនាងបកស្រាយ ក៏នាងនៅតែលើកពីបន្ទូលព្រះ នៅក្នុងព្រះគម្ពីរប៊ីបនេះដែរ ដែលនេះជាចម្លើយ ហើយចម្លើយនេះហើយ ដែលចង់សង្កត់ធ្ងន់ថា ហេតុអីបានជាគ្រិស្តបិរស័ទ ត្រូវតែមើលព្រះបន្ទូល? គឺត្រូវការស្វែងយល់ពីសេចក្ដីពិត ពីពាក្យថា ការពិត និងពាក្យកុហក ខុសគ្នាបែបម៉េច? ប៉ុន្តែនៅទីនេះ នាងអត់ចង់និយាយពីអ្នកណា អត់បាននិយាយពាក្យកុហកទេ គឺនាងសរសេរនៅក្នុងព្រះបន្ទូល ។ វាមិនខុសពីឧទាហរណ៍ថា ឪពុកនាង ប្រាប់ថា “កូនកុំឆ្ងល់ពេក ហេតុទឹកហ្នឹងវាលង់ បើសិនជាកូនអត់យកពោងទៅតាម” ពេលនោះនាងអត់ស្ដាប់ឪពុកនាងទេ នាងលោតទឹកប្រូង! សួរថា នាងលង់ឬអត់? គឺប្រាកដជាលង់ ប៉ុន្តែបើនាងស្ដាប់ឪពុកនាង ដោយយកពោង ចុះហែលក្នុងទឹក នោះនាងនឹងមិនលង់ទេ ព្រោះមានពោងការពារ ឬដោយសារស្ដាប់តាមឪពុក ។ ហេតុនេះ គួរពិសោធក្នុងការជឿព្រះ នឹងដឹងសេចក្ដីពិតហើយ…។
~
~
គួរបញ្ជាក់ថា តារាចម្រៀងពេជ្រ សោភា បានក្លាយជាគ្រិស្តបរិស័ទ (និកាយប្រូតេស្ដង់) អស់រយៈពេល ២៥ឆ្នាំ (១៩៩៧-២០២២) មកហើយ ។ កាលពីពេលកន្លងទៅនេះ នាងបានចូលរួមសម្ពោធព្រះគម្ពីរប៊ីប ជាមួយគ្រិស្តបរិស័ទ រាប់ពាន់នាក់ និងជនល្បីល្បាញផ្សេងៗទៀត ។ នៅពេលនោះ មហាជន កត់សម្គាល់ថា ក្រៅពីតារាចម្រៀងល្បីល្បាញ ពេជ្រ សោភា ដែលជាគ្រិស្ទាននោះ តារាចម្រៀង ខេម នៃផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត្រា ក៏ជាគ្រិស្ទានម្នាក់ ដូចពេជ្រ សោភា ផងដែរ ។ ចំណែកនៅលើគណនីបណ្ដាញសង្គម ហ្វេសប៊ុក ឈ្មោះ “ម្លប់សាសនា” ធ្លាប់ចេញសារ ចាត់ទុកពេជ្រ សោភា ថាជាវីរនារីដ៏ក្លាហាន មានចិត្តសប្បុរសធម៌ពិតៗ ព្រោះអ្នកនាងបានជួយសាលារៀន សង្រ្គោះក្មេងនៅវត្ត (ពង្រកជុំតេជោ) នៅឃុំតេជោអភិវឌ្ឍន៍ ខេត្តកំពត ជាដើម។
តារាចម្រៀង ពេជ្រ សោភា ធ្លាប់បានធ្វើកម្មវិធីសប្បុរសធម៌ ជាច្រើនមកហើយ ដូចជាសាងសង់សាលារៀននៅតំបន់ដាច់ស្រយាល, ជីកអណ្ដូងទឹក និងជីកស្រះ ដើម្បីឲ្យពលរដ្ឋបានប្រើប្រាស់ទឹក នៅតំបន់ជាប់ព្រំប្រទល់នៃប្រទេសវៀតណាម ជាដើម ដោយចំណាយលុយអស់ជាច្រើនម៉ឺនដុល្លារ តែនាងកម្រឃើញថតរូបបង្ហោះចែកចាយ ឬបង្អួតនៅលើបណ្ដាញសង្គម ដូចគេទៅវិញ។ អ្វីដែលគួរឲ្យកត់សម្គាល់ កាលពីពេលថ្មីៗនេះ អ្នកនាង ពេជ្រ សោភា បែរជាលេចមុខនៅកម្មវិធីមួយ ដែលមានឈ្មោះថា «សន្និបាតស្រី្ដគ្រិស្ទានខ្មែរ» ដែលជាកម្មវិធីរបស់ព្រះវិហារជីវិតថ្មីភ្នំពេញ ស្ថិតនៅសង្កាត់បឹងកេងកង២ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។ នៅថ្ងៃនោះ គេឃើញតារាចម្រៀងពេជ្រ សោភា បានកាន់ព្រះគម្ពីប៊ីប និងបង្ហាញស្នាមញញឹម ដែលមើលទៅនាងហាក់មានក្ដីសុខផ្លូវចិត្តខ្លាំងណាស់ ។
~
~
តារាចម្រៀង ពេជ្រ សោភា បានបញ្ជាក់នៅពេលនោះថា នាងបានធ្វើសកម្មភាពសប្បុរសធម៌ ជួយដល់សង្គម ជាច្រើនលើកច្រើនសាមកហើយ តែមិនសូវបង្ហោះសកម្មភាពតាមបណ្ដាញសង្គមនោះទេ។ ការលេចមុខក្នុងការសម្ពោធព្រះគម្ពីរប៊ីប នៅពេលនោះ តារាចម្រៀងល្បីល្បាញជាង១៧ឆ្នាំរូបនេះ បញ្ជាក់ថា ជីវិតនាងជឿលើព្រះយេស៊ូ (គ្រិស្តបរិស័ទ ប្រូតេស្ដង់) ពោរពេញទៅដោយក្ដីស្រឡាញ់ពិតប្រាកដ មិនទាមទារការតបស្នងអ្វីឡើយ។ នាងថា នាងបង្កើតក្ដីស្រឡាញ់ ព្រោះជាគ្រិស្ទាន ហើយនឹងជួយអ្នកខ្វះខាត អ្នកក្រ ដោយអត់ចង់បានសំណង។ ដោយសារតែនាងជាគ្រិស្ទាន ឬគ្រិស្តសាសនិកនេះហើយ ទើបមានអ្នកខ្លះរើសអើង ស្អប់នាងជាដើម តែនាងមិនតបតបនោះទេ។ អ្វីដែលសំខាន់ នាងប្រកាន់ទស្សនៈថា «ទ្រព្យដែលមានតម្លៃបំផុតក្នុងជីវិតម្នាក់ៗ គឺក្ដីស្រឡាញ់» ។
~
~
គួរកត់សម្គាល់ដែរថា ការលើកយកលោកុប្បត្តិ ក្នុងព្រះគម្ពីប៊ីប ដែលបង្ហាញពីព្រះបន្ទូលរបស់ព្រះយេស៊ូ ថាទ្រង់ដាក់សញ្ញា ឥន្ទធនូ របស់ទ្រង់ នៅនាពពក ជាសញ្ញាដែលព្រះអង្គសន្យាថាមិនពន្លិចផែនដីដោយទឹកទៀតនោះទេ របស់តារាចម្រៀង ពេជ្រ សោភា ខាងលើនេះ ធ្វើឡើងក្រោយពីមានការភ្ញាក់ផ្អើលអំពីការចាកចោលផ្ទះសម្បែង និងការងារ របររកស៊ី របស់ប្រជាជនខ្មែរមួយចំនួន ទៅប្រមូលផ្តុំគ្នានៅឯចម្ការលោកខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ស្ថិតនៅជើងភ្នំគូលែន បន្ទាប់ពីមេបក្សរូបនេះ បានអំពាវនាវឲ្យប្រជាពលរដ្ឋ ជាពិសេសអ្នកគាំទ្រលោក ប្រញាប់នាំគ្នាទៅទីនោះជាបន្ទាន់ ឲ្យបានមុនថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ដោយលោកអះអាងថា នឹងមានព្រឹត្តិការណ៍ប្រហោងខ្មៅ (Black hole) ទឹកជន់លិចផែនដីទាំងមូល នៅសល់តែតំបន់ដីចម្ការរបស់លោកនៅជើងភ្នំគូលែន នោះប៉ុណ្ណោះ។ ទោះបីជាយ៉ាងណា ដោយសារមិនមានហេតុការណ៍ទឹកលិចផែនដី ដូចការបង្អើលរបស់លោកខឹម វាសនា នោះ ធ្វើឲ្យប្រជាពលរដ្ឋ អ្នកគាំទ្រមួយចំនួន លែងជឿលោកខឹម វាសនា ហើយបាននាំគ្នាចាកចេញ វិលត្រឡប់ទៅផ្ទះសម្បែងវិញ៕
~
~
~
~