~
តារាចម្រៀងជើងចាស់ សាន ផានិត ចូលបន្ទប់សង្គ្រោះបន្ទាន់ ក្រោយជួបជំងឺធ្ងន់ធ្ងរ២មុខ
ភ្នំពេញ ៖ តារាចម្រៀងជើងចាស់លោក សាន ផានិត ត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់បន្ទប់សង្គ្រោះបន្ទាន់ បន្ទាប់ពីអាការៈជំងឺចំនួន២បានធ្វើអោយលោកធ្វើទុក្ខ ហើយតម្រូវអោយមានការវះកាត់ភ្លាមៗតែម្តង។
~
~
យ៉ាងណា ក្រោយពីការជួយសង្គ្រោះពីក្រុមគ្រួពេទ្យបានទាន់ពេលវេលា តារាចម្រៀងរូបនេះបានឆ្លងផុតពីគ្រោះថ្នាក់ដល់អាយុជីវិតហើយ តែត្រូវបន្តការតាមដានពីក្រុមគ្រូពេទ្យនៅឡើយ។ ដំណឹងពីការចូលសង្គ្រោះនៅមន្ទីរពេទ្យរបស់លោក សាន ផានិត នាពេលនេះ ត្រូវបានប្រកាសអោយដឹងពីលោក សុះ ម៉ាច ដែលលោកបានជួបតារាចម្រៀងរូបនេះដោយចៃដន្យនៅឯមន្ទីរពេទ្យ។
~
~
លោក សុះ ម៉ាច បានបង្ហោះសារតាមគណនេយ្យហ្វេសប៊ុកថា «ហ៊ឺ! ចៃដន្យម្ល៉េះ! ថ្ងៃនេះ លោក សាន ផានិត ក៏ចូលសង្គ្រោះបន្ទាន់ វះកាត់ក្រលៀន ដាក់រ៉ឺស័របេះដូង ក្នុងបន្ទប់ជាមួយអ្នកម្តាយ និងមីងរបស់ខ្ញុំដែរ»។លោកថា «តែលោកសំណាងល្អ ផុតគ្រោះថ្នាក់ហើយ ដោយសារបានលោកគ្រូពេទ្យជួយសង្គ្រោះទាន់ពេលវេលា ប៉ុន្តែត្រូវនៅបន្តសម្រាកតាមដានព្យាបាលជំងឺតទៅទៀត។ សូមបួងសួងដល់ព្រះ ព្រមទាំងវត្ថុស័ក្តិសិទ្ធិក្នុងលោក ប្រទានពរដល់សម្លាញ់ផានិត អ្នកម្តាយ រួមទាំងមីងខ្ញុំ ឆាប់ជាសះស្បើយ និងសំណាងល្អទាំងអស់គ្នា»។
~
~
ក្រោយពេលលោក សុះ ម៉ាច បានបង្ហោះសាររួមជាមួយនឹងរូបភាពលោក សាន ផានិត កំពុងសម្រាកនៅលើគ្រែមន្ទីរពេទ្យនោះមក គេឃើញមានទស្សនិកជន ជាពិសេសបណ្តាអ្នកគាំទ្របទចម្រៀងលោក សាន ផានិត បាននាំគ្នាជូនពរអោយតារាចម្រៀងរូបនេះ ឆាប់បានជាសះស្បើយពីជំងឺ។ជាការកត់សម្គាល់ អាការៈជំងឺរបស់ម្ចាស់បទ «ទូរស័ព្ទប្រាប់ផង» លោក សាន ផានិត នាពេលនេះ បានចាប់ផ្តើមកើតមានឡើងអស់រយៈពេលប៉ុន្មានឆ្នាំហើយ ដែលធ្វើអោយលោកឈានទៅដល់ការវះកាត់ភ្លាមៗបែបនេះ។ យ៉ាងណា ផ្តើមពីជំងឺខាងលើនេះ ទំនងជាអាចពាក់ព័ន្ធនាពេលកន្លងមក ដែលលោកបានសារភាពថា លោកធ្លាប់ធ្លាក់ចូលទៅក្នុងបញ្ហាគ្រឿងញៀ.ន ដែលធ្វើអោយលោកបានបាត់មុខពីវិស័យសិល្បៈមួយរយៈធំ។
~
~
យ៉ាងណា ក្រោយពេលដែលលោកអាចផ្តាច់គ្រឿងញៀ.ន និងបានកែប្រែជីវិតថ្មីនោះ លោក សាន ផានិត ក៏បានកសាងគ្រួសារមួយដែលមកទល់នាពេលនេះ លោកទទួលបានចំណងដៃកូន២នាក់រួចហើយ។ លោក សាន ផានិត ក៏បានផ្តើមចេញមុខក្នុងវិស័យសិល្បៈជាបណ្តើរៗឡើងវិញ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈពេលក្រៅពីការងារសិល្បៈលោកក៏បានបើកហាងលក់ស្បែកជើងជជុះក្បាលគីបមួយកន្លែងផងដែរ នៅក្រុងតាខ្មៅ ខេត្តកណ្តាល៕
~
~
~
~
~