~
ភ្នំពេញ ៖ តារាសម្តែងវ័យក្មេងនាង កែវ ឡាវីញ នឹងចូលរោងការឆាប់ៗខាងមុខនេះហើយ បន្ទាប់ពីនាងចូលប្រឡូកសិល្បៈមិនប៉ុន្មានឆ្នាំផងនោះ។ ដំណឹងពីការចូលរោងការរបស់កូនស្រីអតីតតារាសម្តែងអ្នកនាង កែវ កល្យាណ នាពេលនេះ ត្រូវបានទម្លាយចិត្តដោយលោក យ៉ែម សំអូន ក្នុងពេលមង្គលការរបស់ កែវ ឡាវីញ បានជួលវង់តន្ត្រីរបស់លោក។
~
យ៉ាងណា តាមរយៈសំណេរដែលបានសរសេរបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកនោះលោក យ៉ែម សំអូន មិនបានបញ្ជាក់ពីពេលវេលាជាក់លាស់ ចំពោះពិធីមង្គលការរបស់តារាស្រីរូបនេះឡើយ ពោលគឺលោកគ្រាន់តែលើកឡើងថា ជួបគ្នាឆាប់ៗប៉ុណ្ណោះ។
~
ដោយឡែកពាក់ព័ន្ធបញ្ហាខាងលើនេះ កោះសន្តិភាពនៅមិនទាន់អាចស្វែងរកការបកស្រាយណាមួយពី កែវ ឡាវីញ ក៏ដូចជាអ្នកនាង កែវ កល្យាណ បាននៅឡើយទេ គិតត្រឹមថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២នេះ។
ជាការកត់សម្គាល់ តាមរយៈរូបភាពដែលបាមបង្ហាញតាមបណ្តាញសង្គមហ្វេសប៊ុកនោះអនាគតស្វាមីរបស់ កែវ ឡាវីញ គឺជាបុរសវ័យក្មេងនៅក្នុងស្រុក ហើយលោកក៏ត្រូវបានគេដឹងថា ជាអ្នកធ្វើការនៅក្នុងក្រុមហ៊ុនឯកជនមួយ។ ទោះជាយ៉ាងណា គេនៅមិនទាន់ដឹងទេថា ពន្លកស្នេហ៍របស់អ្នកទាំងពីរបានចាប់ផ្តើមពីពេលណានោះឡើយ មុនពេលសម្រេចចូលរោងការនាពេលឆាប់ៗខាងមុខនេះ។
~
~
កែវ ឡាវីញ បានចូលប្រឡូកសិល្បៈតាមគន្លងម្តាយ គឺអតីតតារាសម្តែងដ៏ល្បីកាលពីអំឡុងទសវត្សន៍ឆ្នាំ៩០ គឺអ្នកនាង កែវ កល្យាណ។ បើទោះបីជាការចាប់ផ្តើមប្រឡូកសិល្បៈថ្មីថ្មោង កែវ ឡាវីញ ក៏ទទួលបានការគាំទ្រច្រើនពីសំណាក់ទស្សនិកជនផងដែរ ដោយសារទេពកោសល្យសម្តែងរបស់នាង។
កែវ ឡាវីញ ក៏បានបង្ហាញវត្តមានសម្តែងភាពយន្តមួយចំនួនផងដែរនាពេលកន្លងមក ហើយភាពយន្តដែលទទួលការគាំទ្រច្រើននោះ គឺរឿងដែលនាងសម្តែងជាតួអង្គដែលមានស្នេហាភេទដូចគ្នា។
ប៉ុន្តែកន្លងមក កែវ ឡាវីញ តែងតែបង្ហោះរូបភាពស្និតស្នាលជាមួយបុរសរូបនោះជាបន្តបន្ទាប់ផងដែរ ប៉ុន្តនាងមិនបានបញ្ជាក់ថា បុរសនោះជាអ្នកណាឡើយ ទើបតែធ្លាយដំណឹងខាងលើទើបគេដឹងថា បុរសនោះ គឺជាគូស្នេហ៍របស់នាង។ យ៉ាងណា ដំណឹងពីការចូលរោងការរបស់ កែវ ឡាវីញ នាពេលនេះ បានធ្វើអោយមហាជន ជាពិសេសប្រិយមិត្តគាំទ្របានសម្តែងការអបអរសាទរ និងជូនពររូបនាងជួបតែសុភមង្គល។
~
~
យ៉ាងណាកន្លងមក អ្នកនាង កែវ កល្យាណ ធ្លាប់បានលើកឡើងថា ការសម្រេចចូលប្រឡូកសិល្បៈរបស់ កែវ ឡាវិញ នាពេលនេះ គឺធ្វើឡើងដោយមានការជម្រុញពីរូបអ្នកនាងផងដែរ ខណៈពេលដែលកូនស្រីរបស់នាងហាក់មិនមានបំណងចង់ចូលប្រឡូកអាជីពនេះឡើយ។ បើតាមអ្នកនាង កែវ កល្យាណ រឿងសិល្បៈអ្នកនាងក៏មិនបង្ខំកូនស្រីនោះដែរ ប្រសិនបើនាងចូលចិត្តចង់បន្តនោះ នាងក៏សម្របតាមកូន ព្រោះកន្លងមក នាងក៏ចង់អោយកូនរៀនសូត្របានខ្ពស់និងមានការងារមួយសមរម្យ ក្រៅពីការងារសិល្បៈនេះ៕
~
~
~
~