~
ត្បិតថា មើលទៅមិនសូវមានសកម្មភាពខ្លាំងដូចកាលនៅក្នុងសិល្បៈ ប៉ុន្តែបើតាមតម្រុយពីប្រភពមួយ បានឲ្យដឹង ពេលនេះ អតីតអ្នកគ្រប់គ្រងផលិតកម្ម Galaxy Navatra កំពុងសម្ងំរៀបចំយុទ្ធសាស្ត្រ និងកសាងផែនការជំហានៗច្រើនណាស់។គិតត្រឹមពេលនេះ មានរយៈពេលជិត ១ខែមកហើយ ដែលលោក យឹម តាស្រង់ បានប្រកាសចាកចេញពីផលិតកម្មរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលការចាកចេញនោះ ក៏ព្រោះតែលោកមានបេសកកម្មជីវិតមួយថ្មី ដោយលោកចង់ក្លាយជាពាណិជ្ជកម្មមួយរូប។ចំណុចនេះ ឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានទទួលស្គាល់ និងយល់ព្រមឲ្យលោក ឈប់ពីការងារគ្រប់គ្រងផលិតកម្មតាមការស្នើសុំ ព្រមទាំងជូនពរឲ្យលោកទទួលជោគជ័យក្នុងអាជីវកម្មផង។
~
~
យឹម តាស្រង់ បានហក់មកប្រឡូកក្នុងការរកស៊ីក្នុងជំនួញ Cosmetic ដ៏គួរឲ្យភ្ញាក់ផ្អើលដោយចាប់ដៃម៉ាក់អ៊ីអ៊ី នាំយកផលិតផលសម្ផស្ស និងសុខភាព EEw9 មកកម្ពុជា។ថ្លែងក្នុងថ្ងៃសន្និសីទសារព័ត៌មានប្រកាសពីជំនួញថ្មីរបស់ខ្លួន យឹម តាស្រង់ ប្រាប់ថា សំអាងលើការដាក់ចិត្តធ្វើការងារសិល្បៈរហូតជោគជ័យមានការទទួលស្គាល់ លោកនឹងធ្វើឲ្យផលិតផលមួយនេះ ល្បីក៏ដូចជាការទទួលស្គាល់ក្នុងទីផ្សារកម្ពុជាដូចគ្នា ហើយនេះក៏ជាមូលហេតុដែលលោកសុខចិត្តងាកចេញពីការងារសិល្បៈ ដើម្បីមានពេលគ្រប់គ្រាន់ គ្រប់គ្រង និងដឹកនាំ។
~
~
ចាប់ពីតាំងពីនោះ គេឃើញលោក បានចេញមក Live ក៏ដូចជាបង្ហោះពីសកម្មភាពរបស់លោកខ្លះ ក្នុងផែនការលើកកម្ពស់ទីផ្សាររបស់ EEw9។ ប៉ុន្តែតាមព័ត៌មានពីប្រភពមួយឲ្យដឹងថា លោកកំពុងមានផែនការច្រើននេះទៅទៀត។ ប្រភពថា តាស្រង់ ពេលនេះ កំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធក្រុមហ៊ុនក្នុងអគារផ្ទះវីឡាមួយនៅតំបន់កប់ស្រូវ និងក៏កំពុងកសាងក្រុមផលិតវីដេអូ(Production Team)ធំមួយផង។
~
ប្រភពបន្ថែមថា ក្រុមនេះហើយជាក្រុមចម្បងមួយ ដែលមាននាទីផលិតកម្មវីដេអូពាណិជ្ជកម្មតូចធំពី EEw9 ដោយខ្លួនឯង ដោយមិនពឹងលើការជួលក្រុមពីខាងក្រៅនោះទេ។ ជាមួយគ្នា សម្ភារៈចាំបាច់ ម៉ូតូ ឡាន សម្រាប់ក្រុមលក់ ក៏បានមានសព្វគ្រប់អស់ហើយដែរ ដែលគេជឿថា ក្រុមនេះនឹងចូលលុកលុយទីផ្សារឆាប់ៗនេះ។
~
~
ចំពោះបញ្ហានេះ លោក យឹម តាស្រង់ ក្នុងបទសម្ភាសន៍តាមសារអេឡិចត្រូនិក សុំមិននិយាយលម្អិត។ យ៉ាងណា លោកក៏មិនបានទាត់ចោលទាំងស្រុងដែរ។ លោកថ្លែងថា៖ “អឹម…វាធម្មតាទេ ចាប់ផ្ដើមដំណើរការអាជីវកម្មដំបូងៗអីចឹង គឺមានរឿងច្រើនត្រូវធ្វើហើយ តែបើឲ្យខ្ញុំនិយាយថា ធ្វើអីៗខ្លះ ខ្ញុំសុំមិននិយាយ ព្រោះរឿងខ្លះ វាអត់គួរនិយាយ…!”។
~
~
លោកបញ្ជាក់ថា ប្រិយមិត្ត ក៏ដូចជាសាធារណជន ពិសេសតំណាងចែកចាយ និងអតិថិជន EEw9នឹងបានដឹង បានឃើញឆាប់ៗនេះ៕
~
~