~
ក្រោយក្រុមកំប្លែង តាវិចទ័រ ចាកចេញ ពេលនេះ CTN មានអ្នកថ្មីមកជំនួសជាបន្តបន្ទាប់
~
~
ភ្នំពេញ ៖ ពាក្យចាស់តែងតែពោលថា អាចាស់មិនទៅអាថ្មីម្តេចមក? យ៉ាងណាមិញ កន្លងមក មហាជនបានដឹង និងបានលឺហើយថា ក្រុមកំប្លែងរបស់លោកតា វិចទ័រ ដែលមាននាយពាក់មី នាយគ្រឿន និងនាយក្រូច ជាដើម បានដើរចេញពីស្ថានីយទូរទស្សន៍ CTN ជាបន្តបន្ទាប់ ជាពិសេសក្រុមលោកតា វិចទ័រ ក៏បានប្រកាសអំពីទ្រនំថ្មីសម្រាប់ការចាប់ផ្តើមការងាររបស់ខ្លួន ក្រោយចាកចេញពីស្ថានីយទូរទស្សន៍មួយនេះរបស់អ្នកឧកញា គិត ម៉េង។
~
~
ជាការពិតណាស់ មួយរយៈកន្លងទៅនេះ ក្រុមតារាកំប្លែងដ៏មានសមត្ថភាព និងទេពកោសល្យចាស់វស្សាជាច្រើនរូប បានចាក់ចេញពី CTN អស់បាត់ទៅហើយ ដោយម្នាក់ៗបានលើកហេតុផលដែលក្រុមខ្លួនចាកចេញ និងឈប់សម្ដែងនៅស្ថានីយទូរទស្សន៍ CTN ដោយសារការមិនពេញចិត្ត និងការដឹកនាំរបស់អ្នកគ្រប់គ្រងថ្មីដែលជាជនជាតិឥណ្ឌា មានការតឹងរឹងខ្លាំងពេក រហូតធ្វើអោយក្រុមខ្លួនហាក់មានសម្ពាធខ្លាំង ក្នុងនោះក៏មានលោកតា វិចទ័រ ដែលជាអ្នកដឹកនាំក្រុមចាកចេញដូចគ្នា ។
~
ក្រោយក្រុមកំប្លែង លោក សុវណ្ណឬទ្ធី ហៅលោកតា វិចទ័រ ដោយមាន នាយពាក់មី នាយគ្រឿន នាយក្រូច និងអ្នកផ្សេងជាច្រើនទៀត បានចាកចេញពី CTN ហើយក្រុមលោកតា វិចទ័រ ក៏បានរកបានទ្រនំថ្មីហើយនោះ មហាជនក៏ចង់ដឹងផងដែរថា តើនរណានឹងមកជំនួសកន្លែងរបស់លោតាវិចទ័រ និងក្រុមកំប្លែងរបស់នាយពាក់មី នោះ?។
~
យ៉ាងណាមិញ គេសង្កេតឃើញថា ក្នុងកម្មវិធី «មេខ្ញុំ» ឬ «my boss» ដែលកន្លងមក នាយពាក់មី ជាអ្នកដើរតួសំខាន់នោះ ត្រូវបានជំនួសដោយលោក ប៉ែន ចំរ៉ុង ដែលក្រុមកំប្លែងសម្រាប់កម្មវិធីនេះកន្លងមកមានលោក ពែកមី ដើរតួអង្គសំខាន់ ជាមួយអ្នកកំប្លែងផ្សេងទៀតដូចជាពូណុយ អ្នកនាង កាតុ និងនាងគឹម លីហ្សា ជាដើម។ សម្រាប់កម្មវិធីកំប្លែងសំណើចតាមភូមិ ឃើញជំនួសដោយលោក ដួង សុខគា និងមានក្រុមកំប្លែងរបស់ពូណុយ នាយណម មកជំនួស និងមានវត្តមានតារាកំប្លែងស្រី នាង ពីន ផងដែរ។
~
ក្រោយពេលក្រុមកំប្លែងរបស់លោកតា វ៉ិចទ័រ និងក្រុមនាយ ពាក់ មី បានដើរចេញនោះ ពិធីការិនីចាស់វស្សាអ្នកនាង យុគ្គ ចិន្តា ត្រូវបានអ្នកដឹកនាំដំឡើងតួនាទីថ្មីបន្ថែម ដោយនៅក្នុងនោះនាងត្រូវមកកាន់កម្មវិធី «បាទមេ» ដែលជាកម្មវិធីធ្លាប់សម្តែងដោយ នាយ ពាក់មី ចំណែកកម្មវិធីសំណើចតាមភូមិត្រូវជំនួសដោយលោក ដួង សុខគា។ មិនត្រឹមតែទទួលតំណែងដឹកនាំកម្មវិធីថ្មីនៅ CTN ប៉ុណ្ណោះទេ ប៉ុន្តែអ្នកនាង យុគ្គ ចិន្តា បានសន្យានឹងធ្វើអោយ CTN កាន់រីកចម្រើន និងគាំទ្រពីសំណាក់ទស្សនិកជនទៀតផង។
~
~
អ្នកនាង យុគ្គ ចិន្តា ក្រោយត្រូវបានប្រគល់តំណែងធំបន្ថែមទៀតនោះ អ្នកនាងបានលើកឡើងតាមរយៈសារដែលបានបង្ហោះតាមបណ្តាញសង្គមថា ចាប់តាំងពីការចាប់ផ្ដើមដំបូងនៃស្ថានីយទូរទស្សន៍ CTN ក្នុងរយៈពេល២០ឆ្នាំមកនេះ នាងខ្ញុំ បានអភិវឌ្ឍខ្លួនពីពិធីការិនីម្នាក់ រហូតដល់កាន់តួនាទីជានាយិកាត្រួតពិនិត្យគុណភាព។
~
នាងបញ្ជាក់ថា ទោះមានឧបសគ្គច្រើនក៏ដោយ ក៏ខ្ញុំតែងតែអាចជម្នះរាល់ឧបសគ្គទាំងនោះបាន ដោយសារតែមានថ្នាក់ដឹកនាំ CBS ដែលតែងយកចិត្តទុកដាក់ និងលើកទឹកចិត្តចំពោះបុគ្គលិក និងក្រុមការងារដែលចេះជួយគ្នាទៅវិញទៅមកនៅក្នុងក្រុមហ៊ុន។ នេះជាអ្វីដែលធ្វើឱ្យខ្ញុំកាន់តែមានមោទកភាពខ្លាំងឡើងដែលបានក្លាយជាផ្នែកមួយនៃគ្រួសារ CBS ដ៏កក់ក្ដៅនេះ។
អ្នកនាងបន្ថែមថា ក្នុងអាជីពមួយនេះ ខ្ញុំមិនភ្លេចពីតម្លៃរបស់ស្ត្រី ដោយផ្សារភ្ជាប់ជាមួយសារសំខាន់នៃសមភាពយែនឌ័រនៅក្នុងកម្មវិធីមុនៗនោះទេ ហើយកម្មវិធីទាំងនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងសង្គមជាតិយើង។ ហើយថ្មីៗនេះ អ្នកគ្រប់គ្រងថ្មីរបស់ CBS បានបន្តផ្ដល់ឱកាសសម្រាប់នាងខ្ញុំ ដើម្បីដឹកនាំកម្មវិធី «បាទមេ» រដូវកាលទី២ ដែលជាកម្មវិធីកំប្លែងសើចចុកពោះ ជាមួយតួសម្ដែងថ្មី និង «សង្វៀនម្ហូប» ដែលផ្ដល់នូវរសជាតិប្លែកថ្មី ធ្វើឱ្យកម្មវិធីរបស់ CBS លេចធ្លោបំផុតក្នុងឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយ។ សូមអរគុណដល់គ្រួសារ CBS ដែលបានធ្វើឱ្យនាងខ្ញុំ មានថ្ងៃនេះ ហើយពួកយើងនឹងធ្វើឱ្យ CBS កាន់តែរីកចម្រើនជាមួយគ្នា។
~
~
~