~
ភ្នំពេញ ៖ បេក្ខភាពលំដាប់រងទី២ នៃការប្រកួតបវរកញ្ញាចក្រវាទ្បកម្ពុជា ឆ្នាំ២០២២ កញ្ញា ហេង សុនិស្ស័យ បានទម្លាយពីមហិច្ជតារបស់ខ្លួនដែលចង់ក្លាយទៅជាបវរកញ្ញាតំណាងជាតិមួយរូប តាំងពីនាងមានអាយុទើបតែប្រមាណ១០ឆ្នាំតែប៉ុណ្ណោះ មុនពេលដែលនាងមកធ្វើការប្រកួតប្រជែងកញ្ញាសម្រស់នាពេលនេះ។បើទោះជាការប្រឡងបវរកញ្ញាចក្រវាទ្បកម្ពុជាឆ្នាំ២០២២ ដែលទើបតែបិទបញ្ចប់កាលពីពេលថ្មីៗនេះ ស្រីស្អាត ហេង សុនិស្ស័យ មិនបានគ្រងម្គុដ ដើម្បីតំណាងជាតិទៅប្រកួតនៅលើឆាកអន្តរជាតិក៏ដោយ ប៉ុន្តែនាងបានចាត់ទុកថា នេះជាបទពិសោធន៍ថ្មីមួយទៀតសម្រាប់នាង ដែលមានបំណងចង់ធ្វើរឿងមួយនេះតាំងពីកុមារភាពមកម្ល៉េះ។
~
~
តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ស្រីស្អាត ហេង សុនិស្ស័យ បានធ្វើការបង្ហោះសារបង្ហាញអារម្មណ៍ពិតរបស់ខ្លួនថា «ខ្ញុំមានអាយុប្រហែល១០ឆ្នាំ កាលនោះខ្ញុំកំពុងរស់នៅ និងសិក្សានៅប្រទេសអូស្ត្រាលី។ ឪពុកម្តាយរបស់ខ្ញុំរវល់ការងារពេក ដូច្នេះភាគច្រើនខ្ញុំនៅផ្ទះម្នាក់ឯង។ ថ្ងៃមួយ ខ្ញុំបានបើកទូរទស្សន៍ ហើយបានឃើញការប្រកួតបវរកញ្ញាដ៏ធំមួយកំពុងផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍។ (សូមមិនធ្វើការបញ្ចេញឈ្មោះ) ប៉ុន្តែខ្ញុំចាំបានច្បាស់ណាស់ ព្រោះខ្ញុំចាំថា បានអង្គុយតាមដានការបង្ហាញខ្លួនរបស់បេក្ខនារី ហើយរង់ចាំមើលដោយមិនបានឃើញស្ត្រីតំណាងកម្ពុជាឡើយ ពេលនោះខ្ញុំបានប្រាប់ខ្លួនឯងថា ថ្ងៃណាមួយខ្ញុំនឹងទៅទីនោះតំណាងឲ្យប្រទេសរបស់ខ្ញុំ។ បើគេអាចធ្វើបាន ខ្ញុំក៏អាចធ្វើបានដែរ»។
~
~
នាងបានបញ្ជាក់ថា «ប្រាកដណាស់ ខ្ញុំមិនបានដឹងថា តើការងារនេះនឹងត្រូវធ្វើការចំណាយធន់ធាន កម្លាំង និងពេលវេលាប៉ុណ្ណានោះទេ ឬក្នុងដំណាក់កាលណានៃជីវិតរបស់ខ្ញុំ ខ្ញុំនឹងអាចធ្វើវាបានទេ។ ប៉ុន្តែដូចជា ខ្ញុំរៀបនឹងបោះបង់ឱកាសនេះចោល មានអ្វីមួយបានរំលឹកខ្ញុំថា ខ្ញុំត្រូវតែបំពេញក្តីស្រមៃរបស់ក្មេងស្រីអាយុ១០ឆ្នាំនោះ ខណៈពេលដែលនាងមានក្តីស្រមៃជាច្រើន នេះគ្រាន់តែជាក្តីស្រមៃមួយរបស់គាត់ប៉ុណ្ណោះ »។
~
~
នាងថា «បទពិសោធន៍នេះ បង្រៀនខ្ញុំថា ជំនួសឱ្យការធ្វើអ្វីមួយដែលមនុស្សគ្រប់គ្នាកំពុងធ្វើរួចហើយ ចូរធ្វើអ្វីដែលប្លែក។ ធ្វើអ្វីដែលអ្នកដទៃមិនទាន់បានធ្វើ។ ធ្វើជាអ្នកកំណត់និន្នាការ ជំនួសឱ្យការជាអ្នកដើរតាមនិន្នាការ។ កំណត់និន្នាការ និងតស៊ូមតិសម្រាប់អ្វីដែលអ្នកជឿ ព្រោះអ្នកអាចមិនដឹងថា ពន្លឺបែបណាដែលអ្នកអាចបញ្ឆេះក្នុងចិត្តក្មេងស្រីអាយុ១០ឆ្នាំ»។
ទោះជាយ៉ាងណាក៏ដោយ បើទោះបីជាមិនបានគ្រងម្គុដ ស្រីស្អាត ហេង សុនិស្ស័យ ក៏បានចូលរួមសម្តែងការអបអរសាទរដល់ម្ចាស់ជ័យលាភី គឺ កញ្ញា ហង្ស មានីតា ដែលទើបនឹងបានទទួលបានម្កុដនេះផងដែរ ខណៈពេលដែលនាងក៏បានអរគុណដល់ទស្សនិកជនទាំងអស់ដែលតែងតែបានគាំទ្ររូបនាងតាំងពីដើម រហូតដល់ការប្រឡងត្រូវបានបញ្ចប់។
~
~
គួរបញ្ជាក់ថា កម្មវិធីប្រឡង Miss Universe Cambodia 2022 បានបិទបញ្ចប់កាលពីរាត្រីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ដោយនៅក្នុងបវរកញ្ញា ៥ រូប ដែលជាប់តំណែងកំពូលរួមមាន ៖ ជ័យលាភីឯក បានទៅលើកញ្ញា ហង្ស ម៉ានីតា ជាម្ចាស់មកុដថ្មី ដែលតម្លៃមកុដ១៨ម៉ឺនដុល្លារ ខណៈពេលជ័យលាភីរងទី១ បានទៅលើ ហេង សុទ្ធនិស្ស័យ, ជ័យលាភីរងទី២ បានទៅលើ ហេង បូនីកា, ជ័យលាភីរងទី៣ បានទៅលើ រតនា សុខា វត្តី និងជ័យលាភីរងទី៤ បានទៅលើ ហ៊ុន ហ្គិចឡាង ៕
~
~
~
~