~
~
ភ្នំពេញ ៖ ស្រីស្អាត ថុន មរកត គឺជាតួឯកស្រីក្នុងរឿង «នាងកែវមុខសេះ» ដែលកំពុងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN នឹងកំពុងតែទទួលការចាប់អារម្មណ៍ពីសំណាក់ទស្សនិកជន ក្នុងពេលដែលតារាស្រីថ្មីរូបនេះ បានលះបង់នូវរឿងមួយ ដើម្បីបានសម្តែងរឿងជាលើកដំបូងនាពេលនេះ។រឿងដែលនាងលះបង់នោះ គឺតារាស្រីរូបនេះបានសម្រេចធីបចោលការសិក្សារបស់ខ្លួនរយៈពេលមួយឆ្នាំពេញ ដើម្បីមានឱកាសបានចូលថតភាពយន្តជាលើកដំបូងរបស់ខ្លួន ដែលបានធ្លាក់មកដោយមិននឹកស្មានដល់។
~
~
តារាស្រីវ័យ១៩ឆ្នាំ នាង ថុន មរកត បានអះអាងប្រាប់កោះសន្តិភាពតាមសារអេឡិចត្រូនិចថា រឿង «កែវមុខសេះ» នេះគឺជារឿងដំបូងដែលនាងបានសម្តែង ខណៈពេលដែលកន្លងមក នាងត្រឹមជាអ្នកថតសម្អាងការធម្មតាម្នាក់តែប៉ុណ្ណោះ។ នាងបញ្ជាក់ថា ឱកាសនេះ ការថតរឿងខាងលើនេះ គឺនាងមិននឹកស្មានដល់ឡើយ ដោយសារនាងត្រូវបានហៅពីម្ចាស់ផលិតកម្ម ដើម្បីធ្វើតេស្ត(Cast) សម្តែងទាំងនាងមិនមានបទពិសោធន៍ទាល់តែសោះនៅក្នុងការសម្តែងរឿង។
នាងថា ដោយសារការស្រឡាញ់ និងការបង្ហាត់បង្ហាញពីអ្នកដឹកនាំរឿង (Director) នាងអាចហាត់ពុតលុតដុំ និងអាចសម្តែងបានទៅតាមការចង់បានរបស់គេ បើទោះបីជាការសម្តែងលើកដំបូង វាហាក់មានការលំបាកច្រើនសម្រាប់នាងក៏ដោយ។
~
~
ស្រីស្អាតថន មរកត បានលើកឡើងបន្ថែមថា កន្លងមក នាងមិនដែលចូលរួមការប្រឡងណាមួយ ឬមានបទពិសោធន៍នៅក្នុងការសម្តែងនេះឡើយ ហើយឱកាសបានថតសម្អាងការនេះទៀតសោចិ៍ គឺដោយសារនាងមានការចាប់អារម្មណ៍ពីអ្នកផាត់មុខដែលស្គាល់រូបនាងប៉ុណ្ណោះ។
~
~
~
យ៉ាងណាបើតាម ថន មរកត ការដែលនាងបានថតសម្តែងរឿងដំបូងនាពេលនេះ គឺនាងបានសម្រេចឈប់ការសិក្សារយៈពេលមួយឆ្នាំ ក្នុងពេលដែលនាងត្រូវបន្តថ្នាក់មហាវិទ្យាល័យ ក្រោយប្រឡងជាប់ថ្នាក់ទី១២រួចមក។
នាងបញ្ជាក់ថា ការសម្រេចផ្អាកការសិក្សា ដើម្បីបានថតរឿងនេះ ក៏ត្រូវបានជំទាស់ខ្លះដែរពីឪពុកម្តាយរបស់នាង ដោយសារពួកគាត់ចង់ឲ្យនាងរៀនសូត្រជាមុនសិន។ នាងថា ប៉ាម៉ាក់គាត់បានហាមឃាត់ដែរ ប៉ុន្តែមិនហាមឃាត់ដាច់ម៉ាត់នោះដែរ ដោយសារពួកគាត់ចង់ឲ្យខ្ញុំរៀនសូត្រឲ្យបានចប់ចុងចប់ដើមជាមុន ហើយពេលរៀនចប់ចង់ធ្វើអ្វីក៏ធ្វើចុះ។យ៉ាងណា ក្រោយពេលថតរឿង «នាងកែវមុខសេះ» នេះចប់ នាងក៏បានងាកមករកការសិក្សាវិញ ដោយនាងត្រូវរៀនឆ្នាំទី១នៅមហាវិទ្យាល័យ លើមុខជំនាញគណនេយ្យ ខណៈពេលដែលអាជីពសិល្បៈរបស់នាងក៏ត្រូវពិចារណាផងដែរ។
~
~
តារាស្រីដែលមានដើមកំណើតនៅក្រុងតាខ្មៅ ខេត្តកណ្តាលរូបនេះ បានបញ្ជាក់ថា ការសិល្បៈនាងក៏មានចិត្តស្រឡាញ់ខ្លាំងណាស់ដែរ ប៉ុន្តែនាងចង់រៀនសូត្រឲ្យបានចប់សព្វគ្រប់ ដើម្បីមានការងារច្បាស់លាស់មួយ។ ដោយឡែកសម្រាប់សិល្បៈនាងអាចនឹងនៅទទួលដដែល ប៉ុន្តែនាងទទួលតែការថតភាពយន្តណាដែលមានរយៈពេលខ្លីប៉ុណ្ណោះ ព្រោះនាងត្រូវទុកពេលសម្រាប់ការសិក្សា។
បើតាម ថន មរកត ក្រោយបង្ហាញមុខជាលើកដំបូងនៅក្នុងការសម្តែងរឿងនេះ បច្ចុប្បន្ននាងក៏ទទួលបានការសាកសួរខ្លះពីបណ្តាផលិតកម្មនានា ដែលមានបំណងហៅនាងទៅថតផងដែរ ប៉ុន្តែការងារនេះនៅមិនទាន់ច្បាស់លាស់នៅឡើយទេ៕
~
~
~
~
~