~
~
ភ្នំពេញ៖ ពិតជារឿងមួយដែលគួរឲ្យសោកស្តាយ ដែលទទួលបានដំណឹងនឹងព័តមានថា ក្រុមកំប្លែងដែលល្បីជំនាន់ក្រោយ បន្ទាបពីក្រុមកំប្លែងជើងចាស់ លោកពូ ក្រឹម នឹងលោក ពូ កុយ ចាប់ផ្តើមបែកបាក់សាមគ្គីនឹងគ្នា។ តាមរយៈវីដេអូផ្សាយផ្ទាល់ (ឡាយ) របស់ នាយ ពាក់មី កាលពីរាត្រីថ្ងៃទី ១២ ខែមិថុនា នេះ បានឱ្យដឹងថា នាយ រួមទាំងតារាកំប្លែងរួមក្រុមពីរនាក់ទៀត នឹងចាកចេញពីស្ថានីយ៍ទូរទស្សន៍ CTN ជាផ្លូវការនៅដើមខែ កក្កដា ឆ្នាំ ២០២២ ខាងមុខនេះ ។តាមពិតទៅកាលពីអំឡុងចុងខែឧសភា ឆ្នាំ ២០២២ កន្លងទៅ តារាកំប្លែង ចែម ចាន់តារា ហៅ ពាក់មី បានប្រកាស ចាកចេញពីស្ថាននីយទូរទស្សន៍ CTN ម្ដងរួចមកហើយ ដោយសារតែមិនពេញចិត្តជាមួយការដឹកនាំរបស់អ្នកគ្រប់គ្រងថ្មីជាជនជាតិឥណ្ឌា ។ ប៉ុន្តែពេលនោះក៏ត្រូវបានដឹងដល់គណៈគ្រប់គ្រងស្ថានីយទូរទស្សន៍ខាងលើ ក៏បានសម្របសម្រួលគ្នាឡើងវិញ ។
~
~
~
ជាថ្មីម្ដងទៀត ត្បិតតែបានសម្របសម្រួលគ្នាទៅលើបញ្ហាមួយចំនួន ប៉ុន្តែក្រោយមក សម្រាប់នាយ ពាក់មី ត្រូវបានគេលប់ឈ្មោះចេញពីកម្មវិធី «បាទមេ! វគ្គ២» ដែលជាកម្មវិធីកំពុងមានប្រជាប្រិយភាពខ្លាំងមួយរបស់ស្ថាននីយទូរទស្សន៍ CTN ដែលជាហេតុនាំឱ្យនាយតូចចិត្ត នឹងសម្រេចចិត្តចាកចេញជាផ្លូវការតែម្ដង នាដើមខែក្រោយនេះ ។យោងតាមវីដេអូផ្សាយផ្ទាល់រយៈពេល ២៦នាទី តារាកំប្លែងដែលមានប្រភពពីខេត្តស្វាយរៀងខាងលើ បានបញ្ជាក់ថា មិនត្រឹមតែនាយប៉ុណ្ណោះទេ ដែលនឹងចាកចេញពី CTN ពោលគឺនៅមានតារាកំប្លែង ២រូបផ្សេងទៀត ក៏នឹងចាកចេញដូចគ្នា គឺមាននាយក្រូច និងនាយគ្រឿន ។
~
~
ជាងនេះទៅទៀត សូម្បីតែស្ថាបនិកក្រុមកំប្លែង CBS លោក សុវណ្ណ ឬទ្ធី ហៅលោក តា វិចទ័រ ក៏ចាកចេញផងដែរ ។ស្របពេលជាមួយគ្នានេះ នាយ ពាក់ មី ថែមទាំងបានអរគុណដល់អ្នកឧកញ៉ា គិត ម៉េង ដែលបានផ្ដល់ឱកាសឱ្យលោកមានថ្ងៃនេះ និងអរគុណដល់ស្ថាននីយ CTN ដែលកន្លងមកលោកបានចាត់ទុកជាផ្ទះទី២ ដ៏កក់ក្ដៅ ។ ប៉ុន្តែដោយសារតែមិនពេញចិត្តជាមួយនឹងការគ្រប់គ្រងដ៏តឹងតែងរបស់អគ្គនាយកថ្មីជាជនជាតិឥណ្ឌា ទើបលោក និងបុគ្គលិកផ្សេងៗទៀត បានសម្រេចចិត្តចាកចេញតែម្ដង ។
~
~
គួរឱ្យដឹងផងដែរថា នាយ ពាក់មី គឺជាកំប្លែងដ៏មានប្រជាប្រិយភាពខ្លាំងបំផុតនាពេលបច្ចុប្បន្ន ។ ក្រៅតែពីមានទេពកោសល្យសិល្បៈកំប្លែង នាយក៏មានសមត្ថភាពដឹកនាំសម្ដែង និពន្ធរឿង និពន្ធទំនុកចម្រៀង និងច្រៀងបានដោយខ្លួនឯងផងដែរ ។នាយ ពាក់ មី បានប្រឡងជាប់ជ័យលាភីលេខ១ នៅក្នុងកម្មវិធី មហាកំប្លែង របស់ស្ថានីយទូរទស្សន៍ CTN កាលពីឆ្នាំ ២០០៩ និងបានលេចមុខសម្ដែងជាលើកដំបូងនៅលើឆាកកម្មវិធីរាត្រីកម្សាន្ត ក្នុងឆ្នាំ ២០១០ ៕
~
~
~
~