ភ្នំពេញ ៖ គិតមកទល់ពេលនេះ អតីតារាសម្តែងនាង វ៉ាង ស្រីណូ បានចូលវ័យរាងជ្រេបន្តិចហើយ ប៉ុន្តែនាងនៅមិនទាន់លឺដំណឹងចូលរោងការរៀបការមានស្វាមីជាមួយបុរសណាម្នាក់នៅឡើយទេ ក្រោយពេលដែលនាងបានជួបរឿងស្នេហាមិនសមបំណងជាមួយបុរសខ្មែរអាណិកជនម្នាក់មកនេះ។យ៉ាងណា បើទោះបីជាវ័យកាន់តែជ្រេបន្តិចក្តី ប៉ុន្តែបើក្រឡេកទៅមើលរូបសម្រស់របស់ វ៉ាង ស្រីណូ នាពេលបច្ចុប្បន្ននេះ នាងនៅតែអាចរក្សាបាននូវភាពស្រស់ស្អាត សាច់សខ្ចីដូចពីមុនដដែល ពោលគឺមិនចាញ់តារាស្រករក្រោយដែលនៅក្មេងៗនោះឡើយ។
ចំណុចនេះហើយ ដែលនាំអោយគេឆ្ងល់ថា ហេតុអ្វីបាន វ៉ាង ស្រីណូ នៅតែមិនទាន់មានស្វាមី? ហើយសំណួរនេះនៅតែជាប្រធានបទចម្បងនៃការសាកសួរជាបន្តបន្ទាប់សម្រាប់តារាសម្តែងរូបនេះ នៅពេលដែលនាងធ្វើការ Live លក់ផលិតផលតាមអនឡាញម្តងៗ។
ជុំវិញបញ្ហាខាងលើនេះ ជាថ្មីម្តងទៀត វ៉ាង ស្រីណូ បានចេញមកបកស្រាយដោយលើកយកនូវមូលហេតុមួយចំនួនដែលនាំឲ្យនាងមិនទាន់មានស្វាមី រហូតមកទល់នាពេលនេះ ដើម្បីស្រាយចម្ងល់មហាជនដែលតែងតែសួរសំណួរដដែលៗនេះមករូបនាងជាបន្តទៀត។
តាមរយៈបណ្តាញសង្គម វ៉ាង ស្រីណូ បានលើកឡើងថា បច្ចុប្បន្ននេះ នាងហាក់មិនមានពេលច្រើនឡើយ សម្រាប់គិតគូរបញ្ហាគ្រួសារ ដោយសារតែនាងត្រូវចំណាយពេលតែទៅលើការងាររកស៊ី ការសិក្សាបន្ថែម ជាពិសេសនោះនាងត្រូវចំណាយពេលមួយថ្ងៃក្នុងមួយសប្តាហ៍សម្រាប់ការតាំងសីល៍។ នាងថា ការដែលនាងអត់ប្តីរាល់ថ្ងៃនេះ មិនមែនដើររកមិនបាន ហើយក៏មិនមែនមិនចង់បានដែរ តែមកពីមិនមានពេលដើររក ទៅរកឯណា បើមួយថ្ងៃៗវ៉ល់តែក្នុងហាង ឡាយលក់តែម្នាក់ឯង ទំនេររៀបអីវ៉ាន់ឲ្យភ្ញៀវ និងរៀនជំនាញបន្ថែមទៀត ហើយឥឡូវដល់ថ្ងៃត្រូវសុំសីល៍ទៀត ហើយសុំសីល៍អ្នកណាឲ្យពាក់ព័ន្ធប្រុសឈ្មោលទៅ។
នាងបញ្ជាក់ថា មួយអាទិត្យនាងកាន់សីល៍មួយថ្ងៃហើយ ហើយ៣ថ្ងៃទៀត នាងត្រូវរៀនភាសា ចំណែកថ្ងៃដែលនៅសេសសល់នាងត្រូវរៀនជំនាញគូរក្បាច់ក្រចក និងកាច់ផ្កាឈូក ហើយកុំឃើញនាងអត់ប្តី ប៉ុន្តែចំណេះមានពេញខ្លួន ដោយនាងបានបញ្ចប់ការសិក្សាផ្នែកឌីហ្សាញក្រចកនេះរួចមួយហើយ។
យ៉ាងណា បើតាម វ៉ាង ស្រីណូ ដោយសារការវល់បែបនេះហើយ ទើបនាងស្ទើរតែមានគ្មានពេលសម្រាប់ខ្លួនឯង ហេតុនេះនាងមិនមានពេលណាសម្រាប់គិតគូររឿងមានស្វាមីនោះឡើយ។
ជាការកត់សម្គាល់ តាមរយៈការបកស្រាយខាងលើពីស្រីស្អាត វ៉ាង ស្រីណូ មហាជនមួយចំនួនហាក់មិនមានការជឿជាក់នៅឡើយទេ ព្រោះហេតុផលទាំងនេះ ទំនងជាលេស ឬក៏នាងគ្រាន់តែជាការផ្ចាញ់ផ្ចាលទៅកាន់អ្នកដែលចូលចិត្តសួរនាំពីជីវិតឯកជនរបស់នាងប៉ុណ្ណោះ៕ ប្រភព៖ កោះសន្តិភាព