ភ្នំពេញ ៖ ពិតជារឿងមួយដ៏ភ្ញាក់ផ្អើល ដែលទទួលបានដំណឹងនៅមុននេះបន្តិចថា តារាសម្ដែងស្រីវ័យក្មេង គង់ ម៉ូនីកា បានទទួលមរណភាព ដោយសារជំងឺគាំងបេះដូង នៅថ្ងៃទី០៦ មិថុនា ២០២២នេះ ។តាមការបញ្ជាក់ខ្លះៗពីមិត្តភក្តិជិតស្និទ្ធរបស់តារាសម្ដែង គង់ ម៉ូនីកា បានអោយភ្នាក់ងារយកព័ត៌មានកោះសន្តិភាពដឹងជាបឋមថា កញ្ញា គង់ ម៉ូនីកា អត់បានញាំបាយ រួចហើយលេបថ្នាំបេះដូង ទើបរូបគាត់ប្រតិកម្មថ្នាំ ត្រឹមតែមួយវិនាទីចុកឆ្អល់ទាល់តែផុតដង្ហើម ស្ទើរតែមិនគួរឲ្យជឿបែបនេះ ។
ប្រភពដដែលបន្តថា កញ្ញាម៉ូនីកា មានជំងឺបេះដូង និងជំងឺក្រពះ ដោយបន្តលេបថ្នាំជាប្រចាំ ។ ហើយជារឿយៗ មិត្តភក្តិខ្លះ បានដាស់តឿនគាត់កុំអោយសេពគ្រឿងស្រវឹងច្រើនពេក ដូចជាស្រានិងស្រាបៀរជាដើមនោះ ដោយសារតែគាត់មានជំងឺបេះដូងនិងជំងឺក្រពះ ក្នុងខ្លួនស្រាប់ ប៉ុន្តែគាត់មិនស្តាប់ទេ ។ មិត្តភក្តិគាត់ថា គាត់ជាមនុស្សរួសរាយរាក់ទាក់ និងចូលចិត្តធ្វើបុណ្យណាស់ គាត់ជាមនុស្សល្អ ។
យ៉ាងណា ការស្លា.ប់ដោយគាំងបេះដូងខាងលើនេះ ជាការអះអាងពីមិត្តភក្តិរបស់តារាសម្ដែង គង់ ម៉ូនីកា តែប៉ុណ្ណោះ ។ មានតែរង់ចាំមន្ត្រីជំនាញ ពិនិត្យធ្វើកោសលវិច័យស.ពទេ ទើបដឹងមូលហេតុពិតប្រាកដ ខណៈសព តម្កល់ទុកនៅវត្តទួល ស្ថិតនៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជាមួយគ្នានេះ ក៏មានគណនីហ្វេសប៊ុកឈ្មោះ ដួង សុភា ដែលអះអាងថា ជាមិត្តភក្តិរបស់តារាសម្ដែង គង់ ម៉ូនីកា បាន បង្ហោះសារថា «ក្នុងនាមខ្ញុំ ជាប្អូនរាប់អានរបស់កញ្ញា គង់ ម៉ូនីកា ចង់ប្រាប់ថា ម៉ូនីកា នាងផុតទៅដោយជំងឺប្រចាំកាយបេះដូង និងក្រពះ សូមចិត្តមនុស្សគិតអវិជ្ជមានមួយចំនួនតូច អោយតែឮថា ស្លា.ប់ដោយសារជំងឺបេះដូង គឺគាំងថ្នាំលេងគ្រឿងញៀននោះ! នាងស្លា.ប់ទៅហើយកុំបង្កើតរឿងអោយឈ្មោះអាក្រក់ ដល់នាងអី អោយគ្នាទៅដោយស្រស់ស្អាតឈ្មោះល្អផងចុះ» ។
មរណភាពរបស់តារាសម្ដែង គង់ ម៉ូនីកា ជារឿងរំជើបរំជួលបំផុតទៀតហើយ សម្រាប់ខែថ្មី ខែមិថុនា ឆ្នាំ២០២២នេះ ព្រោះក្នុងសិល្បៈ ស្រាប់តែទទួលដំណឹងអកុសលជាថ្មីទៀតនោះ គឺការបាត់បង់ អាយុជីវិតនតារាស្រីវ័យក្មេង និយមលេងខ្លួនបែបយេៗ ដោយសារជំងឺគាំងបេះដូងភ្លាមៗ ។ តារានេះ ធ្លាប់ថតអោយ ខាងហ្គាឡាក់ស៊ី រហូតធ្វើអោយលោក ខេម និង លោកសាវិន ហ្វីលីព មានការសោកស្តាយ មិននឹកដល់ព្រោះធ្លាប់រួមការងារជាមួយ ។
គួរឲ្យដឹងថា តារាសម្ដែងស្រី គង់ មូនីកា ចាប់ផ្ដើមមានឈ្មោះបោះសំឡេង ក្រោយសំដែង MV បទចម្រៀង “រាំគ្រលែងចង្កេះ” របស់តារាចម្រៀង Tempo ។ ហើយតាមរយៈបទចម្រៀងនេះដែរ ទស្សនិកជនចាប់អារម្មណ៍ខ្លាំង គឹដោយសារ ម៉ូនីកា ហ៊ានស្លៀកឈុតប៊ីនី បង្ហាញដើមទ្រូងមូលក្លុំ និងជើងដ៏ស្រឡូនទាំងគូរបស់នាង ។ ក្រោយមក តារាស្រីស្រករក្រោយរូបនេះ បានសាងស្នាដៃធំមួយទៀត តាមរយៈការសម្ដែង MV បទចម្រៀង “ជូនអូនឡើងលើផ្លូវហាយវ៉េ” ដែលជា MV ចំណាយដើមទុនច្រើនបំផុត របស់ផលិតកម្ម កាឡាក់ស៊ីណា វ៉ាត្រា ៕