~
~
ភ្នំពេញ ៖ បន្ទាប់ពីប្រកាសយក សុវត្ថិឌី ធារិកា ធ្វើជាកូនធម៌ហើយនោះ លោកជំទាវឧកញ៉ា ម៉ែន ចិន្តា បានចេញមុខចំណាយថវិកាទាំងស្រុងនៅក្នុងការរៀបចំពិធីបុណ្យស.ពឪពុកម្តាយរបស់តារាចម្រៀងរូបនេះ ដែលបានទទួលមរណភាពដោយសារគ្រោះថ្នាក់ចរាចរណ៍។
~
~
បើតាមការអោយដឹងពីប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា ដែលបានបង្ហោះនៅលើគណនេយ្យហ្វេសប៊ុក បានលើកឡើងថា «ពិធីបុណ្យស.ពប៉ាម៉ាក់របស់ប្អូនស្រី សុវត្ថិឌី ធារិកា បានចប់កាលពីម្សិលមិញរួចរាល់ហើយ ហើយនៅក្នុងពិធីបុណ្យទាំងមូល គឺរាល់ការចំណាយទាំងអស់ គឺលោកជំទាវឧកញ៉ា ម៉ែន ចិន្តា & ស្វាមី Chhit Chaiya ជាអ្នករ៉ាប់រងការចំណាយទាំងអស់នៅក្នុងពិធីបុណ្យទាំងមូល»។
~
~
អ្នកនាងបញ្ជាក់ថា «ការចំណាយអស់ចំនួន (15328$) នាងខ្ញុំសូមអរគុណទឹកចិត្តដ៏ថ្លាថ្លៃប្រកបដោយសប្បុរសធម៌របស់លោកជំទាវ និង ស្វាមី» ។ ជាការកត់សម្គាល់ ក្រៅពីមានការចេញមុខចំណាយលើពិធីបុណ្យស.ពខាងលើនេះ គេសង្កេតឃើញមានសប្បុរសជន ជាពិសេសអ្នកសិល្បៈដូចគ្នាជាច្រើន ក៏បានរួមគ្នាចូលរួមជាបច្ច័យនៅក្នុងការជួយដល់ សុវត្ថិឌី ធារិកា ដែលមានចំនួនរាប់ពាន់ដុល្លារផងដែរ។
~
~
ជាការកត់សម្គាល់ទៀតថា ស.ពឪពុកម្តាយរបស់ សុវត្ថិឌី ធារិកា ត្រូវបានបូជារួចរាល់កាលពីរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ នៅវត្តស្ទឹងមានជ័យ រាជធានីភ្នំពេញ។ ពិធីបូជា បានធ្វើឡើងយ៉ាងសោកសង្រែងក្រោមសម្លេងស្រែកទ្រហោយំ និងភាពក្តុកក្តួលជាទីបំផុតពី សុវត្ថិឌី ធារិកា សាច់ញាតិ និងមិត្តសិល្បៈជាច្រើន ដែលបានចូលរួមក្នុងពិធី។
~
~
សុវត្ថិឌី ធារិកា បានសន្លប់ជាច្រើនដង ក្នុងពេលដែលព្រះអគ្គីបានចាប់ផ្តើមឆាបឆេះរំលាយសាកស.ពឪពុកម្តាយរបស់នាង ដែលជាការលាគ្នាចុងក្រោយ គ្មានថ្ងៃត្រឡប់។ អ្វីដែលរឹតតែធ្វើអោយតារាចម្រៀងរូបនេះ កាន់តែក្តុកក្តួលស្រែកយំកាន់តែខ្លាំងនោះ ក្នុងពេលដែលនាងបានឃើញស.ពម្តាយរបស់នាងហូរទឹកភ្នែកនៅមុនពេលពិធីបូជាបានចាប់ផ្តើម។ សិវត្ថិឌី ធារិកា បានស្រែងខ្លាំងថា «ម៉ាក់យំៗ» ដែលធ្វើអោយអ្នកចូលរួមក្នុងពិធីកាន់តែខ្លោចចិត្ត ទប់ទឹកភ្នែកមិនបាន នៅក្នុងការអាណិតអាសូរដល់តារាចម្រៀងរូបនេះ ដែលត្រូវបាត់បង់ឪពុកម្តាយជាទីស្រឡាញ់ត្រឹមមួយប៉ប្រិចភ្នែកប៉ុណ្ណោះ៕
~
~
~
~
~
~
~
~