~
~
ភ្នំពេញ ៖ តារាចម្រៀង២ដួង គឺ មាស សុខសោភា និង ឈីន រតនះ បានបញ្ចេញបទចម្រៀងរបស់ខ្លួន ជាមួយនឹងសារយ៉ាងចាក់ដោតបញ្ជាក់ពីការដឹងគុណជូនម្តាយរបស់ខ្លួន ចំថ្ងៃទិវាគុណម្តាយ។ជាមួយនឹងបទ «បំពេរម្តាយ» មាស សុខសោភា បានភ្ជាប់ជាមួយនឹងសារជូនម្តាយយ៉ាងមានអត្ថន័យថា «សូមអរគុណព្រះគុណព្រះរស់ ព្រះម៉ែ របស់កូនដែលបានប្រទាន មាស សុខសោភា មកលើលោកនេះ ព្រះគុណនេះគឺពិតជាធំធេងណាស់ មិនអាចកាត់ថ្លៃបានទេ។
~
នាងខ្ញុំ តំណាងកូនៗគ្រប់អង្គនៅលើលោកនេះ សូមប្រសិទ្ធិពរជ័យសេរីសួស្តីជូនដល់ព្រះម៉ែគ្រប់អង្គ សូមទទួលបាននូវសុខភាពល្អ សុខចំរើន សម្រស់ស្រស់ស្អាត សូមគង់គ្រងជាម្លប់ជាពន្លឺរស្មី និងផ្តល់ស្នាមញញឹមដល់ផែនដី ព្រមទាំងមនុស្សជាតិទាំងពួងទាំងឡាយ រហូតតទៅរៀងរីករាយទិវាមាតាអន្តរជាតិ» ។
~
~
ចំណែកកញ្ញា ឈីន រតនះ វិញ ក៏បានបញ្ចេញបទចម្រៀងរបស់ខ្លួនមានចំណងជើងថា «ម៉ែមេម៉ាយ» ដោយបានភ្ជាប់ជាមួយនឹងសារជូនម្តាយយ៉ាងជ្រាលជ្រៅថា «ម៉ែមេម៉ាយ សម្រាប់កូន ម៉ែជាមនុស្សស្រីម្នាក់ដ៏អស្ចារ្យបំផុតក្នុងកែវភ្នែកកូន ម៉ែជាមនុស្សស្រីដែលស្រស់ស្អាតបំផុតក្នុងចិត្តកូន។ ម៉ែជាមនុស្សម្នាក់ដែលតែងតែស្រលាញ់ និងប្រាប់ថា កូនស្អាតក្នុងភ្នែកម៉ែ មិនថា គ្រប់គ្នាមើលមកយ៉ាងណាក៏ដោយ ម៉ែបានតស៊ូចិញ្ចឹមបីបាច់កូនស្រីម្នាក់នេះ តាំងពីតូចដល់ធំ ផ្តល់កម្លាំងចិត្ត ផ្តល់ក្តីស្រលាញ់ ភាពកក់ក្តៅដល់កូនគ្រប់ពេល»។
~
~
នាងបញ្ជាក់ថា «បទចម្រៀងមួយបទ កូនតាំងចិត្តធ្វើឡើងសម្រាប់ម៉ែមិនសម្រាប់តែទិវាគុណម្តាយនោះទេ គឺមួយជីវិត កូនចង់ប្រាប់ថា កូនស្រលាញ់ម៉ែខ្លាំងបំផុត។
~
~
ជាការកត់សម្គាល់ជារៀងរាល់ឆ្នាំ «ទិវាអ្នកម្តាយ» ឬហៅថា Mother’s Day ជាបុណ្យដ៏ធំមួយទូទាំងសកលលោក ដែលគេប្រារព្ធឡើង ដើម្បីរំឭកពីគុណដ៏ធំធេង និងដើម្បីបង្ហាញពីសេចក្តីស្រលាញ់ ចំពោះអ្នកម្តាយគ្រប់រូប។ ទិវានេះ ប្រារព្ធឡើងចង់បញ្ជាក់ថា អ្នកម្តាយ គឺជានារីដ៏អស្ចារ្យ អង់អាចក្លាហានបំផុតសម្រាប់កូនៗ ម៉ាក់ហ៊ានជម្នះនូវរាល់ឧបសគ្គ ឆ្លងកាត់រឿងរ៉ាវជាច្រើនរាប់មិនអស់ ម៉ាក់អាចធ្វើអ្វីៗបានគ្រប់សព្វយ៉ាង ដោយមិនខ្លាចនឿយហត់៕ ប្រភព៖ កោះសន្តិភាព
~
~
~
~
~
~
~