~
~
ភ្នំពេញ ៖ ព្រឹទ្ធាចារ្យផ្នែកចាប៉ីដងវែងដ៏ល្បីល្បាញលោក គង់ ណៃ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីជំងឺចាស់របស់លោកបានធ្វើទុក្ខខ្លាំង។ ព្រឹទ្ធាចារ្យ គង់ ណៃ បានញាំញីដោយសារជំងឺលើសឈា.ម ឡើងជាតិស្ករ និងសួត ខណៈពេលជំងឺទាំងអស់នេះ បានយាយីរូបលោកអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
~
~
លោក គង់ បុរាណ កូនប្រុសរបស់ព្រឹទ្ធាចារ្យ គង់ ណៃ បានអះអាងប្រាប់កោះសន្តិភាពតាមសារអេឡិចត្រូនិចថា ក្រុមគ្រួសារបានបញ្ជូនឪពុករបស់លោកមកសម្រាកព្យាបាលនៅក្នុងមន្ទីរមួយកន្លែងនៅក្នុងស្រុកកំពង់ត្រាច។
~
~
លោកបញ្ជាក់ថា រហូតមកទល់នាពេលនេះ ក្រុមគ្រូពេទ្យកំពុងពិនិត្យ និងដាមដានជំងឺឪពុករបស់លោក ដោយមិនទាន់អះអាងបែបណានៅឡើយទេ។ លោកបន្ថែមថា ឪពុករបស់លោកបានពើបប្រទះនូវជំងឺលើសឈា.ម ឡើងជាតិស្ក និងសួត ហើយថ្មីៗនេះ គាត់មានអាការៈហេវហត់ អស់កម្លាំង និងរវើលរវាយ ទើបក្រុមគ្រួសារបញ្ជូនលោកមកមន្ទីរពេទ្យតែម្តង។
~
~
លោកថា កន្លងមក ជំងឺទាំងនេះក៏ធ្លាប់ធ្វើទុក្ខគាត់ដែរ ប៉ុន្តែក្រោយព្យាបាល និងដាក់ស៊ីរ៉ូមគាត់ក៏បានធូរឡើងវិញ ប៉ុន្តែពេលនេះ ជាតិស្ករគាត់ឡើងខ្លាំងរហូតធ្វើអោយគាត់មានអារម្មណ៍រវើលរវាយ។ យ៉ាងណា បើតាមលោក គង់ បុរាណ ឪពុករបស់លោកកំពុងទទួលការយកចិត្តទុកព្យាបាលពីក្រុមគ្រួសារ ខណៈពេលរូបលោក និងក្រុមគ្រួសាររំពឹងថា ឪពុកនឹងឆាប់បានធូរស្រាលពីជំងឺឆាប់ៗនេះ។
~
~
គួរបញ្ជាក់ថា បច្ចុប្បន្ន ព្រឹទ្ធាចារ្យ គង់ ណៃ មានជន្មាយុ៧៧ឆ្នាំហើយ។ លោកគឺជាអ្នកចាប៉ីដងវែងដ៏ល្បីល្បាញមួយរូបប្រចាំប្រទេស បន្ទាប់ពីព្រឹទ្ធាចារ្យ ប្រាជ្ញ ឈួន ខណៈពេលលោក គង់ ណៃ ក៏បានបណ្តុះបណ្តាលចាប៉ីដងវែងនេះ ដល់កូនប្រុសរបស់លោកម្នាក់ផងដែរ គឺលោក គង់ បុរាណ នេះតែម្តង៕ ប្រភព៖ កោះសន្តិភាព
~
~
~
~
~