~
លោក Jackie Chan ជាតារាភាពយន្តក្បាច់គុណចិន ដែលមហាជនខ្មែរយើងតែងហៅលោកថាឈិនឡុង។ តារាភាពយន្តចិនរូបនេះ បានជាប់ឈ្មោះល្បីល្បាញតាមរយៈការសម្តែងក្បាច់គុណបុរាណចិនលាយឡំភាពកំប្លុកកំប្លែងនៅពេលវាយតប់ និងជាអ្នកដឹកនាំភាពយន្ត ហើយបន្ថែមពីលើនេះទៅទៀតលោកក៏ជាតារាចម្រៀងមួយរូបផងដែរ។ គិតមកដល់ពេលបច្ចុប្បន្ន លោក Jackie Chanឬឈិនឡុង ថតភាពយន្តបានច្រើនជាង២០០រឿង ហើយឈ្នះបានពានរង្វាន់រាប់មិនអស់រួមមានពានរង្វាន់អូស្កា Honorary Oscar Award ថែមទៀតផង។
~
លោក Jackie Chan កើតនៅទីក្រុងហុងកុង ហើយក៏បានរស់នៅធំធាត់ពេញវ័យឡើងក្នុងទីក្រុងហិរញ្ញវត្ថុមួយនេះរបស់ប្រទេសចិន។ ដោយសារភាពជាក្មេងស្វាហាប់ម្នាក់ឳពុកម្តាយបានដាក់ឈ្មោះក្រៅអោយលោកថា Pao-pao ។ កាលពីកុមារភាពឈិនឡុង បានចូលរៀននៅសាលាបឋមសិក្សា Naw-Hwa បន្ទាប់មកបានផ្ទេរទៅរៀននៅសាលា China
Drama Academy ដែលជាសាលា Peking Opera School ។ នៅសាលារៀននេះឈិនឡុង បានចំណាយពេល១ទសវត្សរ៍ឬ១០ឆ្នាំហ្វឹកហ្វឺនក្បាច់គុន និងហ្វឹកហ្វឺនផ្នែកកាយសម្ព័ន្ធ។ នៅឆ្នាំ១៩៧៦ លោកJackie Chanឬឈិនឡុង បានទៅរស់នៅជាមួយឳពុកម្តាយនៅទីក្រុងCanberra ប្រទេសAustralia។ នៅប្រទេសនេះ ឈិនឡុង បានចូលរៀននៅសាលាDickson College និងធ្វើការងារជាកម្មករសំណង់។
~
~
ឳពុកម្តាយរបស់តារាភាពយន្តឈិនឡុង លោក Charles Chan និងលោកស្រី Lee-Lee Chan ជាជនភៀសខ្លួនសង្គ្រាមស៊ីវិលចិន(Chinese Civil War)។
~
~
ឳពុកម្តាយរបស់លោកក្រីក្រខ្លាំងណាស់ដែលត្រូវខ្ចីលុយមិត្តភ័ក្តិអោយថ្លៃពេទ្យព្យាបាល។ នៅទីក្រុងហុងកុងឳពុកម្តាយរបស់តារាភាពយន្តឈិនឡុង បម្រើការងារនៅស្ថានទូតបារាំងប្រចាំនៅទីក្រុងហុងកុង នៅឆ្នាំ១៩៦០ ឳពុករបស់ឈិនឡុង បានធ្វើចំណាកស្រុកទៅរស់នៅទីក្រុងCanberra ប្រទេស Australia ដើម្បីធ្វើជាមេចុងភៅសម្រាប់ស្ថានទូតអាមេរិក។
~
~
Jackie Chanឬឈិនឡុង កើតនៅថ្ងៃ៧ខែមេសាឆ្នាំ១៩៥៤ លោកមានអាយុ៦៨ឆ្នាំនៅត្រឹមថ្ងៃ៣០មេសាឆ្នាំ២០២២។ លោកមានកំពស់១,៧៤ម៉ែត្រ។លោក Jackie Chanឬឈិនឡុង មានភរិយា លោកស្រី Joan Lin ជាតារាស្រីតៃវ៉ាន់ និងមានកូនប្រុសម្នាក់ឈ្មោះ Jayce Chan ។ កូនប្រុសលោកម្នាក់នេះក៏ជាតារាភាពយន្តនិងតារាចម្រៀងផងដែរ។ Chan ក៏ជាឳពុករបស់នាង Elaine Ng Yi-Lei ជាកូនស្រីដែលលោកមានទំនាក់ទំនងជាមួយស្រីនៅខាងក្រៅ។
~
~
ខ្សែជីវិតរបស់Jackie Chanឬឈិនឡុងដែលកម្រនឹងបើកទម្លាយគឺអាជីពរបស់Chans ក្នុងសិល្បៈសម្តែងចាប់ផ្តើមឡើងនៅពេលលោកមានអាយុ៥ឆ្នាំ ជាតួអង្គកុមារម្នាក់ក្នុងភាពយន្តដំបូងរបស់លោករឿង«Big, and Little Wong Tin Bar»ឆ្នាំ១៩៦២។ បន្ទាប់មកក៏មានវត្តមានក្នុងរឿងជាច្រើនផ្សេងទៀតដូចជារឿង The Love Eterne (ឆ្នាំ1963) រឿងLittle Tiger of Canton (ឆ្នាំ1973) ។
~
~
អាជីពសម្តែងលំដាប់អន្តរជាតិរបស់ Jackie នៅក្នុងទីផ្សារភាពយន្តអាមេរិកកាំងហូលីវូតត្រូវបានរាប់យកនៅពេលលោកសម្តែងនៅក្នុងរឿង The Big Brawl ឆ្នាំ១៩៨០ ដែលជាភាពយន្តកំប្លែងលាយឡំនិងក្បាច់គុណ។
~
~
ចាប់តាំងពីពេលនោះមក ភាពល្បីល្បាញ របស់លោក Jackie Chanឬឈិនឡុង នៅក្នុងពិភពភាពយន្តហូលីវូតបានបន្ត វត្តមានរបស់លោកក្នុងភាពយន្តជាច្រើនមាន រឿងWho Am I (ឆ្នាំ1998), រឿងThe Forbidden Kingdom (ឆ្នាំ2008), រឿងThe Spy Next Door, និងរឿងThe Karate Kid។
~
~
ជាអ្នកចម្រៀងម្នាក់ លោក Jackie Chan បានចេញអាល់ប៊ុមចម្រៀងជាច្រើនមាន Love Me (ឆ្នាំ1984), Thank You(ឆ្នាំ 1984), A Boy’s life(ឆ្នាំ 1985), Shangrila (ឆ្នាំ1986), Sing Lung(ឆ្នាំ 1986), និងអាល់ប៊ុមចម្រៀង No Problem(ឆ្នាំ1987)។
~
ក្នុងការងារទាំងវិស័យភាពយន្ត និងចម្រៀង លោក Jackie Chanឬឈិនឡុង ទទួលបានពានរង្វាន់ជាច្រើនសរុបមាន២៨ពានរង្វាន់ និងបានចាប់ឈ្មោះក្នុងបញ្ជីជ្រើសរើសសម្រាប់ពានរង្វាន់ជាច្រើនផងដែរ។ ក្នុងចំណោមពានរង្វាន់ដ៏ច្រើនទាំងនោះ លោកChan ទទួលបានពានរង្វាន់ដូចជាពានរង្វាន់ Hong Kong Avenue of Stars ពានរង្វាន់Hollywood Walk of Fame, ពានរង្វាន់MBE, ពានរង្វាន់SBS, ពានរង្វាន់PMW, ពានរង្វាន់ Honorary Oscar award រួមនិងពានរង្វាន់Hong Kong Film Awards ចំនួន៥ និងពានរង្វាន់ផ្សងទៀត។
~
~
នៅត្រឹមខែមេសាឆ្នាំ២០២២ លោក Jackie Chanឬឈិនឡុង មានទ្រព្យសម្បត្តិ៥២០លានដុល្លារអាមេរិក ដែលទឹកប្រាក់ដ៏ច្រើននេះទទួលបានពីការសម្តែងរបស់លោកនៅក្នុងខ្សែភាពយន្ត ទាំងការដឹកនាំសម្តែង និងក្រៅពីនេះបានមកពីលោកធ្វើជាអ្នកតំណាងផលិតផលអោយក្រុមហ៊ុនធំៗជាច្រើន។ យោងគេហទំព័រ wealthypersons។
~
~