~
ភ្នំពេញ ៖ ដំណឹងក្រៅផ្លូវការបានលើកឡើងថា ចំណងស្នេហ៍រវាងតារាសម្តែងនាង សុខ សុម៉ាវត្តី និងកីឡាករបាល់ទាត់លោក លី វ៉ាហេដ បានឈានដល់ផ្លូវបំបែកហើយ បន្ទាប់ពីអ្នកទាំងពីរបានភ្ជាប់ចំណងស្នេហ៍អស់រយៈពេលជាច្រើនឆ្នាំមកនេះ។យ៉ាងណា បើទោះបីជាដំណឹងស្នេហាបានឈានដល់ផ្លូវបំបែកកាន់តែផ្ទុះខ្លាំងក៏ដោយ ប៉ុន្តែទាំង សុខ សុម៉ាវត្តី និងលោក លី វ៉ាហេដ បានព្យាយាមលាក់បាំងមិនបញ្ចេញជាសាធារណៈនៅឡើយទេ។
~
~
ហើយបើតាមប្រភពក្រៅផ្លូវការបានលើកឡើងថា ជាការពិតស្នេហារបស់ សុខ សុម៉ាវត្តី និងលោក លី វ៉ាហេដ បានឈានដល់ផ្លូវបំបែកអស់ជាច្រើនខែមកហើយ។ ប្រភពដដែលបានបញ្ជាក់ថា បន្ទាប់ពីពួកគេមិនអាចស្វែងរកភាពផ្សះផ្សារ ចំណងស្នេហ៍មិនមានលទ្ធផលនោះ តារាទាំងពីរខាងលើ ក៏បានសម្រេចកាត់ផ្តាច់ចំណងស្នេហ៍នេះតែម្តង។
~
~
ទោះជាយ៉ាងណា គេនៅមិនទាន់ដឹងច្បាស់ពីមូលហេតុដែលនាំអោយស្នេហាពួកគេបែកបាក់នោះឡើយ ប៉ុន្តែមួយរយៈចុងក្រោយនេះ សុខ សុម៉ាវត្តី តែងតែបង្ហោះប្លែកៗនៅលើបណ្តាញសង្គម។
~
~
តួយ៉ាង កាលពីពេលថ្មីៗនេះ សុខ សុម៉ាវត្តី បានបង្ហោះសារថា «កុំព្យាយាមតាមចាប់របស់ដែលមិនមែនជារបស់យើងអី ព្រោះខំចាប់ហើយ បើចាប់មិនបានក៏ឈឺ ចាប់បានហើយក៏ឈឺព្រោះយើងដឹងតាំងពីដំបូងហើយថា វាមិនមែនជាកម្មសិទ្ធិរបស់យើង តែយើងអាចមើលថែ និងស្រលាញ់វាពីចំងាយបាន»។
~
~
តាមរយៈសារខាងលើនេះ គឺអាចបញ្ជាក់ថា ស្នេហារបស់នាងទំនងជាត្រូវបានបញ្ចប់ហើយ គ្រាន់តែតារាស្រីរូបនេះ មិនបញ្ជាក់ឲ្យបានច្បាស់តែប៉ុណ្ណោះ។គួរបញ្ជាក់ថា តារាសម្តែងនាង សុខ សុម៉ាវត្តី និងកីឡាករបាល់ទាត់លោក លី វ៉ាហេដ បានភ្ជាប់ចំណងស្នេហ៍ក្រៅឆាកជាមួយគ្នាអស់រយៈពេលប្រមាណ៥ឆ្នាំមកហើយ។ កន្លងមក អ្នកទាំងពីរក៏ធ្លាប់បង្ហើបពីគម្រោងរៀបការនៅក្នុងឆ្នាំនេះផងដែរ ប៉ុន្តែពេលនេះអ្វីៗទំនងមិនអាចលេចរូបរាងដូចការគ្រោងទុកនោះឡើយ ក្នុងពេលដំណឹងបែកបាក់ស្នេហ៍របស់ពួកគេកាន់តែជឿជាក់ជាការពិត។
~
~
ទោះជាយ៉ាងណា ប្រសិនបើដំណឹងខាងលើនេះ ជាការពិតមែននោះ មហាជន ជាពិសេសប្រិយមិត្តគាំទ្របានសម្តែងការសោកស្តាយ ក្នុងពេលដែលស្នេហារបស់ពួកគេដែលធ្លាប់តែផ្អែមល្ហែមបែប្រែជាល្វីងចត់ជូរទៅវិញ៕
~
~
~
~
~