~
ភ្នំពេញ ៖ ក្រោយពីបាត់មុខអស់ជាច្រើនឆ្នាំកន្លងមកនេះ តារាចម្រៀងបែបរ៉េប ពូឃ្លាំង បានប្រកាសពីការវិលចូលសិល្បៈជាថ្មីឡើងវិញហើយ ដោយនៅក្នុងនោះលោកក៏បានត្រៀមនឹងនាំយកអ្វីដែលថ្មីសម្រាប់ប្រិយមិត្តគាំទ្ររូបលោកនាពេលកន្លងមកផងដែរ។ ការវិលត្រឡប់របស់ ពូឃ្លាំង នាពេលនេះ ធ្វើឡើងជាឆ្លើយតបការចង់បានរបស់ទស្សនិកជនដែលធ្លាប់និយមគាំទ្របទចម្រៀងរបស់លោកនាពេលកន្លងមក ខណៈពេលដែលតារាចម្រៀង រ៉េប រូបនេះ បានបាត់មុខពីសិល្បៈឈឹង ក្រោយពីសាងគ្រួសារនោះរួចមក។
~
ពូឃ្លាំង បានប្រកាសនៅលើបណ្តាញហ្វេសប៊ុករបស់លោកថា ថ្ងៃនេះ ជាថ្ងៃពិធីបុណ្យចូលឆ្នាំ ថ្ងៃចុងក្រោយ ឃើញបងប្អូនខ្មែរសប្បាយបែបនេះ ខ្ញុំក៏សប្បាយដូចគ្នា ព្រោះយើងខានមានធ្វើសង្ក្រាន្ត២ឆ្នាំហើយ នៅតាមផ្លូវមានតែស្នាមញញឹម លឺបទខ្ញុំនៅតែមានអ្នកច្រៀងតាម គេជិះកាត់ហៅឈ្មោះខ្ញុំ ពូឃ្លាំង។
~
លោកបញ្ជាក់ថា អ្នកទាំងអស់គ្នានេះហើយ ដែលធ្វើអោយខ្ញុំចិត្តមិនដាច់ចាកចេញពីវិស័យចម្រៀង សុំទោសដែលអោយរង់ចាំខ្ញុំយូរ ខ្ញុំនឹងត្រឡប់មកវិញជាមួយអ្វីដែលថ្មីៗជាច្រើន នឹងឈរនៅលើឆាកតន្ត្រីម្តងទៀត តាមសំណូមពរអ្នកទាំងអស់គ្នាដែលចង់បាន…។ លោកថា Album ថ្មីខ្ញុំ មានគ្រប់រសជាតិ នៅក្នុងនោះនឹងបង្កើតឡើងសំរាប់អ្នកទាំងអស់គ្នា។
~
ជាការកត់សម្គាល់ ក្រោយពេលសាងភាពល្បីល្បាញមួយប្រាវក្នុងសង្គមសិល្បៈចម្រៀង ពូឃ្លាំង បានជួបស្នេហ៍ រហូតក្រាមផ្ទឹមជាមួយអ្នកខេត្តព្រះសីហនុ ឈ្មោះ ស៊ុយ ចន្ធូ ដោយអ្នកទាំងពីរបានរៀបចំពិធីមង្គលការ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៥ ដែលរហូតមកទល់នាពេលនេះ ពួកគេមានចំណងដៃកូនម្នាក់រួចហើយ។
~
ក្រោយរៀបការ ឌីជេរូបនេះ បានបន្សាត់ខ្លួនបាត់ពីពិភពសិល្បៈ ដែលលោកធ្លាប់ធ្វើឲ្យអឺងកងតាមរយៈសិល្បៈចម្រៀងរ៉េប ឆ្លុះបង្ហាញពីថតភាពសង្គមខ្លះៗ ដោយលោកបានងាកទៅចាប់មុខរបរកាន់គម្រោងធ្វើថ្នល់ឱ្យដីឡូតិ៍ក្រុមហ៊ុនមួយនៅខេត្តព្រះសីហនុ។
~
យ៉ាងណា តារាចម្រៀងរូបនេះក៏បានទៅណាឆ្ងាយពីអាជីពសិល្បៈនេះដែរ ពោលគឺកាលពីអំឡុងឆ្នាំ២០១៨ បទចម្រៀង «មានជីវិតត្រូវតែតស៊ូ» របស់ពូឃ្លាំងច្រៀងរួមគ្នាជាមួយលោក សាន ផានិត។
~
ការបង្ហាញមុខជាថ្មីនាពេលនោះ ពូឃ្លាំង ក៏បានប្រកាសចាប់ដៃគូជាមួយ នេនទុំ ដែលធ្លាប់ធ្វើការជាមួយគ្នាកាលពី៤ឆ្នាំមុន ដែលពួកគេទាំងពីរនឹងបង្កើតចង្វាក់រ៉េប ដែលធ្លាប់ស្ទួយកេរ្តិ៍ឈ្មោះពួកឡើងវិញ។ទោះជាយ៉ាងណា ការប្រកាសពីការវិលមកអាជីពសិល្បៈជាថ្មីរបស់ ពូឃ្លាំង នាពេលនេះគេក៏សង្កេតឃើញមានទស្សនិកជន និងមហាជនអ្នកគាំទ្ររូបលោកជាច្រើនបានសម្តែងការអបអរ និងរង់ចាំការបញ្ចេញបទថ្មីបន្ថែមទៀតពីតារារ៉េបរូបនេះ ខណៈពេលដែលពួកគេខកខានមិនបានឃើញការសម្តែងរបស់លោកអស់ជាច្រើនឆ្នាំមកហើយ៕
~
~
~
~