ភ្នំពេញ ៖ ពេលនេះវាំងននខ្មៅ បានបិទបញ្ចប់ហើយ ដោយមហាជនអស់ការសង្ស័យដោយសារស្នេហាប្តីប្រពន្ធរវាងអតីតពិធីករ លាន អាហ្វ្រីគីនីន និងអតីតតារាសម្តែង កែវ វល័ក្ខ បានបញ្ចប់ហើយ ។ ហើយអ្វីដែលគេចាប់អារម្មណ៍នោះ គឺអ្នកនាង កែវ វលក្ខ័ ស្រាប់តែបានរៀបចំពិធីភ្ជាប់ពាក្យភ្លាមៗ នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ ដែលបញ្ជាក់ថា ប្តីប្រពន្ធមួយគូនេះ បានបិទបញ្ចប់ចំណងស្នេហ៍ជាផ្លូវការ។
ពេលនេះប្រិយមិត្តកាន់តែភ្លឺភ្នែកហើយដែលលោក គីនីន បានភ្ជាប់ស្នេហ៍ជាមួយគូថ្មី ដែលជាអ្នកលក់អនឡាញល្បីឈ្មោះងារជាមេម៉ាយកូន៣ ក៏ព្រោះតែលោក និងភរិយា បានស្រុះស្រួលគ្នា ចែកចានឆ្នាំង ដោយការនិយាយគ្នាត្រឹមត្រូវ។
ទស្សនិកជន ក៏កាន់តែយល់ថា លោកគីនីន និងអ្នកនាងសុវណ្ណរី ដែលជាគូស្នេហ៍ថ្មី អាចនឹងមានគម្រោងរៀបចំនូវផែនការមួយចំនួនទៀត ហើយតាមដឹងលោកគីនីន អាចនឹងមករស់នៅ ជាមួយមេម៉ាយរូបនោះទាំងពេញមុខ ។
បែបនេះហើយទើបអ្នកទាំង២ហ៊ានចេញមុខល្អូកល្អិនគ្នាយ៉ាងចំហរ បង្ហោះរូបអោយគេឯងបានដឹងយ៉ាងពេញទឹកពេញដី។
ងាកមកមើលទៅអ្នកនាង កែវ វលក្ខ័វិញ មិនបានតបតអ្វីទាំងអស់ ហើយស្ងាត់ៗក៏ភ្ជាប់ពាក្យជាមួយគូថ្មី ដែលមានឈ្មោះថា ប៉ុល បញ្ចណិត វ័យស្របាលៗគ្នា ក្រោមការជូនពរជ័យពីបងប្អូនសាច់ញាតិសងខាង។ក្នុងនោះ ក៏ឃើញមានអតីតតារាសម្តែង កែវ ពិសី ជាបងស្រី បានចូលរួមដែរ។ ប៉ុន្តែគេនៅមិនទាន់ដឹងថា តើការភ្ជាប់ពាក្យនេះ អាចជាការប្រកាសអោយដឹងជាទូទៅ ហើយរៀបការបន្តទៀតឬយ៉ាងណា? ព្រោះពិធីមានសែនចងដៃ មិនខុសពីការ ។ ម្យ៉ាងម្នាក់ៗ ចាស់ទុំអស់ហើយ ប្រហែលធ្វើអោយបង្គ្រប់កិច្ច តាមច្បាប់ប្រពៃណីក៍ថាបានដែរ។ ប្រភព៖ កោះសន្តិភាព