ភ្នំពេញ ៖ តារាចម្រៀងលោក ទិត្យ វិច្ឆិកា បានដាក់គោលដៅក្នុងរយៈពេល៥ឆ្នាំខាងមុខ ប្រសិនបើលោកមានឱកាសវិលមករកការងារសិល្បៈជាថ្មីឡើងវិញ ក្រោយពីលោកដើរចេញពីអាជីពសិល្បៈអស់ជាច្រើនឆ្នាំ។
លោក ទិត្យ វិច្ឆិកា បានកំណត់ពេលត្រឹម៥ឆ្នាំប៉ុណ្ណោះ ដែលលោកគិតថា ជាពេលដែលនៅសេសសល់សម្រាប់លោកសម្រាប់ក្តោបឱកាសវិលមកកាន់អាជីពសិល្បៈឡើងវិញ ខណៈពេលលោកក៏បានបង្ហាញពីបំណងធ្វើការមនុស្សធម៌ផងដែរ។
តាមរយៈសារដែលបានបង្ហោះតាមហ្វេសប៊ុកលោក ទិត្យ វិច្ឆិកា បានលើកឡើងថា ខ្ញុំនៅសល់ពេល៥ឆ្នាំទៀត ដែលខ្ញុំចង់ធ្វើអ្វីដែលមានប្រយោជន៍សំរាប់សង្គមសិល្បៈ។ ប៉ុន្តែទី១ ខ្ញុំនៅខ្វះបងប្អូនដែលមានស្នាដៃនិពន្ធបទភ្លេង និងទំនុកច្រៀងដែលមកជ្រោមជ្រែងខ្ញុំ។ ទី២ ខ្ញុំត្រូវប្រឹងព្យាយាមស្វែងរកប្រជាប្រិយភាពពីពុកម៉ែបងប្អូនម្តងទៀត… ចំណុចទាំងពីរនេះ វាពិតជាពិបាកស្វែងរកខ្លាំងណាស់ វាមិនងាយស្រួលដូចការគិតនោះទេ។
លោកបញ្ជាក់ថា ប្រសិនជាខ្ញុំមានឱកាសក្នុងវិថីសិល្បៈជាថ្មីម្តងទៀត ខ្ញុំនឹងរួមគ្នាជាមួយមិត្តភក្តិ ព្រមទាំងបងប្អូនមិត្តសិល្បៈរបស់ខ្ញុំដែលស្និទ្ធស្នាល និងសហការគ្នាជួយរកប្រាក់ទៅជួយ លោកគ្រូ អ្នកគ្រូ ជាអ្នកសិល្បៈសម័យទស្សវត្តទី៩០ ដែលចូលនិវត្តន៍ និងគ្មានលំនៅដ្ឋានសំរាប់រស់នៅ (នេះគឺជាការស្រម៉ៃទាំងថ្ងៃរបស់ខ្ញុំ)។
ជាការកត់សម្គាល់ អតីតតារាចម្រៀងក្នុងផលិតកម្មរ៉ុក លោក ទិត្យ វិច្ឆិកា ធ្លាប់ចាប់ឈោងភាពល្បីល្បាញគួរសមនៅក្នុងអាជីពចម្រៀងកាលពីកន្លងទៅ។ ប៉ុន្តែតារាចម្រៀង និងជាកងទ័ពឆត្រយោងរូបនេះ បាត់មុខពីសង្គមសិល្បៈតែមួយប៉ប្រិចភ្នែកតែប៉ុណ្ណោះ បន្ទាប់ពីលើកយកបទចម្រៀងដែលមានចំណងជើងថា «សុរិយារៀបអស្តង្គត» ដែលជាសំនៀងដើមរបស់អធិរាជសំឡេងមាស លោកស៊ីន ស៊ីសាមុត មកច្រៀងខុសពីទម្រង់ដើម ។
តាមរយៈបទចម្រៀងមួយបទនេះ ធ្វើឱ្យទិត្យ វិច្ឆិកា រងការរិះគន់យ៉ាងចាស់ដៃពីមហាជន ហើយត្រូវសារព័ត៌មានចុះផ្សាយ ។ ចំណុចនេះធ្វើឱ្យលោកបានបាត់បង់អាជីពសិល្បៈអស់រយៈពេលជាង១០ឆ្នាំមកនេះ ។ ទោះជាយ៉ាងណា មហាជន ជាពិសេសប្រិយមិត្តដែលធ្លាប់គាំទ្របទចម្រៀងរបស់លោកមួយ បាននាំគ្នាគាំទ្រ និងលើកទឹកចិត្តជូនពរអោយលោក ទិត្យ វិច្ឆិកា អាចវិលមករកអាជីពសិល្បៈជាថ្មីឡើងវិញ៕