ភ្នំពេញ ៖ តារាចម្រៀងអាយ៉ៃ លោក ព្រហ្ម ម៉ាញ បានជាសះស្បើយពីជំងឺ និងបានវិលត្រឡប់ទៅគេហដ្ឋានរបស់លោកវិញហើយ បន្ទាប់ពីលោកបានសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្រោយពើបប្រទះនូវជំងឺឡើងសម្ភាធឈា.មដែលត្រូវការសង្គ្រោះបន្ទាន់មួយ។
រូបភាពលោក ព្រហ្ម ម៉ាញ អង្គុយញញឹមយ៉ាងស្រស់បោះ ដោយមានជាងកំពុងកាត់សក់ឲ្យលោកនៅគេហដ្ឋាន ត្រូវបានគេចែកចាយតាមបណ្តាញសង្គមហ្វេសប៊ុក ជាមួយនឹងការប្រកាសពីដំណឹងល្អដែលវីរសិល្បកររូបនេះ បានជាសះស្បើយពីជំងឺ និងត្រឡប់មកគេហដ្ឋានវិញ។
មហាជនជាច្រើនបានសម្តែងការអបអរសាទរ និងបានជូនពរលោក ព្រហ្ម ម៉ាញ ឲ្យមានសុខភាពល្អជាប្រក្រតីឡើងវិញឆាប់ៗ ដើម្បីលោកអាចមានកម្លាំងឡើងសម្តែងជាថ្មី ក៏ដូចជាការចូលបង្ហាត់បង្រៀនកូនសិស្សផ្នែកអាយ៉ៃ ដើម្បីបន្តសិល្បៈផ្នែកនេះដល់ក្មេងជំនាន់ក្រោយៗទៀត។
ជាការកត់សម្គាល់ ដំណឹងពីការជាសះស្បើយរបស់លោក ព្រហ្ម ម៉ាញ នេះក៏ជាឆ្លើយតប និងប្រឆាំងទាស់ជាមួយនឹងពាក្យចចាមមួយចំនួនដែលបានបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកថា លោកបានទទួលមរណភាពហើយ ខណៈពេលដែលការចែកចាយព័ត៌មាននេះ គឺគ្មានមូលដ្ឋានច្បាស់លាស់ និងជាការប្រមាថអាយុជីវិតលោកយ៉ាងធ្ងន់ធ្ងរ។
កន្លងមកជុំវិញព័ត៌មានខាងលើនេះ ក្រុមគ្រួសាររបស់លោក ព្រហ្ម ម៉ាញ ក៏បានចេញមុខមកបដិសេធភ្លាមៗផងដែរ ដោយសារលើកឡើងថា លោក ព្រហ្ម ម៉ាញ មិនបានទទួលមរណភាពឡើយ ពោលគឺសុខភាពរបស់លោកបានល្អប្រសើរឡើងវិញ ហើយត្រៀមចេញពីមន្ទីរពេទ្យឆាប់ៗនេះ។
យ៉ាងណាជុំវិញបញ្ហាចោទប្រកាន់នេះ ទាំងលោក ព្រហ្ម ម៉ាញ និងក្រុមគ្រួសារមិនមានវិធានការផ្លូវច្បាប់ណាមួយឡើយ ប៉ុន្តែមហាជន ជាពិសេសទស្សនិកជនដែលនិយមគាំទ្ររូបលោកជាច្រើនបាននាំគ្នាថ្កោលទោសចំពោះព័ត៌មានខាងលើដែលគ្មានមូលដ្ឋានច្បាស់លាស់។
គួរបញ្ជាក់ថា តារាចម្រៀងអាយ៉ៃជើងចាស់លោក ព្រហ្ម ម៉ាញ បានដួលសន្លប់ស្ដូកស្ដឹង ដោយសារជំងឺលើសឈា.មធ្ងន់ធ្ងរ បន្ទាប់ពីលោកបានទៅចូលរួមក្នុងកម្មវិធីមួយ នៅយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ និងត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេពេទ្យឯកជនមួយភ្លាមៗ។
យ៉ាងណា ក្រោយពីបានទទួលបានដំណឹងដែលត្រូវបានចែកចាយពេញបណ្តាញសង្គមហ្វេសប៊ុកនោះមក គេឃើញមានអ្នកគាំទ្រ ព្រមទាំងទស្សនិកជនជាច្រើន បានធ្វើការចែលរំលែក ក៏ដូចជា ខមិនជូនពរដល់រូបលោកឲ្យឆាប់ជាសះស្បើយផងដែរ៕ ប្រភព៖ កោះសន្តិភាព