~
ភ្នំពេញ ៖ តារាចម្រៀងនាង ឈិន រតនះ និង ចំរើន សុភ័ក្រ បានរំលេចរថយន្តថ្មីស៊េរីទំនើបព្រមគ្នាបង្កើនភាពហ៊ឺហារសម្រាប់ជីវិតឯកជនរបស់ខ្លួន ក្រោយជោគជ័យការងារសិល្បៈកាន់តែខ្លាំង។ តារាទាំងពីរបង្ហាញនូវរថយន្តថ្មីដែលមានតម្លៃខ្ទង់ម៉ឺនដុល្លារ ជាមួយការអារម្មណ៍រីករាយដោយបានសម្រេចក្តីស្រម៉ៃតាមអ្វីដែលខ្លួនប្រាថ្នា។
អមជាមួយរូបភាពរថយន្តថ្មីទំនើប ស្រីស្អាត ឈិន រតនះ បានភ្ជាប់ជាមួយនឹងសារខ្លីបង្ហោះតាមហ្វេសប៊ុកថា កាដូសម្រាប់ខ្លួនឯង ហេងៗឆ្នាំថ្មី អរគុណខ្លួនឯងដែលខំប្រឹងប្រែងកន្លងមក សម្រាប់ខ្ញុំវាពិតជាមានន័យណាស់ ដែលខ្ញុំអាចបំពេញក្តីស្រម៉ៃខ្លួនឯង ស៊ូៗបន្តទៀត ។
~
~
ដោយឡែក ស្រីស្អាត ចំរើន សុភ័ក្រ វិញ ដែលទើបតែយករថយន្តថ្មីចូលផ្ទះអោយឪពុកម្តាយប្រោះព្រហ្មសុំពរជ័យនោះ ក៏បានភ្ជាប់សារបង្ហោះតាមហ្វេសប៊ុកថា ថ្ងៃនេះ ជាថ្ងៃវេលាល្អ ព្រះឥន្ទសាទរទេវតាបាចផ្កា នាំប្អូនស្រីពៅតុបតែងកាយយា រួចជូនជីវាចូលគេហដ្ឋាន។ ប្អូនអើយប្អូនស្រី សូមប្អូនជួយបង មាសប្រាក់កែវកងរកស៊ីមានបាន ទោះទៅឆ្ងាយជិត សូមសុខក្សេមក្សាន្ត សត្រូវជិតប្រាណបរវាសចៀសឆ្ងាយ។
~
ដោយឡែកសម្រាប់តារាចម្រៀងលោក ណុប បាយ៉ារិទ្ធ ដែលធ្លាប់ជា coach ជួយអោយតារាទាំងពីរនាក់អាចទទួលជោគជ័យឈានមកដល់ថ្ងៃនេះ ក៏បានបង្ហាញអារម្មណ៍ដោយមោទនៈថា អរគុណពេលវេលាអោយពួកយើងស្គាល់គ្នា ពីកូនក្រុមក្នុងកម្មវិធី មកជាប្អូន រួមសុខ រួមទុក្ខ ផ្តល់កម្លាំងចិត្តអោយគ្នា ឈានមកដល់ចំណុចនេះ គឺជាមោទនភាពមួយសម្រាប់ប្អូនទាំង២។
~
~
លោកបញ្ជាក់ថា មិនខ្វល់ថា គេថាយើងអន់ មិនខ្វល់គេស្រលាញ់យើងឬអត់ តែយើងត្រូវច្បាស់ថា បានស្រលាញ់គេរួចហើយ លទ្ធផលបែបណាចាំគិតទៀត ។ អរគុណការមើលងាយ អរគុណការឈឺចាប់ដែលជំរុញទឹកចិត្តអោយឈានមកដល់ចំណុចនេះ អ្នកចង់ធ្វើជាកូនឆ្មា ឬ ចង់ធ្វើជាកូនតោ គឺនៅលើខ្លួនយើងជាអ្នកកំណត់ពីអត្តសញ្ញាណខ្លួន ឯង ។ ស៊ូ ស៊ូ បន្តដំណើរទៅមុខទៀត ទៅរកជោគជ័យធំជាងនេះទៀត ចុងក្រោយបងចង់ប្រាប់ថា ៖ ដរាបណា អ្នកនៅមានកម្លាំងចិត្ត ចូរឆ្លាក់ជីវិតរបស់ខ្លួនឯងអោយបានល្អបំផុត នោះអ្នកនឹងដឹងច្បាស់ពីខ្លួនឯងថា អ្នកមិនអន់ទេ អោយកម្លាំងចិត្តខ្លួនឯង ដើម្បីឆ្លាក់ជីវិតអោយល្អបំផុត ព្រោះអ្នកមិនអន់ទេ។
~
~
ជាការកត់សម្គាល់ តារាចម្រៀងនាង ឈិន រតនះ និង ចំរើន សុភ័ក្រ បានក្លាយជាតារាចម្រៀងមួយកំពុងទទួលបានការគាំទ្រគួរសមពីបណ្តាយុវវ័យ ខណៈពេលបទចម្រៀងរបស់ពួកគេក៏មានភាពល្បីល្បាញពីប្រិយមិត្តអ្នកស្តាប់ផងដែរ។ ក្រោយក្លាយជាតារាចម្រៀងពេញសិទ្ធិនៅផលិតកម្មហង្សមាសនោះមក តារាចម្រៀងទាំងពីរបានចាប់ផ្តើមមានទីផ្សារការងារខ្ពស់ ដោយនៅក្នុងនោះអ្នកទាំងពីរតែងតែបង្ហាញវត្តមានច្រៀងលើឆាកតន្ត្រីនានាជាបន្តបន្ទាប់ស្ទើរមិនដាច់សូរ៕ ប្រភព៖ កោះសន្តិភាព
~
~
~
~
~