~
អតីត Miss Grand 2020 នាង លីវ ជីលី បានសម្រេចគោលបំណងរបស់ខ្លួននៅក្នុងការបង្ហាញវត្តមានសម្តែងភាពយន្តជាលើកដំបូងហើយ បន្ទាប់ពីនាងបានជាប់ជាកញ្ញាឯកនេះ។ តែយ៉ាងណា បើទោះបីបានតំណែងថ្មីក្នុងភាពយន្តនាពេលនេះក៏ដោយ ប៉ុន្តែស្រីស្អាត លីវ ជីលី នៅតែពិបាកនៅក្នុងការថតឈុតអោបថើបបែបខ្លាំងៗ ខណៈពេលដែលនាងក៏មិនចូលចិត្តធ្វើរឿងបែបនេះផងដែរ។
~
~
ស្រីស្អាត លីវ ជីលី បានអះអាងប្រាប់កោះសន្តិភាពតាមសារអេឡិចត្រូនិចថា នាងត្រូវបានផលិតកម្ម LD ជ្រើសរើសអោយចូលសម្តែងនៅក្នុងរឿងភាគទូរទស្សន៍ជាលើកដំបូង ក្នុងអាជីពសិល្បៈរបស់នាង។ នាងបញ្ជាក់ថា ភាពយន្តដែលនាងទទួលថតនេះមានចំណងជើងថា «រងើកភ្លើង online» ជាប្រភេទភាពយន្តភាគ ដែលនាងចាប់ដៃគូសម្តែងជាមួយតារាប្រុស គឺលោក ចន ស័ក្ត។
~
នាងថា ភាពយន្តនេះ នាងត្រូវចំណាយពេលថតជាច្រើនខែទម្រាំចប់ ហើយរឿងទីមួយរបស់នាងនាពេលនេះ បានធ្វើឲ្យនាងមានអារម្មណ៍ព្រួយបារម្ភផងដែរ ព្រោះខ្លាចសម្តែងមិនបានល្អតាមការគហរោងទុក។ ជាពិសេសទៅទៀតនោះ អ្វីដែលនាងពិបាកសម្តែងនោះ គឺឈុតដែលមានការអោបថើបខ្លាំងៗ ដែលជារឿយៗនាងមិនទទួលថតឈុតបែននោះឡើយ។
~
~
នាងបញ្ជាក់ថា ឈុតអោបថើបនេះ នាងអាចទទួលថតត្រឹមថើបថ្ពាល់តិចតួចប៉ុណ្ណោះ ប៉ុន្តែបើក្នុងករណីថើបមាត់នោះ នាងនឹងពិបាកទទួលថតណាស់ ព្រោះនាងមិនចូលចិត្ត។ យ៉ាងណា បើតាម លីវ ជីលី ថា ត្រង់ឈុតអោបថើបនេះ គឺអ្នកដឹកនាំ និងអ្នកថត គេមានបច្ចេកទេសដោយឈុតថើបខ្លះគេគ្រាន់តែមិនអោយថើបដល់នោះឡើយ។
~
~
ទោះជាយ៉ាងណា លីវ ជីលី នៅតែបង្ហាញអារម្មណ៍សប្បាយរីករាយ ក្នុងពេលដែលនាងមានឱកាសបញ្ចេញស្នាដៃក្នុងភាពយន្តជាលើកដំបូងនាពេល ហើយជាការឆ្លើយតបតាមការសំណូមពរពីប្រិយមិត្តគាំទ្រផងដែរ។
~
~
លីវ ជីលី លើកឡើងបន្ថែមថា សម្រាប់ការបញ្ចេញស្នាដៃលើកដំបូងនេះ ប្រសិនបើទទួលជោគជ័យ និងមានការគាំទ្រច្រើននោះ នាងនឹងបន្តការសម្តែងនេះជាបន្តបន្ទាប់ទៀត ព្រោះនាងស្រឡាញ់វិស័យសិល្បៈ។ យ៉ាងណា តារាស្រីរូបនេះក៏នៅតែពិចារណា ឬបដិសេធទទួលថតភាពយន្ត ឬឈុតបទចម្រៀងណាដែលលក្ខណៈអោបថើបខ្លាំង និងកំសត់ខ្លាំងនោះឡើយ ព្រោះនាងមិនចូលចិត្ត ព្រមទាំងសមត្ថភាពនាងមិនដល់សម្រាប់ការដើរតួកំសត់ហូរទឹកភ្នែកខ្លាំង។
~
~
នាងថា ការមិនទទួលយកការសម្តែងបែបខាងលើនេះ នាងក៏មិនព្រួយបារម្ភខ្លាំងសម្រាប់ការបាត់បង់ ចំណែកទីផ្សារការងារសិល្បៈរបស់នាងដែរ ព្រោះការថត MV នេះក៏មិនសូវចូលចិត្តដែរ ហើយម្យ៉ាងចំណូលរបស់នាងភាគច្រើនមិនសំដៅទៅលើការងារនេះដែរ ពោលគឺភាគច្រើននាងថតស្ពតពាណិជ្ជកម្មច្រើនជាង។ យ៉ាងណា លីវ ជីលី រំពឹង តាមស្នាដៃលើកដំបូងនៅក្នុងការសម្តែងភាពយន្តនេះ នឹងទទួលបានការគាំទ្រច្រើនពីសំណាក់ទស្សនិកជន ជាពិសេសប្រិយមិតត្តគាំទ្រ៕
~
~