Saturday, March 25, 2023
Google search engine
Homeព័ត៌មានសិល្បៈផ្ទុះ​ប្រតិកម្មជុំវិញ​ការ​យក​ទង់ជាតិ​ច្នៃ​ធ្វើ​ជា​​សម្លៀក​បំពាក់ រហូត​មានការ​ប្រៀបធៀប​​នឹង​ស្រា​បៀរ​អង្គរ

ផ្ទុះ​ប្រតិកម្មជុំវិញ​ការ​យក​ទង់ជាតិ​ច្នៃ​ធ្វើ​ជា​​សម្លៀក​បំពាក់ រហូត​មានការ​ប្រៀបធៀប​​នឹង​ស្រា​បៀរ​អង្គរ

ជុំវិញ​ការ​យក​ទង់ជាតិខ្មែ​ច្នៃ​ជា​សម្លៀក​បំពាក់ កំពុង​ក្លាយជា​ប្រធានបទ​ក្តៅ​គគុក ជជែក​ដេញ​ដោល​​ពេញ​បណ្តាញ​សង្គម និង​តាម​តុ​​កាហ្វេ ដោយ​មតិ​ខ្លះ​បាន​លើក​ឡើង​​គាំទ្រ​ដល់​អាជ្ញាធរ​អ​ប្សា​រា​ថា «​មិន​ចាំបាច់​ជាតិនិយម​ជ្រុល រហូត​ដល់​យក​ទង់ជាតិ​​ច្នៃ​ធ្វើ​ជា​សម្លៀក​បំពាក់​» ខណៈ​មតិផ្ទុយ​ខ្លះ​បាន​លើក​ឡើង​ថា «​គួរ​គិតគូរ​រូប​ប្រាសាទ​អង្គរ​នៅ​កំប៉ុង​ស្រា​បៀរ​ជា​មុន​សិន សឹម​ឆ្លង​ដល់​រឿង​សម្លៀក​បំពាក់​» ។

ប្រតិកម្ម​ចម្រុះ​របស់​មហាជន​បាន​កើតឡើង ក្រោយ​ពី​អាជ្ញាធរ​ជាតិ​អប្សរា តាម​រយៈ​អ្នកនាំពាក្យ បាន​ប្រកាស​មិន​គាំទ្រ​ចំពោះ​ការ​យក​ទង់ជាតិ​ខ្មែរ ទៅ​ច្នៃ​ធ្វើ​ជា​ម៉ូ​ដ កាត់​ជា​សម្លៀក​បំពាក់​ឡើយ ។ លោក ឡុ​ង កុសល អគ្គនាយករង និង​ជា​អ្នកនាំពាក្យ​អាជ្ញា​ជាតិ​អប្សរា ត្រូវ​បាន​ស្រង់​សម្តី​យក​ទៅ​បង្ហោះ​ក្នុង​ផេ​ក​ផ្លូវការ​របស់​អាជ្ញាធរ​អ​ប្សា​រា កាល​ថ្ងៃ​ទី​៨ ខែមីនា ម្សិលមិញ​នេះ ដោយ​ស្រង់​សម្តី​លោក​ថា ការ​យក​ទង់ជាតិ​ខ្មែរ ដែល​ជា​និមិត្តរូប​របស់​ជាតិខ្មែរ មក​ច្នៃ​ជា​ម៉ូ​ដ​សម្លៀក​បំពាក់ គឺជា​ការ​មិន​សមរម្យ ព្រោះ​គេ​តែងតែ​ផ្តល់​តម្លៃ​ដល់​ទង់ជាតិ គឺ​ទង់ជាតិ តែងតែ​ត្រូវ​បាន​បង្ហូត​​ឡើង​លើ ដោយ​អម​ជាមួយ​នូវ​ការ​ច្រៀង និង​ភ្លេងជាតិ​។ ទង់ជាតិ គឺជា​និមិត្តរូប​ជាតិ​។

ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា ខាងលើ​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​អ្នកចម្រៀង និង​អ្នក​សម្ដែង​ជា​ច្រើន បាន​ស្លៀកពាក់​ឈុត​ទង់ជាតិ ក្នុង​ម៉ូ​ដ​បុរាណ ហើយ​បាន​ទៅ​ថត​នៅ​ប្រាសាទអង្គរវត្ត និង​បង្ហោះ​ព្រោងព្រាត​តាម​ហ្វេ​ស​ប៊ុ​ក ។

គេ​កត់សម្គាល់​ឃើញ​ថា មាន​តារាចម្រៀង​ជួរ​មុខជា​ច្រើន​នៅ​កម្ពុជា រួម​ទាំង​អ្នក​ទៅ​លេង​អង្គរវត្ត​ថ្មី​នេះ​បាន​បង្ហោះ​រូបភាព​ស្រស់​ស្អាត​នៃ​ការ​យក​ទង់ជាតិ​ច្នៃ​ធ្វើ​ជា​សម្លៀក​បំពាក់ ។

យ៉ាងណាមិញ លោក វណ្ណៈ ដែល​ជា​ពលរដ្ឋ​ខ្មែរ​មួយ​រូប បាន​បញ្ចេញ​ទស្សនៈ​ថា «​ម្នាក់​ៗ​ធ្វើ​ដូច​ស្រឡាញ់​ជាតិ​ខ្លាំង​ណាស់​អ៊ីចឹង ។ តែ​យ៉ាងណាមិញ ត្រូវ​ក្រឡេក​មើល​ស្រុក​គេថា ​គេ​ដល់​ណា​ដល់​ណី​ហើយ មានស្រុក​ខ្លះ ទង់ជាតិ​យក​ទៅ​ផលិត​នៅ​នឹង​ស្បែកជើង​ក៏​មាន លើ​លី​អូ អាវទ្រនាប់​ក៏​មាន នៅ​មាន​ច្រើន​ទៀត​ខ្ជិល​រៀបរាប់​»​។

លោក​បន្ត​ថា មក​រិះគន់​មិន​ពេញចិត្ត​ការ​​រូបភាព​ទង់ជាតិ​ច្នៃ​ធ្វើ​ជា​សម្លៀក​បំពាក់ ចុះ​រូប​អង្គរវត្ត ដែល​ជា​បេ​តិក​ភ័ណ្ឌ​​ពិភពលោក ម៉េច​ក៏​ទៅ​នៅ​លើ​កំប៉ុង​ស្រា​បៀរ ដែល​គេ​ផឹក​ហើយ គេ​​នាំ​គ្នា​ជាន់​សំបក​​កំប៉ុង​មាន​រូប​អង្គរវត្ត​នោះ ។ នោះ​ម៉េច​វិញ?​» ។

បន្ថែម​ពីលើ​នេះ កញ្ញា ជាតា បុគ្គលិក​ក្រុម​ឯកជន​មួយ​រូប បាន​ថ្លែងប្រាប់​សារព័ត៌មាន​កោះសន្តិភាព​អំពី​ទស្សនៈ​របស់​នាង​ថា «​ខ្ញុំ​យល់​ថា ដូច​ជា​លើស​ពេក​ហើយ ព្រោះ​ប្រទេស​គេ​វិញ គេ​យក​រូប​ទង់ជាតិ​ទៅ​ដាក់​លើ​ស្បែកជើង សំពត់​​អាវ និង​សម្ភារៈ​ផ្សេង​ៗ ។ សម្រាប់​ការ​ច្នៃ​នៅ​ខ្មែរ​វិញ ខ្ញុំ​ឃើញ​តារា និង​បងប្អូន​យក​មក​ច្នៃ​ត្រឹម​ជា​អាវ​ពាក់​យ៉ាង​​ស្អាត និង​ការ​ធ្វើ​បែប​នេះ​ជា​ការ​ផ្សព្វផ្សាយ​ពី​ប្រទេស​ជាតិ​យើង​ទៅ​អន្តរជាតិ​បាន​ស្គាល់​ទង់ជាតិ​ខ្មែរ​កាន់តែ​ច្រើន​​ឡើង​» ។

កញ្ញា បាន​បន្ត​ថា «​គ្រាន់តែ​ច្នៃ​ធ្វើ​ជា​អាវ​ពាក់​លើ​ខ្លួន មិន​គួរ​ហាមប្រាម​នោះ​ទេ ។ គួរ​គិតគូរ​ប្រាសាទ​អង្គរ​នៅ​កំប៉ុង​ស្រា​បៀរ​ជា​មុន​សិន​ សឹម​ឆ្លង​ដល់​រឿង​សម្លៀក​បំពាក់​នេះ ព្រោះ​បើ​និយាយ​ពី​កំប៉ុង​ស្រា​បៀរ​វិញ គឺគេ​ជាន់​ក្រពិត​នៅ​ជាប់​កំប៉ុង​មាន​ទំ​ហំ​ធំធេង​ណាស់ ​ប្រាសាទ​ជា​ព្រលឹង​ជាតិ​យើង តែ​បែរជា​រូបភាព​អង្គរ​វត្ត​លើ​កំប៉ុង​ស្រា​បៀរ ឬ​ដប​ស្រា​បៀរ គេ​ជាន់​នឹង​ជើង​ធ្វើ​ជា​អេ​ត​ចាយ​ផង​» ។

ចំណែក​លោក ចាន់​ដា វិញ មាន​ទស្សនៈ​ផ្សេង​ពី​នេះ ។ លោក​ថា «​ស្រលាញ់​ជាតិ​មិន​ចាំបាច់​រហូត​ដល់យក​​ទង់ជាតិ​ច្នៃ​ធ្វើ​ជា​សម្លៀក​បំពាក់​ទេ សុំ​ត្រឹម​រក្សា​អត្តសញ្ញាណ​តាម​រយៈ​ការសំពះ​ពេល​ជួប​គ្នា ឬ​និយាយ​ពាក្យ​ថា​សួស្តី គឺ​ប្រពៃ​ណាស់​» ។ លោក ចាន់​ដា បន្ត​ថា «​ខ្ញុំ​សង្កេត​ឃើញ ពេល​បងប្អូន​ខ្មែរ​យើង​មួយ​ចំនួន ជា​ពិសេស​ក្មេង​ៗ​ជំនាន់​ក្រោយ ជួប​​គ្នា លើកដៃ​និយាយ​ថា ហេ​ឡូ ទៅ​វិញ ។ រឿង​នេះ​ក៏​គួរ​ប្អូន​ៗ​ពិចារណា​ឡើង​វិញ​ផង​ដែរ​» ។

នៅ​ថ្ងៃ​ទី​៩ ខែមីនា នេះ​ផង​ដែរ ​ក្រៅពី​ប្រតិកម្ម​មិន​គាំទ្រ​ការ​យក​ទង់ជាតិ​ច្នៃ​ជា​សម្លៀក​បំពាក់ របស់​អាជ្ញាធរ​អ​ប្សា​រា​នោះ ថ្នាក់ដឹកនាំ​ក្រសួង​វប្បធម៌ ​និង​វិចិត្រ​សិ​ល្បៈ​​ក៏​បាន​សម្តែង​ការ​មិន​គាំទ្រ​ការ​ធ្វើ​បែប​នេះ​ឡើយ បើ​ទោះបីជា​សកម្ម​ភាព​ថត​បទ​ចម្រៀង​នេះ​ អ្នកដឹកនាំ​ចង់​បង្ហាញ​មោទនភាព និង​ផ្តើម​ចេញពី​ការ​ស្រឡាញ់​ជាតិខ្មែរ​នោះ​ក៏​ដោយ​ ។

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments