~
ប្រិយមិត្ត ជាពិសេសបណ្តាអ្នកលេងអ៊ីនធើរណេតប្រាកដជាបានដឹងច្បាស់ពីនូវវីដេអូចម្រៀងបទ «ផ្លូវណាទៅផ្ទះម៉ែក្មេង» ដែលកំពុងតែផ្ទុះ និងល្បីខ្លាំងនៅបណ្តាញសង្គម ក្នុងពេលដែលបទនេះ ត្រូវបានគេនាំចែកចាយពេញហ្វេសប៊ុក និងមានអ្នកចូលទស្សនារាប់សិបម៉ឺននាក់ក្នុងរយៈពេលដ៏ខ្លីតែប៉ុណ្ណោះ។
~
~
មែនទែន ទៅបទនេះត្រូវបានតារាស្រីវ័យក្មេងមួយរូបយកមកច្រៀងឡើងវិញប៉ុណ្ណោះ(COVER) ប៉ុន្តែវាបានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងសម្រាប់បណ្តាប្រិយមិត្តអ្នកស្តាប់ ក្នុងពេលដែលបទចម្រៀងចង្វាក់រាំវង់មួយនេះ មានអត្ថន័យ និងខ្លឹមសារយ៉ាងពីរោះថែមទៀតនោះ។
~
មាស នីតា គឺជាម្ចាសំនៀង ដែលបានច្រៀងបទខាងលើនេះឡើងវិញ ក្នុងពេលដែលតារាស្រីវ័យក្មេងស្រស់ស្អាតរូបនេះ ហាក់បង្ហាញអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយនាងមិននឹកដល់ថា បទចម្រៀងរបស់នាងមួយនេះផ្ទុះការគាំទ្រផ្លូកទឹកផ្លូកដី។
បង្ហាញអារម្មណ៍ប្រាប់កោះសន្តិភាពតាមសារអេឡិចត្រូនិច តារាស្រីដែលមានដើមកំណើតនៅស្រុកល្វាឯម នាង មាស នីតា បានលើកឡើងថា នាងពិតជាមិននឹកស្មានដល់នូវពេលបទចម្រៀងដែលនាងច្រៀងឡើងវិញមានចំណងជើងថា «ផ្លូវណាទៅផ្ទះម៉ែក្មេង» បានទទួលការអារម្មណ៍ និងមានអ្នកចូលទស្សនារាប់ម៉ឺននាក់បែបនេះឡើយ។
~
~
នាងបញ្ជាក់ថា ដំបូងឡើយ នាងគ្រាន់តែថតលេង ហើយបង្ហោះតាមបណ្តាញសង្គម TIK TOK ប៉ុណ្ណោះ ប៉ុន្តែបន្ទាប់ពីនាងបានទៅថតបទនេះ ហើយផុសបានមួយថ្ងៃក៏មានអ្នកចូលទស្សនា១លានដង រហូតធ្វើឲ្យបទរបស់នាងនេះ ចាប់ផ្ទុះទាំងហ្វេសប៊ុក និង TIK TOK តែម្តង។ នាងបន្ថែមថា បទនេះ គឺមានប្រិយជាច្រើនបានគ្នាចែកចាយបន្ត (Share) ពេញបណ្តាញសង្គមហ្វេសប៊ុក ដែលនោះនាំឲ្យមហាជនស្គាល់រូបនាងកាន់តែខ្លាំង។
~
~
មាស នីតា បានលើកឡើងបន្តទៀតថា ដំបូងឡើយ នាងក៏ធ្លាប់ Cover បទ «មានពេលមានប្រាក់តែបាត់បង់ពុកម៉ែ» ដែលជាសំនៀងដើមរបស់ មាស សុខសោភា ដែរ ហើយតាមរយៈបទនេះ ក៏មានទស្សនិកជនមួយចំនួនបានស្គាល់រូបនាងដែរ ប៉ុន្តែមិនផ្ទុះខ្លាំងដូចបទ «ផ្លូវណាទៅផ្ទះម៉ែក្មេក» នេះឡើយ។
ក្នុងវ័យ២៥ឆ្នាំ មាស នីតា ក៏ធ្លាប់ឆ្លងកាត់ការប្រឡងចម្រៀងនេះមួយលើកដែរ ប៉ុន្តែមិនបានទទួលលទ្ធផលល្អអ្វីនោះឡើយ ប៉ុន្តែនាងហាក់មិនដែលមានបំណងបោះបង់ចោលក្តីស្រម៉ៃនៅក្នុងអាជីពមួយនេះទេ បើទោះបីជានាងហាក់មិនសូវបានទទួលការគាំទ្រពីក្រុមគ្រួសារក៏ដោយ។ នាង ម្តាយ និងបងប្រុសរបស់ខ្ញុំ បានជំទាស់មិនឲ្យខ្ញុំចូលសិល្បៈនេះដែរ ប៉ុន្តែដោយសារខ្ញុំមានដុងពីកំណើត និងចិត្តស្រឡាញ់ ខ្ញុំនៅតែខំប្រឹង បើទោះបីជាខ្ញុំធ្លាប់ទទួលភាពបរាជ័យនៅក្នុងការចូលរួមប្រឡងក៏ដោយ។
នាងបញ្ជាក់ថា អាជីពចម្រៀង គឺជាគោលដៅចម្បងមួយសម្រាប់ខ្ញុំ ហើយជាដំបូងខ្ញុំចង់ឲ្យប្រិយមិត្តស្គាល់ខ្ញុំឲ្យបានច្រើន និងគាំទ្របទចម្រៀងរបស់ខ្ញុំទាំងបទ COVER និងបទ Original Song ព្រោះទៅថ្ងៃខាងមុខខ្ញុំក៏មានបទថ្មីៗដែលជាបទរបស់ខ្លួនឯងផងដែរ។
~
បើតាម មាស នីតា ថា ក្រោយពីល្បីតាមរយៈបទខាងលើនេះ នាងក៏ទទួលបានការអញ្ជើញឲ្យច្រៀងតាមកម្មវិធីនានាជាបន្តបន្ទាប់ ខណៈពេលដែលបច្ចុប្បន្ននាងក៏ជាតារាចម្រៀងមួយដួងដែលស្ថិតក្នុងក្រុមចម្រៀងណែងណង ដែលក្រុមផលិតទាំងបទបទ COVER និងបទ Original Song។ មាស នីតា បញ្ជាក់ថា សម្រាប់ពេលអនាគត ប្រសិនអាចនាងក៏មានបំណងក្លាយខ្លួនទៅជាតារាចម្រៀងប្រចាំផលិតកម្មធំណាមួយនៅក្នុងស្រុកម្នាក់ផងដែរ ដោយសារចង់សម្រេចគោលបំណងរបស់នាងនៅក្នុងការក្លាយជាតារាចម្រៀងអាជីពមួយរូបដែលមានការគាំទ្រពីសំណាក់ទស្សនិកជន៕ ប្រភព៖ កោះសន្តិភាព
~
~
~