~
~
~
នៅទីបំផុតកំពូលតារាចម្រៀងស្រីពេជ្រ សោភា បានក្លាយទៅជាទូសុឆន្ទៈ(BA) របស់អ្នកជំនួញល្បីឈ្មោះលោកស្រីទ្រី ដាណា ដែលការចុះកិច្ចសន្យាដំណាក់កាលដំបូងកាលពីថ្ងៃទី២៣ខែធ្នូឆ្នាំ២០២១នោះគឺមានរយៈពេល១ឆ្នាំហើយសោភា ទទួលបានតម្លៃខ្លួនដល់ទៅ៣០ម៉ឺនដុល្លារឯណ្ណោះ។នេះជាតម្លៃខ្លួនខ្ពស់បំផុតមួយសម្រាប់តារាស្រុកខ្មែរឬតម្លៃនេះមិនចាញ់តារានៅប្រទេសជិតខាងឡើយ ខណៈដែលកន្លងមកធ្លាប់មានព័តមានថាតារាខ្មែរលំដាប់Grade A មួយជំនួនស៊ីថ្លៃស្ពតធំមួយត្រឹមតែ៥ម៉ឺនដុល្លារប៉ុណ្ណោះពីកុងត្រារយៈពេល១ឆ្នាំដែរ។
~
~
~
ក្នុងជំនួបតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២៣ខែធ្នូ ពេជ្រ សោភា បានឲ្យដឹងថានាងពិតជាមានអារម្មណ៍រំភើបរីករាយខ្លាំងណាស់ព្រោះនេះជាការផ្ដល់កិត្តិយស និងឲ្យតម្លៃដល់រូបនាងជាអ្នកសិល្បៈ ឬជាតារាចម្រៀងម្នាក់ដែលនាងមិននឹកស្មានដល់។សោភា បន្ថែមថាតម្លៃខ្លួនខ្ពស់នេះនាងមិនបានទាមទារពីលោកជំទាវទ្រី ដាណា ដល់ម្លឹងទេ តែគាត់ផ្ដល់ឲ្យនាងប៉ុណ្ណឹងទើបនាងពិតជាសប្បាយចិត្តគ្មានអ្វីប្រៀបបាន។ពេជ្រ សោភា បន្ថែមថារយៈពេលកុងត្រា១ឆ្នាំពេញនៅឆ្នាំ២០២២នេះនាងធ្វើការឲ្យឲ្យលោកស្រីទ្រី ដាណា ទៅលើផ្នែកគ្រឿងសម្អាង ទាក់ទងផលិតផលរបស់គាត់ មិនមែនផ្នែកគ្រឿងអលង្ការមាស ពេជ្រនោះទេ។ក្រៅពីនេះអ្នកជំនួញស្រីល្បីឈ្មោះរូបនេះបានផ្ដល់ល័ក្ខខណ្ឌឲ្យនាងកាន់តែល្អថែមទៀតដូចជារៀងរាល់ពេលដែលនាងLive និយាយពីផលិតផលរបស់គាត់ខាងលើនេះគាត់នឹងគិតលុយឲ្យផ្សេង ខណៈដែលការច្រៀងសម្ដែងរបស់នាងតាមកម្មវិធីប្រគុំតន្រ្ដីរបស់គាត់ក៍មានការទូទាត់លុយផ្សេងទៀតដែរ ពោលគឺនាងច្រៀង១កម្មវិធី៥ពាន់ដុល្លារ។
~
~
~
នាងថាទឹកចិត្តដ៍ល្អប្រពៃរបស់លោស្រីទី្រ ដាណា នេះគឺឲ្យតម្លៃទៅលើសិល្បៈឲ្យមានតម្លៃដូចតារានៅស្រុកគេដែរហើយធ្វើឲ្យរូបនាងនិងសិល្បករផ្សេងទៀតកាន់តែមានចិត្តខំប្រឹងប្រែង ព្រោះការងារដែលយើងខំធ្វើ កេរ្ដិ៍ឈ្មោះដែលយើងប្រឹងសន្សំគឺលទ្ធផលវានឹងស្ដែងចេញជារូបរាងដូចនៅពេលនេះ។តារាចម្រៀងហង្សមាសរូបនេះបានឲ្យដឹងដែរថាក្រោយចុះកុងត្រារួចរូបភាពរបស់នាងនឹងត្រូវបានផ្សព្វផ្សាយផលិតផលរបស់ក្រុមហ៊ុនលោកស្រីទ្រី ដាណា ដែលមានដាក់នៅតាមបដា(Banner)នានាគឺគិតចាប់ពីដើមឆ្នាំ២០២២ ខាងមុខនេះហើយ។យ៉ាងណាសោភា ថាក្រោយទទួលកុងត្រានេះរួចហើយនាងក៍មិនអាចថតស្ពតនូវផលិតផលប្រហាក់ប្រហែលគ្នានេះបានទេ គឺពេញ១ឆ្នាំ២០២២តែម្ដង តែស្ពតផ្សេងៗនាងនៅតែធ្វើការជាធម្មតា។ដោយឡែកនៅលើផេករបស់លោកស្រីទ្រី ដាណា វិញបានបង្ហោះសារថា”ស្វាគមន៍បងពេជ្រ សោភា ចូលមកគ្រួសារNNP ,៣០ម៉ឺនដុល្លារ សម្រាប់ជំហ៊ានដំបូង ហើយនឹងមានបន្ដបន្ទាប់ទៀត”។
~
~
តាមព័តមានថាមូលហេតុដែលលោកស្រីទី្រ ដាណា ជ្រើសពេជ្រ សោភា ឲ្យធ្វើជា Brand Ambassador របស់ផលិតផលលោកស្រីនិងផ្ដល់តម្លៃខ្លួនខ្ពស់កប់ពពកបែបនេះដោយសារតែតែអ្នកជំនួញរូបនេះស្រលាញ់ពេញចិត្តសោភា ដែលជាតារាចេះតស៊ូព្យាយាមក្នុងសិល្បៈរហូតឈជើងយ៉ាងរឹងមាំក្នុងអាជីពចម្រៀងនិងជោគជ័យរយៈពេលជាង១០ឆ្នាំមកនេះ ពិសេសគឺកេរ្ដិ៍ឈ្មោះរបស់តារាហង្សមាសរូបនេះនៅតែរក្សារបានក្នុងលំដាប់Grade A ហើយនាងក៍ជាអ្នកចម្រៀងម្នាក់ដែលមានមានភាពស្មោះត្រង់និងចូលចិត្តនិយាយអ្វីត្រង់ៗ មិនចេះសម្ដែង។នេះអាចចាត់ទុកថាជាកាដូដ៍ធំមួយសម្រាប់ពេជ្រ សោភា នៅថ្ងៃបុណ្យណូអែល(បុណ្យគ្រិស្ដម៉ាស)និងសម្រាប់ថ្ងៃឆ្លងឆ្នាំសកល(Countdown)២០២១ ឈានចូល២០២២ នាពេលខាងមុខនេះ។ពេជ្រ សោភា ក៍បានឲ្យដឹងថាក្រោយក្លាយទៅជាBA ផលិតផលរបស់អ្នកជំនួញចិត្តធ័មល្បីឈ្មោះរូបនេះនាងនឹងប្រឹងធ្វើការងារនិងបំពេញតួនាទីរបស់ខ្លួនឲ្យអស់ពីលទ្ធភាពដើម្បីតបស្នងការឲ្យតម្លៃរបស់លោកស្រីមកលើរូបនាង។
~
~
ក្រៅពីជាអ្នកចម្រៀងដែលឈជើងនៅហង្សមាសរយៈពេលជាង១៦ឆ្នាំមកនេះពេជ្រ សោភា ជាតារាម្នាក់ដែលក្ដាប់ស្ពតពាណិជ្ជកម្មធំៗជាបន្ដបន្ទាប់ទើបធ្វើឲ្យនាងអាចរកប្រាក់ចំណូលពីសិល្បៈបានជាច្រើនក្នុង១ឆ្នាំៗ។យ៉ាងណាសម្រាប់ដំណឹងល្អក្នុងការរៀបការជាលើកទី២នោះសោភា មិនទាន់ត្រៀមខ្លួនគ្រងឈុតកូនក្រមុំជាម្ដងទៀតឡើយ បន្ទាប់ពីនាងទុកជីវិតជាស្រីមេម៉ាយរយៈពេលជិត៥ឆ្នាំ ដែលនាងអះអាងថាពេលវេលាដែលនាងមានសេរីភាពបំផុតព្រោះចង់ធ្វើអ្វីតាមចិត្ត និងគ្មានអ្នកណាហួងហែងនាងឡើយ។យ៉ាងណាតារាវ័យ៣៧ឆ្នាំតែសម្រស់នៅក្មេងជាងវ័យរូបនេះធ្លាប់បង្ហើបថានាងចង់ជ្រើសស្នេហ៍ថ្មី”ជួញជិត ប្រសើរជាងជួយឆ្ងាយ”៕
~
~