នាយកដ្ឋានវប្បធម៌ និងកីឡានៃទីក្រុងហូជីមិញ នឹងស៊ើបអង្កេតពីរបៀបដែលការប្រឡងបវរកញ្ញាកែភេ.ទវៀតណាមលំដាប់អន្តរជាតិ Miss International Queen Vietnam ត្រូវបានរៀបចំឡើងកាលពីពេលថ្មីៗនេះ ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរ។
ការប្រកួតបានបញ្ចប់កាលពីយប់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ នៅស្ទូឌីយ៉ូភាពយន្តមួយក្នុងសង្កាត់លេខ១២ ហើយត្រូវបានផ្សាយបន្តផ្ទាល់ទៀតផង។ យ៉ាងណាមិញ នៅព្រឹកថ្ងៃទី០៩ ខែមេសា មន្ត្រីនាយកដ្ឋានមួយរូបបានអះអាងថា ការប្រកួតនេះគ្មានអាជ្ញាបណ្ណពីអាជ្ញាធរនោះទេ ហើយនាយកដ្ឋាននឹងសម្របសម្រួលជាមួយភ្នាក់ងារផ្សេងទៀត ដើម្បីស៊ើបអង្កេត និងដោះស្រាយតាមផ្លូវច្បាប់។
អ្នករៀបចំកម្មវិធី ដែលជាក្រុមហ៊ុនគ្រប់គ្រងដោយបវរកញ្ញាកែភេ.ទ Nguyen Huong Giang ដែលបានឈ្នះពានរង្វាន់ Miss International Queen កាលពីឆ្នាំ២០១៨ នៅប្រទេសថៃ បាននិយាយថា ខ្លួននឹងធ្វើការជាមួយអាជ្ញាធរ។
ការប្រកួតសម្រស់សម្រាប់អ្នកកែភេ.ទត្រូវបានរៀបចំឡើង ដោយក្រុមហ៊ុននៅដើមឆ្នាំនេះ ដោយមាន៧វគ្គក្នុងទម្រង់ជាកម្មវិធីទូរទស្សន៍ពិតៗតែម្តង ហើយនិងបានចាក់ផ្សាយតាមបណ្តាញយូធូប (YouTube) ផងដែរ។
យោងតាមនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងនៃទីក្រុងហូជីមិញបានឱ្យដឹងថា អ្នករៀបចំកម្មវិធីបានស្នើសុំអាជ្ញាប័ណ្ណដើម្បីរៀបចំការប្រកួតនេះ ប៉ុន្តែនាយកដ្ឋានបានរកឃើញថា ពួកគេមិនបានដាក់ឯកសារគ្រប់គ្រាន់តាមនីតិវិធី ដូច្នេះការប្រកួតនេះ ត្រូវបានស្នើសុំឱ្យបញ្ឈប់។
សូមជម្រាបថានេះគឺជាលើកទី៣ហើយ ដែលការប្រកួតកម្មវិធីបវរកញ្ញាកែភេទរបស់វៀតណាម Miss International Queen Vietnam ត្រូវបានធ្វើឡើង បន្ទាប់ពីត្រូវបានបង្កើតឡើងដំបូងដោយបវរកញ្ញាកែភេទ Nguyen Huong Giang កាលពីឆ្នាំ២០១៨ ខណៈដែលម្ចាស់ជ័យលាភីនៅក្នុងឆ្នាំនេះ បានទៅលើបវរកញ្ញាកែភេទ Nguyen Ha Diu Thao អាយុ២៣ឆ្នាំ ដែលរូបគេនឹងត្រូវតំណាងវៀតណាមទៅចូលរួមប្រកួតកម្មវិធី Miss International Queen ដែលធ្វើឡើងនៅថៃ នាខែមិថុនាខាងមុខនេះ៕ (ដកស្រង់ចេញពី VnExpress)