ភ្នំពេញ ៖ កញ្ញា ពេជ្រ សុវណ្ណភិជ្ជរ៉ា តារាធ្លាប់លេចធ្លោកាលពីច្រើនឆ្នាំមុននោះ ពេលនេះបានវិលត្រឡប់ចូលប្រកួតជាលក្ខណៈបវរកញ្ញា ដោយនាងចូលរួមប្រកួត Miss Supranational Cambodia 2023 ដែលទើបបញ្ចប់ថ្មីៗនេះ ហើយនឹងរកឃើញម្ចាស់មកុដដែលបានទៅលើកញ្ញា លីវ ជីលី។
អតីតកញ្ញាឯកប្រ៊ីនសតុន ឆ្នាំ២០០៧ រូបនេះ មិនខកចិត្តនោះទេ ដោយការប្រជែងគេឯងនេះ ធ្វើដោយសមត្ថភាព ព្រោះទទួលបានពានដល់ទៅ២ក្នុងឱកាសល្អនេះ។ ពេជ្រ សុវណ្ណភិជ្ជរ៉ា ដែលដាក់ឈ្មោះពិតពេលប្រកួត ឡៅ ពេជ្រពិសិដ្ឋ បានប្រកួតប្រជែង Miss Supranational Cambodia 2023 តំណាងខេត្តព្រះសីហនុ។
បើទោះបីជានាងពោរពេញទៅដោយបទពិសោធន៍ក្នុងការប្រឡង និងធ្លាប់គ្រងមកុដមែន តែស្រីស្អាតរូបនេះ ក៏ប្រទះនឹងបរិបថរដូវកាល វិវត្តន៍ក្នុងការប្រកួតបច្ចុប្បន្នដែលប្រែប្រួលខុសឆ្ងាយពីអតីតកាល។ ភិជ្ជរ៉ា បានត្រងត្រាប់ យកចិត្តទុកដាក់លើសព្វវិញ្ញាសា ដើម្បីឆក់ចិត្តគណៈកម្មាការអោយមើលឃើញពីទេពកោសល្យ ក្នុងនាមជាបេក្ខភាពម្នាក់។
ជាចុងក្រោយ ក្នុងចំណោមបេក្ខនារីចំនួន១៨រូប កញ្ញាសាច់.សរូបនេះឆ្លងចូលវគ្គ១០រូបចុងក្រោយ ដោយមិនបានចូលដល់នារីកំពូលទាំង៥នោះទេ។ ប៉ុន្តែអ្វីដែលពិសេស គឺនាងទទួលបានពានរង្វាន់២ក្នុងដៃ គឺជាពានកិត្តិយស និងពានទេពកោសល្យឆ្នើម។ ទាំងអស់នេះ ជាសមិទ្ធផលដែលនាងប្រឹងប្រែង ហើយទទួលស្គាល់ថា នារីកម្ពុជាជំនាន់ថ្មី មិនត្រឹមតែស្អាតនោះទេ តែក៏មានភាពជឿជាក់ ចេះដឹង និងមានភាពក្លាហានខុសពីពេលមុនៗ។
ស្រីស្អាត ពេជ្រ សុវណ្ណភិជ្ជរ៉ា ក្រោយពេលបញ្ចប់ការប្រកួត នាងនៅតែប្រកាសទទួលការងារសិល្បៈ មិនថាសម្តែង ឬថតស្ពតផ្សេងៗនោះទេ ព្រោះថា សិល្បៈជាអ្វីដែលនាងមិនអាចបំភ្លេចបាន ហើយតែងតែលះបង់រកផ្លូវដើរទៅមុខ។ ចំណែកតាមរយៈការប្រឡងប្រជែងសម្រស់ជាថ្មី ក៏ជាការដកស្រង់បាននូវបទពិសោធន៍ល្អៗលើវិស័យបវរកញ្ញាដែលកម្ពុជាបោះជំហានទៅមុខ។ នាងក៏អគុណអ្នកផ្តល់កម្លាំងចិត្ត ទាំងគ្រួសារ មិត្តភក្តិ និងបណ្តាអ្នកធ្លាប់គាំទ្រ ដែលមិនបានបំភ្លេចរូបនាង គ្រាបាត់មុខច្រើនឆ្នាំបែបណាក៏ដោយ។