ភ្នំពេញ ៖ តារាសម្តែង តាន់ សុផា ហៅ ជេស៊ីកា បានប្រកាសមិនទទួលថតរឿងជាន់គ្នាច្រើនទៀតឡើយ បន្ទាប់ពីនាងបានពើបប្រទះនូវជំងឺមិនអាចទ្រាំបាននៅកន្លែងថត ដែលនាងចាត់ទុកមិនដែលជួបក្នុងការប្រកបអាជីពជិត១០ឆ្នាំមកនេះ។ តារាសម្តែងដែលកំពុងមានទីផ្សារសម្តែងខ្ពស់រូបនេះ បានបង្ហាញរូបភាពកោសខ្យល់ជាំពេញខ្លួន ក្នុងពេលដែលនាងជួបអាការៈមិនស្រួលនៅអំឡុងពេលថតជាសាធារណៈនៅលើបណ្តាញសង្គម។
យ៉ាងណា បើទោះបីជា ជេស៊ីកា មិនបានបញ្ជាក់ពីស្ថានភាពជំងឹដែលនាងបានជួបនៅពេលនេះបណ្តាលមកពីអ្វីក៏ដោយ ប៉ុន្តែនាងបានប្រកាសមិនទទួលថតផ្ទួនៗគ្នាច្រើនក្នុងពេលតែមួយទៀតឡើយ ដោយសារនាងមិនចង់ធ្វើបាបខ្លួនឯងទៀតនោះឡើយ។ ជេស៊ីកា បានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា «សម្ដែងជិត១០ឆ្នាំហើយ នេះជាលើកទី១ ដែលខ្ញុំឈឺទ្រាំមិនបានឲ្យអ្នកផាត់មុខ កោសខ្យល់អោយ…! »។ នាងបញ្ជាក់ថា «ខ្ញុំសន្យានឹងខ្លួនឯង ឈប់ទទួលថតរឿងក្នុងពេលតែមួយ២ទៅ៣រឿងទៀតហើយ ដូចធ្វើបាបខ្លួនឯងចឹង but it’s ok»។
ជាការកត់សម្គាល់ ក្រោយមានការងារសិល្បៈធ្លាក់មកក្នុងដៃជាបន្តបន្ទាប់ និងរកពេលសម្រាកគ្មាននោះ ស្រីស្អាត ជេស៊ីកា ក៏ធ្លាប់បញ្ជាក់ថា គេសួរថា ធ្វើការរាស់ថ្ងៃហត់អត់ «គឺខ្ញុំហត់» គេសួរថា ចង់ឈប់អត់ »គឺខ្ញុំឆ្លើយថា អត់ទេ» ព្រោះវាជាការងារដែលខ្ញុំស្រលាញ់។
ស្រីស្អាត ជេស៊ីកា គឺជាតារាស្រីមួយរូប ដែលត្រូវបានគេមើលឃើញថា នាងកំពុងមានទីផ្សារការងារសិល្បៈខ្ពស់នាពេលបច្ចុប្បន្ននេះ ដោយសារនាងតែងតែបង្ហាញវត្តមានសម្តែងស្ទើរមិនដាច់សូរ មិនថាក្នុងរឿង និងថត MV នោះឡើយ។ បច្ចុប្បន្ន តារាស្រីរូបនេះ កំពុងសម្រុកថតរឿង«និស្ស័យស្នេហ៍កូនចាប» អោយស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ និងរឿង «ក្អែកស្លាបហង្ស» អោយស្ថានីយទូរទស្សន៍បាយ័ន៕