ភ្នំពេញ ៖ ផ្ទុះនូវរឿងរ៉ាវជាថ្មី ដោយសារតែគេមិននឹកស្មានថា ម្ចាស់ជ័យលាភីលំដាប់រងទី១ បវរកញ្ញាអ្នកស្រឡាញ់ភេទដូចគ្នា ដេវីណា នៅសុខៗស្រាប់តែបានប្រកាសលាលែងពីតំណែង ដោយមិននឹកស្តាយចំពោះការខំតស៊ូប្រកួតទាល់តែសោះ។ ការលាឈប់នេះ អាចបណ្តាលមកពីការអាក់អន់ចិត្តណាមួយ ក្នុងពេលដែលហ្វេនៗខ្លះចង់អោយនាងក្លាយជាម្ចាស់មកុដ ហើយបែរជាមិនបាន។
លើសពីនេះ អ្នកលេងបណ្តាញសង្គមនៅតែយល់ថា អ្នកជាប់មកុដថ្មី២០២៣នេះ មានខ្សែប្រកាន់បក្សពួក ទើបប្រគល់មកុដអោយតែម្តង។ ចង់១ប្រទេសហើយ ដែលលាន់មាត់សរសើរ សម្រស់បវរកញ្ញាអ្នកស្រឡាញ់ភេទដូចគ្នា ដេវីណា ព្រោះតូចតន់មួយនេះ គយគន់យូរ ៗពិតជាគួរអោយទាក់ទាញ មិនថាស្រី ឬប្រុសនោះទេ។ នាងស្អាតលើសមនុស្សស្រីទៅទៀត អ្នកណាឃើញក៏លង់ដែរ។ ប៉ុន្តែស្តាយដែលនាងមិនអាចគ្រងមកុដបាន ខណៈមិត្តអ្នកគាំទ្រស្តាយសម្រស់ និងសមត្ថភាព ដោយចុងក្រោយបានត្រឹមតួរង។
មិនបាន១អាទិត្យផង ដេវីណា ស្រាប់តែសម្រេចចិត្តលាឈប់បោះបង់ចោលតំណែងនេះភ្លាមៗ ជាមួយការបង្ហោះពាក្យពេចន៍ខ្លះ ទាំងធ្វើអោយអ្នកតាមដានចង់ដឹងហេតុផលជ្រៅជាងនេះ និងសុំការបកស្រាយលម្អិត។
ក្រោយមិនបានជាប់តំណែងជាម្ចាស់ជ័យលាភី មកុដ បវរកញ្ញាអ្នកស្រឡាញ់ភេទដូចគ្នា កម្ពុជា ២០២៣ របស់ ដេវីណា បង្កអោយក្រុមអ្នកលេងបណ្តាញសង្គមមានការមិនអស់ចិត្ត និងនៅតែមើលឃើញថា ដេវីណា ក៏សមក្លាយជាតួឯករដូវកាលនេះ។ អ្វីៗបានកើតឡើងហើយ ដោយលទ្ធផលប្រកាសពេញទូទាំងប្រទេស ម្ចាស់មកុដធំបានទៅលើ កញ្ញា ម៉ៃ យ៉ា ដែលមានប្រវត្តិតស៊ូប្រកួតប៉ុន្មានដង ហើយខិតខំ៣ឆ្នាំទំរាំឃើញស្នាមញញឹមពិតប្រាកដ។
នៅលើបណ្តាញសង្គមរបស់កញ្ញា ដេវីណា បានបង្ហោះនូវប្រយោគមួយចំនួនថា «នាងខ្ញុំ ដេវីណា ម្ចាស់ពាន Miss queen cambodia 2023 ចំណាត់ថ្នាក់ first runner up ខ្ញុំបានលាលែងពីតំណែងជាផ្លូវការហើយ សូមថ្លែងអំណរគុណម្តងទៀត ដល់បងប្អូនអ្នកគាំទ្រ មិត្តភក្តិ និងក្រុមគ្រួសារដែលតែងតែមានការគាំទ្រលើកទឹកចិត្តរូបនាងខ្ញុំ»។
ភាពរំជើបរំជួលខាងលើនេះ មិនដឹងថា តើខាងផ្នែកអ្នកគ្រប់គ្រងការប្រកួតមានមតិយោបល់ ឬប្រតិកម្មបែបណានោះទេ? ដែលផ្ទុះឡើងរឿងយ៉ាងលឿនបែបនេះ ។ ឯអ្នកខមមិនខ្លះសោកស្តាយការតស៊ូ ចុងក្រោយបានត្រឹមតែ បោះបង់។