ភ្នំពេញ ៖ ទីបំផុតការខិតខំយ៉ាងយកចិត្តទុកដាក់លើវិញ្ញាសាប្រកួតប្រជែងរបស់ស្រីស្អាត រតនា សុខាវត្តី បានទទួលជោគជ័យហើយ នៅឆ្នាំដំបូងនៃក្នុងកម្មវិធី Miss Eco International ហើយស្រីស្អាត វត្តី អាចដណ្តើមបានជ័យលាភី 3rd Runner Up Miss Eco International 2023 មកជូនបងប្អូន និងប្រទេសកម្ពុជាយើង។ នេះជាការសាងបានប្រវត្តិល្អមួយទៀត នៅលើវិស័យបវរកញ្ញាក្នុងប្រទេសកម្ពុជា។
ប្រជាពលរដ្ឋកម្ពុជា និងក្រុមអ្នកតាមដានមានការរំភើបចិត្ត ដែលបេក្ខភាពរបស់ជាតិខ្លួន ពិតជាមានសមត្ថភាព ហើយអាចជែងគេឯងយ៉ាងក្លាហាន។ ស្រីស្អាត វត្តី តំណាងអោយកម្ពុជាឈ្នះ 3rd runner up Miss Eco International 2023 នៅឯប្រទេស Egypt កាលពីយប់ទី៣ ខែមីនា ឆ្នាំ២០២៣។ កញ្ញា រតនា សុខាវត្តី បានជាប់ចូលចំណាត់ថ្នាក់កំពូលទាំង៥ ដោយមានបេក្ខភាពចូលរួមប្រកួតជិត៥០ប្រទេស។ មុនចូល Top5 កំពូល ស្រីស្អាត វត្តី បានឆ្លងកាត់វគ្គ Top 21 និង Top 12 ហើយរឹតតែធ្វើអោយនាងញាប់ញ័របំផុតដែលពិធីការិនី ប្រកាសឆ្លងដល់ Top5 ស្ទើរតែគាំងបេះដូងតែម្តង។
នាងជា Miss Eco international Cambodia 2023 តំណាងកម្ពុជា ទៅប្រកួតលើកដំបូង ហើយអាចយកឈ្នះចិត្តគណៈកម្មាការ រហូតទទួលភាពញញឹមជូនជាតិត្រឡប់មកវិញ ស្ទើរមិនគួរអោយជឿ ព្រោះក្នុងចិត្តបានត្រឹមតែខិតខំយកចិត្តទុកដាក់លើប្រភេទវិញ្ញាសារ ដែលបានដាក់ជូនពីក្រុមអ្នកតាមដាក់ពិន្ទុ។ ស្រីស្អាត វត្តី បានឆ្លងឆ្លើយនូវសំណួរជាភាសាអង់គ្លេសបានយ៉ាងរលូន មិនទាក់មិនទើរគ្រប់វគ្គ ចូលដល់ចំណុចល្អៗប្រកបដោយស្នាមញញឹម ភាពជឿជាក់ ម៉ឺងមាត់ អត់ភ័យតែម្តង ដែលធ្វើអោយគណៈកម្មាការក្របួចមាត់កត់ចំណាំបន្តទៀត។
ពិតជាអស្ចារ្យ ដែលស្ត្រីកម្ពុជាមួយដួងទៀត ធ្វើអោយពិភពលោកមានការភ្ញាក់ផ្អើល ហើយកោតសរសើរ និងភាពឆ្លាតវៃ មិនចាញ់គេ រហូតទទួលបានជ័យលាភីកំពូលលើលោក។ នេះជាការធ្វើអោយសាកលលោកស្គាល់កម្ពុជាបន្តទៀត ដែលមានធនធានក្នុងស្រុកមិនចាញ់គេ ហើយឆ្លាតពូកែ និងយល់សាច់ការប្រកួតប្រជែងលើឆាកអន្តរជាតិ ក្លាយជាម្ចាស់ពាន ឬម្ចាស់មកុដបាន។ ការខិតខំប្រឹងប្រែងមួយរបស់រតនា សុខាវត្តី ស្រីស្អាតដ៏ពូកែ តស៊ូយកឈ្នះបាន ទាំងមុខមាត់កិត្តិយសជាតិ។
រតនា សុខាវត្តី ធ្លាប់ជាជ័យលាភីលំដាប់រងទី៣ នៃបវរកញ្ញាចក្រវាលកម្ពុជា ឆ្នាំ២០២២ នាងបានសម្តែងការថ្លែងអំណរគុណដល់បណ្តារអ្នកគាំទ្រ ជាពិសេសក្រុមគ្រួសារ និងមិត្តភក្តិ ដែលបានជួយផ្តល់កម្លាំងចិត្ត និងផ្តល់ជាមេរៀនល្អៗដល់រូបនាងអោយទទួលបានចំណាត់ថ្នាក់ល្អ។ រំភើបខ្លាំងណាស់ ស្រីស្អាត វត្តី ស៊ូណាស់ម្នាក់ឯងហោះទៅអេហ្ស៊ីប ជួបបញ្ហាក៏ច្រើននៅតាមផ្លូវ មិនហ៊ាននិយាយ គេងមិនបានគ្រប់គ្រង បាយមិនទៀង ក្តៅហត់។ ទីបំផុត ស្រីស្អាត វត្តី ធ្វើបានសម្រេច នេះហើយនឹងទទួលបានមកវិញជាក់ជាមិនខាន។
គួរបញ្ជាក់ថា ចំណត់ថ្នាក់លេខ១ Miss Eco International 2023 បានទៅប្រទេសវៀតណាម, លេខ២ បានលើទៅលើប្រទេសនីហ្សេរីយ៉ា, លេខ៣ បានទៅលើប្រទេសម៉ូរីស, លេខ៤ បានទៅលើប្រទេសកម្ពុជា និងលេខ៥ បានទៅលើប្រទេស អេក្វាឌ័រ។