ភ្នំពេញ ៖ ផ្ទុះការកោតសរសើរចំពោះ កុមារី ណាណា ដោយហ្វេនៗមួយចំនួនដែលតាមដានប្រាកដជាបានស្គាល់អូនតូចរូបនេះហើយ ដែលតែងតែមានចិត្តជ្រះថ្លាក្នុងការធ្វើបុណ្យ ហើយជារៀងរាល់ថ្ងៃសីល ទំនេរពីការសិក្សា ក្មេងស្រីតូចរូបនេះតែងតែមកវត្តធ្វើបុណ្យដូចជាមនុស្សចាស់ៗ ទាំងដែលខ្លួនប្អូនមានវ័យទើបតែ៦ឆ្នាំតែប៉ុណ្ណោះ។
ជាការកត់សម្គាល់ រាល់ការធ្វើបុណ្យរបស់អូនណាណា បានធ្វើអោយលោកយាយ លោកតា អ៊ុំពូមីងកោតសរសើរមិនដាច់ពីមាត់នោះទេ ពោលគឺការធ្វើបែបនេះ ជាការចែករំលែកនូវទង្វើល្អៗ ជាគំនូរដល់សង្គម និងប្រទេសជាតិ។
ប្រាកណាស់ ទាក់ទងជាមួយអូនណាណា មហាជនពិតជាចង់ជ្រាបហើយថា តើក្មួយស្រីរូបនេះ មូលហេតុអ្វីបានចូលចិត្តធ្វើបុណ្យ ចូលចិត្តទៅវត្ត ស្តាប់ការទេសនាប្រៀនប្រដៅរបស់ព្រះសង្ឃដូច្នេះ?
តាមរយៈបទសម្ភាសន៍ជាមួយសារព័ត៌មានកោះសន្តិភាពដោយប្អូនស្រី គូ ហេណា ហៅណាណា បាននិយាយថា ប្អូនចូលចិត្តស្រឡាញ់ការធ្វើបុណ្យដោយមូលហេតុថា ការធ្វើបុណ្យអោយមនុស្សមានសេចក្តីសុខ ចេះចែករំលែក ចេះអធ្យាស្រ័យអត់អោនអោយគ្នា ទទួលយកព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទីពឹងអាស្រ័យ។
លើសពីនេះ អូនណាណា ដែលមានវ័យទើបតែ៦ឆ្នាំរូបនេះ បានបន្ថែមថា ដោយប្អូនឃើញថាមនុស្សជាច្រើនតែងតែជួបបញ្ហា ជួបទុក្ខលំបាក ដូច្នេះទើបបានជាប្អូនតែងតែធ្វើបុណ្យជាមួយម៉ាក់ តាយាយនារៀងរាល់ថ្ងៃសីលដូច្នេះ។ ក្រៅទទួលបានភាពស្ងប់សុខក្នុងចិត្ត ប្អូនថាយើងក៏ទទួលបាននូវភាពស្រស់ថ្លា ភាពសុខសប្បាយ ក៏ដូចជាសុខសុភមង្គលក្នុងក្រុមគ្រួសារផងដែរ។ លើសពីនេះ ការធ្វើបុណ្យរបស់ប្អូនណាណា ប្អូនស្រីរូបនេះបានធ្វើជាយូរមកហើយ ដោយអោយតែពេលទំនេរពីការសិក្សា ទំនេរពីការងារ ប្អូនតែងអោយម៉ាក់ជូនទៅវត្តជានិច្ចជាកាលរៀងរាល់ថ្ងៃឈប់សម្រាក។
បើតាមបទសម្ភាសន៍ជាមួយអ្នកស្រី តិច សុខលីន ដែលត្រូវជាម្តាយរបស់អូនណាណា បាននិយាយឱ្យដឹងថា អ្នកស្រីពិតជាសប្បាយចិត្តណាស់ ដែលមានកូនស្រីមានចិត្តជ្រះថ្លា ចេះយកបុណ្យទានជាទីពឹងពាក់ដូច្នេះ។ អ្នកស្រីថា ការធ្វើបុណ្យជារឿងមួយដ៏ល្អសម្រាប់ខ្លួនអ្នកស្រី និងក្រុមគ្រួសារ តែអ្វីដែលបានជំរុញចិត្តអោយកាន់តែចង់ធ្វើបុណ្យអោយកាន់ច្រើនបន្ថែមនោះ គឺកូនណាណាផ្ទាល់ ដែលតែងអោយម្តាយជូនខ្លួនទៅវត្តនាពេលថ្ងៃសីល និងពេលមានពិធីបុណ្យទានផ្សេងៗ។
អ្នកស្រី តិច សុខលីន ដែលជាម្តាយបានប្រាប់មូលហេតុទាក់ទងជាមួយការធ្វើបុណ្យរបស់ណាណា ដោយហេតុថា កាលពីកន្លងទៅ អ្នកស្រីបានទៅបុណ្យស.ពគេ ដោយអ្នកស្រីបានប្រាប់កូនថា ស្លា.ប់ទៅពុំអាចយកអ្វីទៅបាននោះទេ ដូច្នេះហើយចាប់តាំងពីថ្ងៃនោះមក កូនអ្នកស្រីតែងតែធ្វើបុណ្យ ទៅវត្តប្រកាន់ភាពស្មោះត្រង់ដោយទង្វើល្អ។
ក្រៅពីការរៀបរាប់ខាងលើ អ្នកស្រីបានពោលបន្តថា ទាក់ទងជាមួយការធ្វើបុណ្យនេះទៀតសោត ក៏មានលោកតា លោកយាយ បងប្អូន ជាពិសេសហេ្វនៗអូនណាណាជាច្រើនតែងសរសើរពីកូនរបស់អ្នកស្រី។ អ្នកស្រី តិច សុខលីន ដែលជាម្តាយបានបន្ថែមថា ការអប់រំកូនជារឿងដ៏សំខាន់ ដូច្នេះត្រូវណែនាំកូនប្រកបដោយទសពិធរាជធម៌ ទើបជាការអប់រំដល់កូនប្រកបដោយប្រសិទ្ធភាព៕