ភ្នំពេញ ៖ ប្រិយមិត្ត និងបងប្អូន ដែលតែងតែតាមដានបណ្តាញសង្គមហ្វេសប៊ុក កន្លងមក ធ្លាប់បានដឹងលឺថា តារាចម្រៀងប្រុសវ័យក្មេងដ៏ស្រស់សង្ហា គឺលោក ថៃ អតិជាតិបុត្រ និងតារាសម្តែងស្រីឆ្នើម និងសិចស៊ី គឺកញ្ញា ដួង ម៉ានិច តែងតែបង្ហាញភាពផ្អែមល្អែមស្និទ្ធស្នាលដូចគូស្នេហ៍។ តែអ្វីដែលសំខាន់នាពេលនេះ ស្រាប់តែលោក ថៃ អតិជាតិបុត្រ បែរជាបង្ហើបថា បេះដូងរបស់លោក គឺមានម្ចាស់គ្រប់គ្រងហើយ តែមិនមែនកញ្ញា ដួង ម៉ានិច ទេ។
បុរសសង្ហា ថៃ អតិជាតិបុត្រ បញ្ជាក់ច្បាស់ៗថា និយាយពីទាក់ទងជាមួយកញ្ញា ដួង មានិច្ច វិញ គឺមិនមែនជាទំនាក់ទំនងស្នេហាបុរសស្រីវ័យខុសគ្នាអ្វីនោះទេ ព្រោះកន្លងមក ភាពផ្អែមល្អែម និងស្និទ្ធស្នាលនោះ គឺគ្រាន់តែរឿងរ៉ាវក្រៅឆាកតែប៉ុណ្ណោះ លើសពីនេះ រឿងស្នេហារវាងលោក និងស្រីស្រស់ ដួង ម៉ានិច កន្លងមក គ្រាន់តែជាការផ្គូរផ្គងរបស់មហាជន និងអ្នកគាំទ្រតែប៉ុណ្ណោះ។
យ៉ាងណាមិញ តារាចម្រៀងសម្លេងផ្អែមលោក ថៃ អតិជាតិបុត្រ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាកាលពីឆ្នាំ២០១៧ តែបែរបាត់មុខពីសិល្បៈ ដោយមិនដែលឃើញតារាចម្រៀង អតិជាតិបុត្រ ចេញនូវបទចម្រៀងថ្មីបន្តទៀតសោះ ត្រង់ចំណុចនេះ មហាជនជាច្រើនមានការងឿងឆ្ងល់ជាខ្លាំងទាក់ទងជាមួយការបាត់មុខនេះ។
ប្រាកដណាស់ អ្វីក៏ដោយធ្វើការលាក់បាំងពុំជិតនោះទេ មានផ្លូវចូលប្រាកដជាមានផ្លូវចេញ។ ថ្មីៗនេះ តាមរយៈបទសម្ភាសន៍ជាមួយសារព័ត៌មានកោះសន្តិភាព បុរសសង្ហា ថៃ អតិជាតិបុត្រ បានធ្វើថ្លែងប្រាប់ថា លោកគ្រោងនឹងចូលសិល្បៈវិញនាពេលខាងមុខឆាប់ៗនេះ និងនាំមកជាមួយនូវអ្វីដែលប្លែកសម្រាប់បងប្អូនមហាជនផងដែរ។
បើទាក់ទងជាមួយការបាត់មុខពីវិថីសិល្បៈ លោក អតិជាតិបុត្រ បានបន្ថែមថា លោកមានការមមាញឹកជាមួយការងារអចលនទ្រព្យ ដូច្នេះហើយទើបបានជាលោកបាត់មុខពីសិល្បៈមួយខ្យល់ធំដូច្នេះ។ បើទាក់ទងជាមួយទំនាក់ទងស្នេហាវិញ លោកក៏បានបង្ហើបថា នាពេលនេះ លោកអាចមានទំនាក់ទំនងជាមួយនារីដ៏ស្រស់សោភាម្នាក់ ដោយលោកបានបង្ហើបថា នារីដែលអាចជាគូរគ្រងជាមួយលោក អាចមានអាយុប្រហាក់ប្រហែលលោកដែរ។
លើសពីនេះ លោកបានបន្តថា មនុស្សដែលស្រឡាញ់ មិនមែនជាមនុស្សនៅក្នុងរង្វង់សិល្បៈនោះទេ ដោយនារីម្នាក់នោះជាអ្នករកស៊ី។ បើទាក់ទងជាមួយកញ្ញា ដួង មានិច្ចវិញ លោកក៏បានបង្ហើបថា គ្រាន់តែរឿងរ៉ាវក្រៅឆាកតែប៉ុណ្ណោះ លើសពីនេះ ស្នេហាកន្លងមក គ្រាន់តែជាការផ្គូរផ្គងរបស់មហាជនតែប៉ុណ្ណោះ។
បើទាក់ទងជាមួយដំណើរការនៃការផលិតនៅបទ «គ្រាស្នេហ៍» វិញ លោក ម៉ិល សុចិត្ត្រា ហៅ Emo ដែលធ្លាប់សម្រួលបច្ចេកទេសភ្លេចបានពោលថា «និយាយអំពីប្រវត្តិ និងដំណើរការផលិតបទ «គ្រាស្នេហ៍» ជាការនិពន្ធទំនុកចម្រៀង និងមេឡូឌីដោយប្អូន ថៃអតិជាតិបុត្រ និពន្ធបទភ្លេង និងបច្ចេកទេសសម្លេងដោយខ្ញុំបាទ Emo កាលពីប្រាំឆ្នាំមុន។ បទមួយនេះធ្លាប់ទទួលបានការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ពីសំណាក់ទស្សនិកជន ជំនាន់នឹងផ្លូវមកផ្ទះខ្ញុំឆ្ងាយក្តៅហ៊ុយខ្លាំង ប៉ុន្តែអ្វីដែលខ្ញុំនឹកស្មានមិនដល់គឺថា ប្អូនបុត្រ ជិះម៉ូតូទាំងកណ្តាលថ្ងៃត្រង់ម៉ោងប្រហែល១២។ គាត់បានមកថតសម្លេងនៅស្ទូឌីយោរបស់ខ្ញុំ ដោយគ្មានឮរអ៊ូថា ក្តៅ ហុយដី សូម្បីតែបន្តិច ប្អូនបុត្រ ជាមនុស្សតស៊ូអត់ធ្មត់ក្នុងវិស័យសិល្បៈនេះ ជាចុងក្រោយមកដល់ថ្ងៃនេះខ្ញុំនៅតែទទូចអោយប្អូនប្រុសត្រឡប់មកវិញ ជាមួយបទចម្រៀងថ្មីបែបមនោសញ្ចេតនាតទៅទៀត»។
តាមរយៈបទសម្ភាសន៍ជាមួយសារព័ត៌មានកោះសន្តិភាព ដោយ Emo Composer ដែលមានឈ្មោះពិតថា ម៉ិល សុចិត្ត្រា ដែលជាអ្នកជំនាញខាងទំនុកចម្រៀង និងទំនុកភ្លេង ហើយលោកក៏ជាកវីនិពន្ធនៅបទល្បីៗជាច្រើនផងដែរ។
ប្រាកដណាស់ ទាក់ទងការផលិតបទ «គ្រាស្នេហ៍» ឡើងវិញ ដោយមូលហេតុថា លោកចង់នាំអារម្មណ៍របស់មហាជនអោយទទួលនៅអ្វីដែលថ្មីបន្តទៀតជាមួយសាច់ភ្លេងថ្មី និងធ្វើអោយសម្រិតសម្រាំងជាងមុនបន្តទៀត ព្រោះកាលពីបទ «គ្រាស្នេហ៍» ចេញដំបូងទទួលបានការគាំទ្រប៉ុណ្ណឹងហើយ ចុះទម្រាំនាពេលបច្ចុប្បន្ននេះ មានឧបករណ៍ភ្លេងទំនើបៗ មិនដឹងថា ទទួលបានការគាំទ្រប៉ុណ្ណាទៅ។
ទាក់ទងជាមួយដំណើរការផលិតឡើងវិញនេះ លោក Emo សង្ឃឹមថា នឹងទទួលបាននៅការគាំទ្រយ៉ាងច្រើនបន្តទៀត។ បើទាក់ទងជាមួយការបាត់ខ្លួនរបស់លោក ថៃ អតិជាតិបុត្រវិញ លោក Emo ក៏បានទម្លាយថា តារាចម្រៀងរូបនេះ មានការងារជាច្រើនដែលតារារូបនេះត្រូវធ្វើ ដូច្នេះហើយទើបបានជាតារាចម្រៀងរូបនេះបានមុខទាំងដែលកំពុងទទួលបានការគាំទ្រដូច្នេះ។
ទាក់ទងជាមួយបទ« គ្រាស្នេហ៍» នេះ ទោះបីជាកន្លងទៅ៥ឆ្នាំក៏ដោយ ក៏បទមួយនេះនៅតែមានការពេញចិត្ត ដោយការគាំទ្រពីសំណាក់មហាជនយ៉ាងច្រើនកុះករ។ ជាចុងក្រោយ លោក ម៉ិល សុចិត្ត្រា ហៅ Emo អរគុណដល់បងប្អូនមហាជន សម្រាប់ការគាំទ្រនៅការតែងនិពន្ធរបស់លលោក ហើយក្រៅពីបទ «គ្រាស្នេហ៍» ក៏មានបទដែលលោកតែងនិពន្ធល្បីជាច្រើនទៀតផងដែរ ដូចជាបទ «ខ្ញុំលែងត្រូវការស្នេហា» បទ «Queen» របស់ទេព បូព្រឹក្ស និងបទ«មនុស្សកំដរ» ជាដើម៕