ភ្នំពេញ ៖ តារាសម្ដែង ពៅ លីដា និងប្អូនប្រុសនាងលោក ពៅ ពិសិដ្ឋ និងកញ្ញា ពៅ មករា បានរៀបចំធ្វើបុណ្យបច្ច័យបួនចម្រើនព្រះជន្ម ស្រោចស្រពព្រះសុគន្ធវារី និងឆាកមហា បង្សុកូល ជូនឧបាសិកា ហ៊ែល គឹមយ៉េត, លោកឪពុកធំ អោក មឿន, អ្នកម្ដាយ ឈិត សារ៉ាត់ ហៅស្រី និងឧទ្ទិសមហាកុសលដល់ញាត្តិមិត្តទាំង៧សន្ដាន ដែលពិធីនេះរៀបចំកាលពីថ្ងៃទី៥ខែមករា ឆ្នាំ២០២២ នៅផ្ទះលេខ២០-២២ ស្ថិតក្នុងបុរីជីពម៉ុង ផ្លូវជាសុផារ៉ា(៥៩៨) សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ស្រីស្អាត ពៅ លីដា បានឲ្យដឹងថា នាងសប្បាយចិត្ដណាស់បានធ្វើបុណ្យជូនអ្នកមានគុណដែលពិធីនេះធ្វើទៅតាមក្បួនខ្នាតត្រឹមត្រូវទាំងអស់ អត់មានរំលងត្រង់ចំណុចណានោះទេ។ តារាសម្ដែងរូបស្រស់រូបនេះថា ការគម្រោងធ្វើបុណ្យនេះមានជាយូរខែមកហើយ តែការសម្រេចគឺទើបតែរយៈពេល១ខែចុងក្រោយនេះប៉ុណ្ណោះ ហើយក្នុងនាមសិល្បករម្នាក់នាងសូមផ្ដាំផ្ញើដល់បងប្អូនថា «ធ្វើបុណ្យទាន់ខែភ្លឺ» គឺល្អបំផុត ព្រោះបើអ្នកមានគុណយើងដេកដួលញ៉ាំលែងបានហើយ ទើបធ្វើបុណ្យគឺមានន័យថាយឺតពេលទៅហើយ អ៊ីចឹងបើចង់សងគុណពួកគាត់គួរធ្វើអ្វីដែលល្អៗទាន់គាត់នៅឃើញស្ដាប់បានញ៉ាំឆ្ងាញ់។
ដោយឡែក លោក ពៅ ពិសិដ្ឋ វិញ ក៏បង្ហាញអារម្មណ៍រំភើបដែលលោកបានធ្វើបុណ្យឲ្យអ្នកមានគុណសម្រេចដូចបំណងនាពេលនេះដែរ ដែលលោកអះអាងថា ពិធីនោះបានរៀបចំតាមបែបព្រះពុទ្ធសាសនាទាំងអស់ ហើយក៏មានពិធីសុំខមាទោសដល់មានគុណផងដែរ ប្រសិនណាលោកក៏ដូចជាកូនចៅធ្វើអ្វីខុសឆ្គង។
លោកពិសិដ្ឋ ក៏មិនខុសពី លីដា ដែរ ដោយបានផ្ដាំដល់ប្អូនៗយុវវ័យថា កុំចាំដល់អ្នកមានគុណដេកក្រោកលែងរួចហើយទើបចង់ធ្វើបុណ្យ នោះគឺហួសពេលហើយ ហេតុនេះលោកថាទោះរវល់យ៉ាងណាគួរតែធ្វើឬតបស្នងឲ្យទាន់ពេលដែលអ្នកមានគុណនៅញ៉ាំឆ្ងាញ់ដើរបាន ស្ដាប់ឮ គឺដូចជាលោកបានត្រៀមរៀបចំពិធីនេះជាយូរខែណាស់មកហើយ ទើបតែពេលនេះធ្វើបានដូចបំណងធ្វើឲ្យលោកមានអារម្មណ៍ ស្រស់ថ្លាក្នុងចិត្ត។
ពៅ លីដា បន្ថែមថា ទាំងរូបនាង និងប្អូនប្រុស តាមពិតម្ដាយនាងចង់ឲ្យធ្វើជាតារាចម្រៀងទេ ប៉ុន្ដែឱកាស និងពេលវេលាធ្វើឲ្យនាងនិងប្អូនក្លាយជាតារាសម្ដែង ហើយម្ដាយនាងក៏សប្បាយចិត្ត។ នាងថា បានផ្អាកការងារសិល្បៈរយៈពេល២ឆ្នាំ ព្រោះតែពត់ធ្មេញ និងកូវីដ២ឆ្នាំ សរុបខាតពេលអស់៤ឆ្នាំ ប៉ុន្ដែចាប់ពីពេលនេះតទៅ នាងទទួលការងារសិល្បៈដូចដើមឡើងវិញហើយ។
ដោយឡែកលោក ពៅ ពិសិដ្ឋ ដែលជាតារាសម្ដែង និងពិធីករផងនោះបានឲ្យដឹងថា លោកកំពុងថតភាពយន្ដបែបប្រវត្តិសាស្ដ្រមួយឲ្យហង្សមាស ប៉ុន្ដែមិនទាន់បានប្រាប់ឲ្យម្ដាយដឹងរឿងនោះទេ គឺចាំពេលភាពយន្ដនោះចេញនឹង Surprise គាត់តែម្ដង។ យ៉ាងណា លោក ពិសិដ្ឋ បានបង្ហើបថា ភាពយន្ដដែលលោកមានមោទនភាពក្នុងការសម្ដែងនោះ គឺរឿង «ជ័យវរ្ម័នទី៧» ។