ភ្នំពេញ ៖ ស្ងាត់ៗ ស្រាប់តែលេចឮដំណឹងថា តារាអ្នកស្រឡាញ់ភេទដូចគ្នា កក្កដា សុភ័ណ្ឌ និងលោកគ្រូអាគ្គីនេត្រ បានដាក់ពាក្យចូលរួមប្រកួតបវរកញ្ញាមួយ ដែលបង្កើតជាការភ្ញាក់ផ្អើលពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមយ៉ាងភ្លូកទឹកភ្លូកដី ព្រោះតែសម្រស់របស់អ្នកទាំងពីរ ប្រែប្រួលមួយទំហឹងមើលសឹងតែមិនស្គាល់ នៅក្នុងរូបភាពតុបតែងកាយជាមនុស្សស្រី លាបក្រែបផាត់ម្ស៉ៅ បញ្ចេញសម្រស់យ៉ាងផូរផង់។
ប្រាកដណាស់ នៅពេលដែលគេបានឃើញអ្នកទាំងពីរ ទាំង កក្កដា សុភ័ណ្ឌ និងលោកគ្រូ អាគ្គីនេត្រ ដាក់ពាក្យចូលរួមការប្រកួតកម្មវិធីប្រកួតសម្រស់ខាងលើ គឺបានធ្វើអោយមហាជនអ្នកគាំទ្រផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ដោយបងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមខ្លះបានសម្តែងនូវការហួសចិត្តជាខ្លាំង ប៉ុន្តែទន្ទឹមនឹងនោះ ក៏មានប្រើប្រាស់បណ្តាញសង្គមខ្លះបានចូលរួមគាំទ្រ និងចូលរួមអបអរសាទរជុំវិញការប្រកួតមួយនេះផងដែរ។
មែនទែនទៅកន្លងមក ពុកម៉ែបងប្អូនធ្លាប់តែបានឃើញទាក់ទងនឹងការប្រកួតបុរសឯក និងកញ្ញាឯក ប៉ុន្តែឥឡូវនេះ កម្មវិធីប្រកួតសម្រស់មួយនេះ ដែលមានវត្តមានរបស់តារាហ្វេសប៊ុក កក្កដា សុភ័ណ្ឌ និងលោកគ្រូ អាគ្គីនេត្រ គឺជាកម្មវិធីប្រកួតសម្រស់មួយរៀបចំឡើងសម្រាប់បងប្អូនអ្នកស្រលាញ់ភេទដូចគ្នា ចូលរួមប្រកួតប្រជែងដណ្តើមមកុដបវរកញ្ញាឯក បង្កើតបានជាចំណីអារម្មណ៍ថ្មី ប្លែក ដែលជាការប្រកួតមួយនេះកម្រនឹងមានពីមុននោះមក សម្រាប់អ្នកគាំទ្រកម្ពុជា។
កម្មវិធីប្រកួតសម្រស់ Miss Queen Cambodia 2023 ដែលតារាអ្នកស្រឡាញ់ភេទដូចគ្នា នឹងចូលរួមប្រកួត មិនត្រឹមតែឃោសនាអំពីការប្រកួតនេះនោះទេ តែថែមទាំងបញ្ចេញសារជម្រុញលើកទឹកចិត្តអ្នកស្រឡាញ់ភេទដូចគ្នា និងស្នើសុំសង្គមឱ្យ «ចូលរួមលុបបំបាត់ការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នាក្នុងសង្គម» ថែមទៀតផង។
តាមរយៈបទសម្ភាសន៍ជាមួយសារព័ត៌មានកោះសន្តិភាព តារាអ្នកស្រឡាញ់ភេទដូចគ្នា កក្កដា សុភ័ណ្ឌ បានពោលឱ្យដឹងថា រូបនាងពិតជាសប្បាយរីករាយជាខ្លាំងក្រោយបានប្រឡង និងដាក់ពាក្យប្រកួតសម្រស់នៅក្នុងកម្មវិធីមួយនេះ។
កក្កដា សុភ័ណ្ឌ ដែលជាអ្នកស្រលាញ់ភេទដូចគ្នា និងតែងតែបង្ហាញវីដេអូក្នុងបណ្តាញសង្គមហ្វេសប៊ុក អំពីការចម្អិនម្ហូបឆ្ងាញ់ជូនមនុស្សជាទីស្រលាញ់របស់នាង រហូតនាងហៅថា «ប្តី» ពេញៗមាត់នោះ បានពោលបញ្ជាក់ច្បាស់ៗថា ប្រសិនបើខ្លួននាងជាប់ក្លាយជាម្ចាស់ពាននោះតារារូបនេះនឹងមិនយកប្រាក់រង្វាន់នោះឡើយ ដោយមូលហេតុថា តារាវ័យ២២ឆ្នាំរូបនេះចង់ចែករំលែកនូវក្តីសង្ឃឹម និងស្នាមញញឹមដល់ន្ទីរពេទ្យគន្ធបុប្ផា ដោយសាររូបនាងនឹងយកប្រាក់ទាំងអស់ដែលឈ្នះពីការប្រកួតទៅបរិច្ចាគសម្រាប់មន្ទីរពេទ្យ និង២០ភាគរយទៀតសម្រាប់គ្រួសារក្រីក្រ ដែលមានជីវភាពលំបាក។ តារាអ្នកស្រឡាញ់ភេទដូចគ្នា កក្កដា សុភ័ណ្ឌ បានបន្តថា ខ្លួនពិតជាមិននឹកស្មានដល់នោះទេ ដែលបានចូលរួមប្រកួតកម្មវិធីសម្រស់នេះ។
នៅពេលសាកសួរថា តើនាង កក្កដា សុភ័ណ្ឌ មានសង្ឃឹមយកឈ្នះការប្រកួតសម្រស់នេះកម្រិតណាដែរ?
តារាអ្នកស្រឡាញ់ភេទដូចគ្នា យើងលើកឡើងថា នាងក៏មិនសូវជាសង្ឃឹមច្រើននោះដែរ។ ប៉ុន្តែតារាម្ភៃឆ្នាំស្តើងរូបនេះថា នឹងព្យាយាមជាមួយការប្រកួតមួយនេះឱ្យបានល្អ ព្រោះនេះជាឱកាសរបស់ខ្លួនហើយ ដូច្នេះត្រង់ចំណុចនេះខ្លួននឹងឈោងចាប់អោយជាប់ ដើម្បីយកជ័យជំនះមួយនេះ ដើម្បីកុមារកម្ពុជា។
កក្កដា សុភ័ណ្ឌ បានបន្ថែមថា អារម្មណ៍របស់ខ្លួនពេលនេះ ពិតជាពិបាកនឹងបរិយាយណាស់ ដោយនៅក្នុងការប្រកួត គឺមានបេក្ខភាពច្រើន ដូច្នេះតារារូបនេះអាចសង្ឃឹមតែ៥០ភាគរយតែប៉ុណ្ណោះ ដោយមូលហេតុមានបេក្ខជនច្រើនគួរសម ជាពិសេសពួកគេសុទ្ធសឹងតែជាបេក្ខភាពដែលខ្លាំងៗពោរពេញដោយសមត្ថភាពរៀងៗខ្លួន។
តាមរយៈកម្មវិធីមួយនេះ តារារូបនេះក៏ពុំធ្លាប់គិតថា នឹងមាន ជាការប្រកួតសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នាសម្រាប់ខ្លួននោះដែរ ដូច្នេះត្រង់ចំណុចនោះ តារារូបនេះបានគិតថា នេះជាការអោយតម្លៃសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា ព្រោះកន្លងមក អ្នកស្រឡាញ់ភេទដូចគ្នា ជាច្រើនធ្លាប់រងការមើលងា.យ និងការរើសអើងជាខ្លាំង ដូច្នេះតាមរយៈកម្មវិធីមួយសង្ឃឹមថា នឹងនាំគ្នាបញ្ឃប់ការរើសអើងសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា ព្រោះពួកគាត់ក៏មានគុណតម្លៃ និងកិច្ចការងារជួយដល់សង្គមជាច្រើនផងដែរ។
ងាកមកមើល លោក គ្រូ អាគ្គីនេត្រ វិញ បានអោយដឹងថា ទាក់ទងជាមួយការប្រកួតកម្មវិធីប្រកួតសម្រស់មួយនេះ លោកក៏មានក្តីសង្ឃឹមមិនខុសពីគ្នាប៉ុន្មាននោះដែរ ដោយលោកមានសង្ឃឹម៥០លើ៥០ ព្រោះតារារូបនេះគិតថាមានបេក្ខភាពជាច្រើនដែលមានសមត្ថភាពច្រើន ហើយសម្រាប់លោកផ្ទាល់ លោកក៏ពុំធ្លាប់មានសម្ថភាព ក៏ដូចជាបទពិសោធន៍ទាក់ទងជាមួយការប្រកួតមួយនេះនោះឡើយ ដោយហេតុតែលោកស្រឡាញ់ ទើបលោកសម្រេចចិត្តដាក់ពាក្យប្រកួតតែម្តង។
លោក គ្រូ អាគ្គីនេត្រ ដែលមានឈ្មោះពិត វ៉ាន់ សុខសីហា បានបង្ហើបបន្ថែមអោយដឹងថា ជុំវិញការប្រកួតមួយនេះ លោកក៏ត្រូវបានក្រុមគ្រួសាររបស់លោកជម្រុញ និងលើកទឹកចិត្តអោយចូលរួមប្រកួត ដោយក្រុមគ្រួសាររបស់លោកគិតថា លោកតែងជាមនុស្សស្រីមើលទៅសាកសម ហើយសម្រាប់លោកផ្ទាល់ក៏មានចំណង់ចំណូលចិត្តទៅខាងហ្នឹងផងដែរ។
លើសពីនេះ លោក វ៉ាន់ សុខសីហា ក៏បានបន្តថា ក្រៅពីក្រុមគ្រួសារមានការលើកទឹកចិត្ត ក៏មានសង្សាររបស់លោកជួយផ្តល់កម្លាំងចិត្តបន្ថែមផងដែរ។ ដូច្នេះការប្រកួតមួយនេះ គ្មានអ្វីជាឧបសគ្គសម្រាប់លោកនោះឡើយ តែអ្វីដែលជាបញ្ហា គឺលោកពុំសូវជឿជាក់លើខ្លួនឯង។
តារាវ័យ២៧ឆ្នាំ អាគ្គីនេត្រ រូបនេះបានបន្តថា ទោះបីជាខ្លួនលោកពុំសូវមានទំនុកចិត្តខ្ពស់ក៏ដោយ ក៏លោកនឹងយកសមត្ថភាព ក៏ដូចជាទេពកោសល្យដែលខ្លួនមានទាំងអស់ទៅបញ្ចេញនៅក្នុងកម្មវិធីមួយនេះ។ បើទាក់ទងជាមួយប្រាក់រង្វាន់វិញ ប្រសិនបើខ្លួនលោកអាចទទួលបានពិតមែន នោះលោកក៏យកប្រាក់រង្វាន់សម្រាប់ការជួយទៅដល់មន្ទីរពេទ្យគន្ធបុប្ផា និងជួយដល់ចាស់ជរាដែលមានជួយការខ្វះខាត ទីទាល់ក្រជាដើម។
ជាចុងក្រោយ តារាអ្នកស្រឡាញ់ភេទដូចគ្នា កក្កដា សុភ័ណ្ឌ និងលោកគ្រូ អាគ្គីនេត្រ ដែលមានឈ្មោះ វ៉ាន់ សុខសីហា ក៏បានផ្តាំផ្ញើអរគុណសម្រាប់មហាជនទាំងអស់គ្នាថា រាល់ការរិះគន់ និងការវែកញែករបស់មហាជន ដែលបានធ្វើអោយខ្លួនមានភាពល្បាញល្បី និងមានគេឯងស្គាល់ច្រើនដូច្នេះ៕





