ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាប និងដឹងច្បាស់រួចមកហើយថាក្មួយប្រុសរបស់តារាចម្រៀងដ៏ល្បីឈ្មោះ លោកព្រាប សុវត្ថិ គឺលោកឆៃ ដាពិសិដ្ឋ កំពុងតែមានទំនាក់ទំនងស្នេហាយ៉ាងស្អិតរមួត ជាមួយនឹងអតីតតារាសម្តែង អ្នកនាងសាត រស្មី។

ក្រោយពីទាក់ទងគ្នា អ្នកទាំងពីរក៏ត្រូវបានមហាជនមួយចំនួនបាននាំគ្នា និយាយពាក្យពេចន៍មិនសមរម្យជាច្រើន ព្រោះថានាងធ្លាប់មានស្វាមីម្តងរួចមកហើយ តែទោះជាមានពាក្យនិយាយប៉ះពាល់ដល់ពួកគេយ៉ាងណា អ្នកទាំងពីរនៅតែចាប់ដៃ ស្រលាញ់គ្នាដដែល។

មិនបានប៉ុន្មានផង ស្រាប់តែកាលពីពេលថ្មីៗនេះម្តាយក្មេកជាទីស្រលាញ់របស់តារាប្រុសកូន៣ លោកព្រាប សុវត្ថិ ក៏បានបញ្ចេញសារដ៏ខ្លី តែពិតជាមានអត្ថន័យជ្រាលជ្រៅ ចាក់ដោតដល់បេះដូងអ្នកចូលចិត្តរិះគន់ និងអ្នកចូលចិត្តនិយាយពីអតីតកាលរបស់តារារូបនេះអាចនឹងបើកភ្នែកធំបាន។ ដោយក្នុងនោះម្តាយរបស់តារារូបនេះបាន រៀបរាប់ថា៖

«កុំរំលឹកអតីតកាល សំខាន់បច្ចុប្បន្នមនុស្សដែលយើងស្រលាញ់ល្អហើយស្មោះ គ្រប់គ្រាន់ហើយ នេះជាសេចក្តីសុខរបស់គ្រួសារខ្ញុំ»។

បន្ទាប់ពីបានឃើញសារដ៏ខ្លីមួយនេះ បានធ្វើឲ្យមហាជនជាច្រើន ពិតជារំភើប និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលអតីតតារាសម្តែងស្រីរូបនេះមានសំណាង ក្លាយជាចៅប្រសារនៅក្នុងត្រកូលដែលយោគយល់ មិនប្រកាន់ច្រើន និងមិនគិតរឿងអតីតកាលរបស់នាងយ៉ាងដូច្នោះ មិនត្រឹមតែប៉ុណ្ណោះ មហាជនជាច្រើន ក៏បាននាំគ្នាសរសើរដល់លោកយាយ ដែលស្រលាញ់ចៅប្រសារខ្លាំងបែបនេះ៕ 

សូមទស្សនារូបភាពខាងក្រោមនេះ៖