អ្នកជោគជ័យជាច្រើនតែងតែនិយាយថាភាព​ជោគជ័យ និង​បរាជ័យ គឺ​នៅ​ឆ្ងាយ​ពី​គ្នា​ត្រឹមតែ​១​សរសៃសក់​ប៉ុណ្ណោះ តើ​ពិត​ឬ? អ្នក​ប្រកប​ជំនួញ តែង​មាន​សំណួរ​ជា​និច្ច​ថា « តើ​ធ្វើ​ដូច​ម្តេច​នឹង​អាច​លក់ទំនិញ ឬ​ឱ្យ​ជំនួញ​ទទួល​បាន​ជោគជ័យ » ។ ប៉ុន្តែ​ជា​ការ​ពិត រឿង​ដែល​សួរ​ទាំង​អស់នោះ គឺ​ស្ថិត​នៅ​លើ​គំនិត​របស់​អ្នក ។

មុន​នឹង​ចាប់ផ្តើម​ធ្វើ​ជំនួញ មនុស្ស​ជា​ច្រើន​មានគំនិត​តែ​ម្យ៉ាង​គត់ ហើយ​ក៏​អនុវត្ត​តែ​ម្តង​។ សំណាងល្អ ជំនួញ​នោះ​អាច​ទៅ​រួច​បាន​រយៈពេល​យូរ​បន្តិច ប៉ុន្តែ​សំណាងអាក្រក់ វា​មិន​អាច​ទៅ​រួច​តាំងពី​ពេល​ចាប់ផ្តើម​ដំបូង ហើយ​ក៏​ត្រឡប់​មក​គិត​ទៀត​ថា នឹង​ធ្វើ​អ្វី​ល្អ ។ ការ​ទៅ​ជា​បែប​នេះ ព្រោះតែ​អ្នក​គិត​មិន​ចប់ ហើយ​ត្រូវ​គិត​អ្វីខ្លះ​ទើប​ហៅ​ថា​ចប់ សម្រាប់​អ្នក​ប្រកប​មុខ​ជំនួញ​ថ្មី ។ នេះ​ជា​ការ​ចាប់ផ្តើម​អាជីវកម្ម ដោយ​យុទ្ធសាស្ត្រ «​គិតដល់​៧​ចំណុច​» ។

១) ខ្លួនឯង មានការ​ចាប់អារម្មណ៍​លើ​អ្វី និង​ចូល​ចិត្ត​អ្វី​ជា​ពិសេស ចូរ​ធ្វើ​ពី​ចំណង់​ចំណូលចិត្ត ឬ​ការ​ចាប់អារម្មណ៍​របស់​អ្នក ។ ការ​ចាប់អារម្មណ៍​នឹង​អាច​ធ្វើ​បាន​រយៈពេល​យូរ ព្រមទាំង​ផ្តល់​ពេលវេលា​បាន​ច្រើន ។ ដូច្នេះ គួរ​ចាប់ផ្តើម​ពី​គំនិត​របស់​ខ្លួន​ជា​មុន ។

២) ​អតិថិជន ការ​លក់ទំនិញ គឺ​ត្រូវ​គិតដល់​អតិថិជន សំណួរ​គឺ អតិថិជន​របស់​អ្នកជា​មនុស្ស​ក្រុម​ណា (​រឿង​នេះ​ប្រាប់​ពី​ការ​ចូល​ចិត្ត ឬ​មិន​ចូល​ចិត្ត ដែល​មាន​សារសំខាន់​យ៉ាង​ខ្លាំង​ដល់​ការ​សម្រេចចិត្ត​ទិញ ឬ​មិន​ទិញ​) ។ ពួក​គេ​មាន​ប្រាក់​ចំណូល​ប៉ុន្មាន (​គឺ​ប្រាប់​ពី​អំណាច​ក្នុង​ការ​ចាយ ដែល​ពាក់ព័ន្ធ​នឹង​ការ​កំណត់​តម្លៃ​របស់​អ្នក​) ។ អតិថិជន​ប្រើប្រាស់​ជីវិត​ប្រចាំ​ថ្ងៃ​នៅ​ទីណា​ភាគច្រើន (​ចំណុច​នេះ​ប្រាប់​ពី​ផ្លូវ​នៃ​ការ​ចំណាយ និង​លក់​នៅ​កន្លែង​ណា ទើប​ជួប​គ្នា​) ។

៣) ផលិតផល ឬ ​សេវាកម្មអ្នក​ត្រូវ​គិត​ពី​គុណភាព​ផលិតផល វិធី​នៃ​ការ​ចំណាយ ហាង​លក់ទំនិញ និង​ការ​ចែកចាយ​ផលិតផល ដែល​ទាំង​អស់នេះ​ទាក់ទង​នឹង​ឥរិយាបថ​របស់​អតិថិជន ។

៤) គូប្រជែង គ្មាន​មុខ​ជំនួញ​ណា ឬ​ទំនិញ​ណា​នៅ​លើ​ទីផ្សារ​ដែល​ជា​ទំនិញ​ថ្មី រហូត​ដល់​គ្មាន​គូប្រជែង​នោះ​ទេ​។ អ្នក​ត្រូវ​គិតដល់​គូប្រជែង និង​ចំណែក​ទីផ្សារ​រួម​របស់​ទំនិញ​ឬ​សេវាកម្ម ព្រមទាំង​តម្លៃ និង​គុណភាព​ទំនិញ​របស់​គូប្រជែង​ឱ្យ​បាន​ច្រើន ព្រោះ​វា​នឹង​ប្រាប់​ពី​ភាព​ខ្វះចន្លោះ​នៃ​ទីផ្សារ​ដល់​អ្នក ។

៥) បច្ចេកវិទ្យា បច្ចុប្បន្ន អតិថិជន​ស្ទើរតែ​ទាំងអស់​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​ជ្រើសរើស​ក្នុង​ការ​សម្រេចចិត្ត ។ ដូច្នេះ អ្នក​គួរតែ​គិតដល់​បច្ចេកវិទ្យា​ដែល​បាន​គ្របដណ្តប់​លើ​មុខ​ជំនួញ ។ បច្ចេកវិទ្យា​ផលិត នឹង​បង្កើត​ចំណុចខ្លាំង​ដល់​ទំនិញ ឬ​សេវាកម្ម ។ បច្ចេកវិទ្យា​ចាត់ចែង នឹង​ធ្វើ​ឱ្យ​ជំនួញ​មានការ​ចំណាយ​ទាប​ជាង​គូប្រជែង ។ បច្ចេកវិទ្យា​ចំណាយ នឹង​ធ្វើ​ឱ្យ​អ្នក​ចូល​កៀក​ដល់​អតិថិជន​បាន​ដោយ​ងាយ ឆាប់រហ័ស និង​ទូលំទូលាយ ។

៦) ​មិត្តភក្តិ មិត្តភក្តិ ក្លាយជា​រឿង​សំខាន់​ណាស់​ក្នុង​អាជីវកម្ម​បច្ចុប្បន្ន​នេះ ព្រោះ​សង្គម​បាន​ផ្លាស់​ប្តូរ​ជា​សង្គម​បែប​បណ្តាញ (Social Network) ដែល​ធ្វើ​ឱ្យ​អតិថិជន​និយម​ស្វែងរក​ព័ត៌មាន​ពី Social Media កាន់តែ​ច្រើន​ឡើង ។ ការ​ស្វែងរក​ព័ត៌មាន ឬ​សេវាកម្ម​ដំបូង គឺ​មិត្តភក្តិ​នឹង​ក្លាយជា​ប្រភព​ព័ត៌មាន​ដែល​អតិថិជន​ផ្តល់​ភាព​ជឿជាក់ ច្រើន​បំផុត ខណៈ​ដែល​មិត្តភក្តិ​នៅ​ក្នុង​បណ្តាញ​សង្គម គឺជា​អ្នក​ប្រាប់​បន្ត (Viral Marketing) ធ្វើ​ឱ្យ​ព័ត៌មាន​អំពី​ទំនិញ ឬ​សេវាកម្ម សាយភាយ​នៅ​ក្នុង​បណ្តាញ​សង្គម​បាន​យ៉ាង​ល្អ​បំផុត ។