(ពិចារណា)៖ លុយជាអ្វី? លុយគ្រាន់តែជាក្រដាស់ធម្មតា? បើលុយគ្រាន់តែជាក្រដាស់ធម្មតា ចុះហេតុអ្វីបានជាមនុស្សលើសកលលោកនេះខំប្រឹងឥតល្ហែដោយសារតែក្រដាស់លុយនោះ? ជាការពិតណាស់ លុយវាគ្រាន់តែជាក្រដាស់ដែលមនុស្សយើងបានផលិតនឹងបង្កើតវាឡើងតែប៉ុណ្ណោះ ។

ហើយក្រដាស់លុយនោះវាសំខាន់នឹងចាំបាច់ខ្លាំងណាស់នៅពេលដែលមនុស្សមានតម្រូវការទៅលើអ្វីមួយដែលគេគិតថាចង់បាននឹងដោះស្រាយដោយប្រើលុយ ។ ដូចគេនិយាយថា បើមានលុយគឺមានអំណាច តែបើអត់លុយអ្វីៗលើលោកនេះហាក់ងងឹតសូន្យឈឺង ។ សព្វថ្ងៃនេះមានមនុស្សជាច្រើនរាប់លាននាក់កំពុងតែធ្វើការងារសព្វបែបយ៉ាងដើម្បីរកលុយឲ្យបានច្រើន សម្រាប់ធ្វើរឿងអ្វីដែលគេចង់ធ្វើ ហើយត្រូវប្រើលុយដើម្បីឲ្យសម្រេចក្តីប្រាថ្នារបស់គេ ។

ជាក់ស្តែងរាល់ថ្ងៃលើបណ្តាញសង្គមហ្វេសប៊ុកមានការបង្ហោះសារជាច្រើននៅចុងខែម្នាក់ៗត្អូញត្អែរដាច់លុយ ឲ្យតែចុងខែដឹងតែមីហើយ ។ យើងម្នាក់ៗធ្វើការដើម្បីលុយ ចុះបើធ្វើការហើយលុយអត់សល់ ធ្លាប់សួរខ្លួនឯងទេថា តើលុយវាទៅណា? បើបើកមកមួយៗអស់ទៅវិញ តើយើងមានកម្លាំងចិត្តក្នុងការធ្វើការឲ្យគេដែរឬយ៉ាងណា? មិនតិចនាក់នោះទេ មិនសល់លុយហើយ ថែមទាំងជំពាក់លុយគេ​មានបំណុលថែមទៀត ។

គំនិតមួយចំនួនដែលយើងអាចគិតខ្លះៗដើម្បីអាចឲ្យយើងកាត់បន្ថយចំណាយនឹងសល់លុយខ្លះ ។ យើងត្រូវដឹងថាតើចំណូលរបស់យើងក្នុងមួយខែទាំងការធ្វើការឲ្យគេនឹងចំណូលផ្សេងៗទៀតយើងអាចរកបានប៉ុន្មានក្នុងមួយខែៗ ហើយតើចំណាយរបស់យើងក្នុងមួយខែត្រូវចំណាយប៉ុន្មាន? បើយើងដឹងពីរចំណុចនេះច្បាស់នោះយើងអាចនឹងងាយស្រួលក្នុងការចាត់ចែងលុយដែរយើងរកបានមកជៀសវាងចំណាយលើរឿងដែលមិនចាំបាច់ ។

របស់របរប្រើប្រាស់បើចាំបាច់ហើយទិញមកវាអាចជាប្រយោជន៍ធ្វើឲ្យយើងអាចប្រើវារកលុយឲ្យយើងបាន យើងគួរតែទិញ តែបើគិតថាទិញហើយមិនអាចប្រើជាប្រយោជន៍បង្កើនចំណូលឲ្យយើងទេ​ ក៏គួរកុំទិញអី ។​ យើងមិននិយាយអ្វីច្រើននោះទេ យើងលើកយកតែទូរសព័្ទមួយមកនិយាយ អ្នកខ្លះព្រោះតែចង់អួតគេ ទៅបង់រំលួសទូរស័ព្ទយកមកប្រើ ខាតការប្រាក់​ហើយត្រូវចំណាយលុយបង់ឲ្យគេរាល់ខែ ។ តែបើគិតថាបើមានទូរស័ព្ទត្រូវគិតធ្វើយ៉ាងម៉េចប្រើទូរស័ព្ទដើម្បីរកលុយឲ្យយើងវិញ ឩទាហរណ៍ទូរស័ព្ទទិញតម្លៃ ៥០០ ដុល្លារ អញ្ចឹងយើងត្រូវធ្វើយ៉ាងម៉េចរកលុយឲ្យបានលើសពី ៥០០​ ដុល្លារទៅចេញពីទូរស័ព្ទយើងវិញ ។

សំណួរសួរថាតើត្រូវធ្វើយ៉ាងម៉េច? សម័យនេះមិនខ្វះទេវិធីដែលអាចធ្វើឲ្យយើងរកលុយបានគ្រាន់តែយើងពេលខ្លះមិនគិត ឬគិតមិនដល់តែប៉ុណ្ណោះ ។ អ្នកមានស្មាតហ្វូនអាចធ្វើការបង្ហោះផលិតផលអ្វីដែលអ្នកចង់លក់លើបណ្តាញសង្គម ឬក៏អាចរៀនពីវិធីរកលុយតាមអនឡាញ នឹងគេដោយគ្រាន់តែមានស្មាតហ្វូនមួយក៏អាចរកបានដែរ ។ មិនខ្វះទេព័ត៌មានជាច្រើននៅលើយូធូប ទាក់ទងនឹងការរកលុយអនឡាញ ។ ហេតុដូច្នេះសុំចំណាយទៅលើរបស់ដែលចំាបាច់ កុំចំណាយលើរបស់មិនចាំបាច់ច្រើនពេកជៀសវាង បើកប្រាក់ខែមកអស់ សងគេមិនគ្រប់រាល់ខែ យូរៗទៅនឹងអស់ទឹកចិត្តធ្វើការ ហើយអនាគតក៏ទៅតាមនឹងដែរ ។

រូបតំណាង