(ភ្នំពេញ)៖ ប្រិយមិត្តច្បាស់ជាបានស្គាល់ពិធីករនឹងជាអ្នកច្រៀងអាយ៉ៃបានយ៉ាងល្អគឺលោក ដួង សុខគា ដែលមួយរយៈនេះហាក់ឃ្លាតឆ្ងាយពីសិល្បៈបន្តិចហើយ ។ តែទោះបីជាយ៉ាងណាក៏តារាជើងចាស់រូបនេះនៅតែបន្តលេចមុខក្នុងកម្មវិធីកាត់សក់ម្តងម្កាលដែរ ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ដូចដែរយើងបានដឹងហើយថាមានយុវវ័យខ្មែរយើងមួយចំនួនធំបាននឹងកំពុងតែភ្លេចអ្វីដែលជារបស់ខ្លួនហើយបានចាប់យកអ្វីដែលមិនមែនជាអត្តសញ្ញាណរបស់ខ្លួន ។

ជាក់ស្តែងណាស់ក្នុងឳកាសបុណ្យចូលឆ្នាំខ្មែរយើងនេះ លោក ដួង​ សុខគាបានសរសេររៀបរាប់ថា៖ “ចូលឆ្នាំគេពាក់អាវអីអាវទៅ តែបើគេថា អាវផ្កាហ្នឹងថៃគេពាក់ឡើងស្គាល់ថា ជាជាតិរបស់គេទៅហើយ ចុះខ្មែរយើងម្តេចក៏ប្រឹងម៉្លេះ? ពាក់អាវណាដែលគេថាយើងខ្មែរហ្នឹងវាអន់ពេកមែនទេ? ទើបធ្វើខ្លួនឲ្យច្រឡំខាងជាតិគេទៅវិញ? ឬចង់ឲ្យគេមើលងាយថាយើងត្បុលក្រោមក្លៀកគេ? អត់ចេះខ្មាសគេទេអ្ហី?? ពូមោកគ្រាន់តែឆ្ងល់ ហើយក៏សូមទោសអ្នកលក់អាវផ្កា”។ លោកដួង សុខគា ក៏បានបន្ថែមថា៖ “ខ្ញុំស្រលាញ់អាវនេះតិចៗ ទាល់តែគេថាជាកម្មសិទ្ធិតុបតែងកាយរបស់ជាតិគេ ខ្ញុំមិនពាក់ទេ ខ្វះអីអាវពាក់”។

ដូច្នេះសង្ឃឹមថាបងប្អូនខ្មែរយើងជាពិសេសយុវវ័យជំនាន់ក្រោយសូមធ្វើអ្វីដែលជារបស់ខ្លួនឯងឲ្យបានច្រើន អាចឲ្យគេសម្គាល់ថាយើងជានរណាមកពីណា ជាកូនពូជខ្មែរអង្គរមិនត្រូវឲ្យជាតិសាសន៍ដ៏ទៃមកមើលងាយនោះទេ សូមថែរក្សាអត្តសញ្ញាណយើងទាំងអស់គ្នា!

តើប្រិយមិត្តយល់យ៉ាងណាដែរ?