រឿងពិតជាក់ស្តែងរាល់ថ្ងៃមនុស្សយើងភាគច្រើនបើមិននិយាយដើមគេពីនេះពីនោះគឺមិនអស់ចិត្តនោះទេ ហើយរហូតក៏មានមនុស្សមួយចំនួនចូលចិត្តប្រើពេលវេលាយ៉ាងច្រើនវិភាគរឿងរបស់អ្នកដ៏ទៃក៏មានដែរ ។ បើយើងស្តាប់មួយភ្លេតយើងគិតថាពួកគេជាមនុស្សដែលយល់ដឹងច្រើន តែការដឹងទាំងអស់នោះវាខុសរឿង ព្រោះសុទ្ឋតែរឿងអត់ប្រយោជន៍ និយាយដើមគេ ។

ខ្ញុំជឿជាក់ថាអ្នកទាំងអស់គ្នាច្បាស់ជាធ្លាប់បានឃើញខ្លះហើយលទ្ឋផលអ្នកដែលចូលចិត្តវិភាគខុសរឿង យករឿងរបស់គេមកដាក់លើតុហើយនាំគ្នាស៊ីត្រាវពេលគេដឹងមានតែការស្អប់នឹងគុំគួនតែប៉ុណ្ណោះ ។ យោបល់ខ្ញុំគួរឈប់គិតរឿងរបស់អ្នកដ៏ទៃខ្លះទៅគួរងាកមកចាប់អារម្មណ៍នឹងរឿងខ្លួនឯងវិញខ្លះផង ។

មនុស្សមួយចំនួនមុននឹងមើលងាយគេ មុននឹងវិភាគគេជាមនុស្សបែបម៉េចមានឆ្លុះកញ្ចក់មើលខ្លួនឯងហើយឬនៅ? ខ្លួនមានអ្វីសល់ខ្លះហើយ ធ្វើការអី រកស៊ីអី ហើយក្នុងមួយខែរកលុយបានប៉ុន្មាន សម្រាប់ចាយខ្លួនឯង នឹងផ្ញើរឲ្យអ្នកផ្ទះបានប៉ុន្មានក្នុងមួយខែៗ? មនុស្សខ្លះចេញចរិកមកពើងទ្រូងណាស់ ខ្លាចគេថាខ្លួនក្រមែនបានខំប្រឹងអួតសម្ងែងសម្ភារៈនិយមដាក់គេម៉េស? ថាមិនត្រូវដែរ អ្នកខ្លះប្រើរបស់ថ្លៃៗ តែទៅបង់រំលោះគេ យើងមកអួតមនុស្សជុំវិញខ្លួនព្រោះចង់បានពាក្យសរសើរពីមាត់គេ សួរថាតើបានអីមកវិញ?

រស់នៅជាមនុស្សគួររៀនស្គាល់ខ្លួនឯងឲ្យច្បាស់សិនបើមិនបានច្បាស់ទាំងអស់នោះទេក៏គួរតែដឹងថាខ្លួនឯងកំពុងតែឈរនៅត្រង់ចំណុចណា កុំធ្វើអ្វីទៅតាមមនុស្សជុំវិញខ្លួនយើងហើយក៏កុំចូលចិត្តយកខ្លួនឯងទៅប្រៀបធៀបនឹងអ្នកដ៏ទៃពេក ។ យើងឃើញគេជិះឡានស៊េរីថ្លៃ ប្រើរបស់ល្អៗ ក៏មិនប្រាកដថាអ្នកទាំងនោះមានក្តីសុខជាងយើងដែរ ។